ជាតិ
សង្គមជាតិ
សេវាដឹកជញ្ជូនសាធារណៈ បានជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋជាង៣ម៉ឺននាក់ នាពេលភ្ជុំបិណ្ឌ
29, Sep 2022 , 11:59 am        
រូបភាព
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន១៧៥គ្រឿង ដើម្បីដឹកពលរដ្ឋពីភ្នំពេញ ទៅតាមបណ្ដាខេត្តនានាដោយឥតគិតថ្លៃ អំឡុងពេលភ្ជុំបិណ្ឌ។ ពលរដ្ឋចំនួន៣៥ ០០០នាក់ បានប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះ យ៉ាងសប្បាយចិត្ត ដ្បិតវាបានជួយសម្រួលការចំណាយរបស់ពួកគេមួយផ្នែក។



លោក កែវ ចាន់ណារិទ្ធ រដ្ឋបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង- City Bus បានបញ្ជាក់ថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៧ ខែកញ្ញា ពលរដ្ឋចំនួន៣៥០០០នាក់ បានមកជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅតាមបណ្ដាខេត្តនានា។ 
 
លោក កែវ ចាន់ណារិទ្ធ បញ្ជាក់ដូច្នេះ៖«រយៈពេល៥ថ្ងៃហ្នឹង យើងផ្ដល់ការធ្វើដំណើរដល់ពួកគាត់ទាំងទៅទាំងមក។ ពេលទៅដល់អ៊ីចឹងទៅ យើងក៏ចាំដឹកអ្នកត្រឡប់មកវិញដែរ។ អ៊ីចឹងជាង៣ម៉ឺននាក់ហ្នឹង យើងគិតទាំងទៅទាំងមក រយៈពេល៥ថ្ងៃ»។ លោក បន្តថា ពលរដ្ឋសប្បាយចិត្ត ដ្បិតវាបានជួយសម្រួលការចំណាយរបស់ពួកគេមួយផ្នែក នាអំឡុងពេលភ្ជុំបិណ្ឌនេះ។
 
កញ្ញា ហេង ម៉ាលីន ជានិស្សិតឆ្នាំទី៣ បានធ្វើដំណើរទៅស្រុកកំណើតនៅខេត្តកំពង់ចាម ជាមួយប្អូនប្រុស ដោយជិះរថយន្តក្រុង។ នេះជាលើកទី១របស់ ម៉ាលីន ដ្បិតកន្លងមកនាងធ្លាប់តែជិះរថយន្តឈ្នួល ឬរថយន្តក្រុងរបស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះ។ 
 
«ខ្ញុំអត់ដែលជិះទេ នេះឆ្នាំដំបូង។ ប៉ុន្តែស្រួលជិះ អត់ប្រជ្រៀតគ្នាអីទេ កៅអីមួយម្នាក់ ហើយណាអត់អស់លុយទិញសំបុត្រឡានទៀត។ រាល់ឆ្នាំត្រូវធ្វើដំណើរម្ដងត្រូវចំណាយយ៉ាងហោចក៏ជាង១០ម៉ឺនដែរ ទាំងទៅទាំងមក២នាក់ប្អូន»។ នេះជាការលើកឡើងរបស់កញ្ញា ហេង ម៉ាលីន ដោយបន្តថា បើបុណ្យទានវិញត្រូវចំណាយច្រើន ហើយពេលខ្លះកញ្ញាអត់ឡានជិះទៀត។ ម៉ាលីន នឹងជិះរថយន្តក្រុងសាធារណៈទៀត បើសិនជារដ្ឋបញ្ចេញឡានឱ្យជិះឥតគិតថ្លៃដូច្នេះ។
 
ចំណែកឯ កញ្ញា ប៊ូ សៀវម៉ាន់ ជាបុគ្គលិកក្រុមហ៊ុនឯកជន ក៏បានធ្វើដំណើរទៅស្រុកកំណើតនៅខេត្តកែប ដោយរថយន្តក្រុងសាធារណៈ នាពេលភ្ជុំបិណ្ឌនេះដែរ។ នេះជាលើកទី២របស់ សៀវម៉ាន់ ដែលជិះរថយន្តក្រុងដោយឥតគិតថ្លៃ ព្រោះវាផ្ដល់ភាពងាយស្រួលដល់នាង ទាំងកន្លែងអង្គុយ បរិយាកាស សុវត្ថិភាព ជាពិសេសមិនចំណាយថវិកាថែមទៀតផង។
 
សៀវម៉ាន់ រៀបរាប់ដូច្នេះ៖«កាលជិះដំបូង ៣ឆ្នាំមុនគ្រាន់ចង់សាកទេ តែឆ្នាំនេះជិះទៀតហើយព្រោះស្រួល អត់ចាំបាច់ត្រូវប្រជ្រៀតគ្នាដូចឡានឈ្នួល ត្រជាក់ស្រួល ហើយទូលាយ អត់ពុលឡាន។ សំខាន់អត់អស់លុយហើយស្រួលខ្លួនទៀត»។ 
 
យុវតីរូបនេះ បញ្ជាក់ទៀតថា ពេលរដ្ឋផ្ដល់ការធ្វើដំណើរដោយឥតគិតថ្លៃដូច្នេះ វាជួយសម្រួលការចំណាយរបស់ពលរដ្ឋច្រើន ពិសេសពេលមានកម្មវិធី បុណ្យទានម្ដងៗ ទាំងរថយន្តក្រុង តាក់ស៊ី រថយន្តឈ្មួល តែងដំឡើងថ្លៃខ្លាំងចន្លោះពី៣០ទៅ៥០ភាគរយឯណោះ៕
 
 
 

Tag:
 រថយន្តក្រុង
 សេវាដឹកជញ្ជូនសាធារណៈ
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com