កីឡាអន្តរជាតិ
អន្តរជាតិ
AFC Futsal ជុំទី២៖ ថៃ តទល់ម្ចាស់ផ្ទះកូវ៉ែត, អូម៉ង់ ប៉ះអ៊ីរ៉ាក់ ឯតាហ្ស៊ីគីស្ថានជួបអ៊ូសបេគីស្ថាន
29, Sep 2022 , 1:59 pm        
រូបភាព
ជំនួបរវាងកីឡាករជម្រើសជាតិថៃ(ស្វាយ) ទល់នឹងអ៊ីរ៉ាក់(ស) នាប្រកួតជុំទី១។ រូបពី AFC
ជំនួបរវាងកីឡាករជម្រើសជាតិថៃ(ស្វាយ) ទល់នឹងអ៊ីរ៉ាក់(ស) នាប្រកួតជុំទី១។ រូបពី AFC
ដោយ:
ថៃ ត្រៀមខ្លួនប្រជែងពិន្ទុជាមួយម្ចាស់ផ្ទះកូវ៉ែត ស្របពេលតួកម៉េនីស្ថាន នឹងតទល់ បារ៉ែន ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូលនៃពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup2022 នាទីលានបាល់ទាត់ក្នុងសាល Saad Al Abdullah Hall នៅថ្ងៃទី២៩ ខែកញ្ញា។ ក្រៅពីនេះ អូម៉ង់ ប៉ះអ៊ីរ៉ាក់ ខណៈតាហ្ស៊ីគីស្ថាន ត្រូវតតាំង អ៊ូសបេគីស្ថាន។ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង៣រសៀលតទៅ។



អូម៉ង់ ក្រោយបរាជ័យដ៏ធ្ងន់ធ្ងូរនាជុំទី១ ភ្លាត់ចាញ់ម្ចាស់ផ្ទះកូវ៉ែត ៧-២ ថ្ងៃនេះគេនឹងត្រូវស្វះស្វែងក្នុងការរកជ័យជម្នះក្នុងជុំទី២នេះ ចំណែក អ៊ីរ៉ាក់ វិញក៏ធ្វើមិនបានល្អដូចគ្នាដោយចាញ់ ថៃ ៣-២។ សម្រាប់ក្រុមទាំងពីរពុំដែលមានប្រវត្តិជួបគ្នាឡើយ។ ក្នុងពេលជាមួយគ្នា តាហ្ស៊ីគីស្ថាន ក៏នឹងត្រូវសងសឹក អ៊ូសបេគីស្ថាន ក្រោយបរាជ័យ ៤-២ កាលពីឆ្នាំ២០១៨។ ប្រកួតចុងក្រោយ តាហ្ស៊ីគីស្ថាន ឈ្នះបារ៉ែន ៤-៣ រីឯ អូសបេគីស្ថាន លត់ តួកម៉េនិស្ថាន ៨-០។
 
ឈានដល់ម៉ោង៧ល្ងាច ក្រុមថៃ ត្រៀមធ្វើការធ្ងន់បន្ទាប់ពីយកឈ្នះ អ៊ីរ៉ាក់ ៣-២ ក្នុងជុំទី១ ខណៈកូវ៉ែតជោគជ័យដូចគ្នាបន្ទាប់ពីបំបាក់ អូម៉ង់ ៧-២។ នេះជាជំនួបរបស់ក្រុមទាំងពីរក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្នុងសាល។ នៅម៉ោងជាមួយគ្នានោះដែរតួកម៉េនីស្ថាន នឹងស្តារមុខមាត់ឡើងវិញក្រោយចាញ់ អ៊ូសបេគីស្ថាន ៨-០ ខណៈបារ៉ែន ក៏ដូចគ្នាភ្លាត់បាត់៣ពិន្ទុបន្ទាប់ពីចាញ់ តាហ្ស៊ីគីស្ថាន ៤-៣។
 
គួរបញ្ជាក់ថា សម្រាប់ពូល A កូវ៉ែត ឈរលេខ១ មាន៣ពិន្ទុស្មើ ថៃ តាមពីក្រោយដោយអ៊ីរ៉ាក់ និងអូម៉ង់ ដែលពុំមានពិន្ទុ ចំណែកពូល B អ៊ូសបេគីស្ថាន ឈរលេខ១ និងតាហ្ស៊ីគីស្ថាន លេខ២ មាន៣ពិន្ទុដូចគ្នា តាមពីក្រោយដោយ បារ៉ែន និងតួកម៉េនីស្ថាន៕
 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com