សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កំណើនសេដ្ឋកិច្ចវៀតណាមកើនខ្ពស់១៣,៦៧ភាគរយ ក្នុងត្រីមាសទី៣
29, Sep 2022 , 7:29 pm        
រូបភាព
សាលាក្រុងហូជីមិញ ។ រូបពី nofixedaddress ។
សាលាក្រុងហូជីមិញ ។ រូបពី nofixedaddress ។
កំណើនសេដ្ឋកិច្ចវៀតណាមបានកើនដល់១៣,៦៧ភាគរយ នៅក្នុងត្រីមាសទី៣នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។



ចាប់ពីខែកក្កដា ដល់ខែកញ្ញា សេដ្ឋកិច្ចវៀតណាមដែលត្រូវបានវាស់វែងដោយផលិតផលក្នុងស្រុកសរុប(GDP) បានកើនឡើង ១៣,៦៧ភាគរយ បើធៀបនិងគ្រាដូចគ្នានៅឆ្នាំ ២០២១ មានត្រឹមតែ៦,០២ភាគរយ។ នេះបើតាមតួលេខរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាម។ 
 
កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើងខ្ពស់ ដោយសារសន្ទុះនៃការនាំចេញទំនិញទៅកាន់អាម៉េរិក ក្នុងអំឡុងខែមករា ដល់ខែកញ្ញា បានកើនឡើង២៥,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ សន្ទុះនៃតម្រូវការក្នុងស្រុកក៏មានការកើនឡើងផងដែរ។ តួយ៉ាងក្នុងខែសីហា ការលក់រាយ រួមទាំងសេវាកម្មបានកើនឡើង ៥០ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាម Nikkei Asia នាថ្ងៃទី ២៩ កញ្ញា ។ 
 
« សេដ្ឋកិច្ចវៀតណាមដែលពឹងផ្អែកលើការនាំចេញ កំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក» ។លោក Yusuke Koshiyama សេដ្ឋវិទូប្រចាំក្រុមហ៊ុន Mizuho Research and Technologies បញ្ជាក់បែបនេះ។
 
វៀតណាមបានបន្ធូរបន្ថយការរឹតបន្តឹងការចេញចូលសម្រាប់ជនបរទេសហើយបច្ចុប្បន្ន ប្រទេសមួយនេះត្រូវបានរំពឹងថានឹងមានចំនួនភ្ញៀវមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនកើនឡើង។ វិស័យទេសចរណ៍បានចូលរួមចំណែកប្រមាណ១០ភាគរយនៃផលិតផលក្នុងស្រុកសរុប ។
 
ឥទ្ធិពលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមយ៉ាងខ្លាំងខ្លានោះទេ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI ) បានកើនឡើង ២,៨៩ភាគរយ នៅក្នុងខែសីហាធៀបនឹងឆ្នាំមុន ចំណែកឯអតិផរណាវិញកើនឡើង ឬថយចុះ អាស្រ័យលើការត្រួតពិនិត្យតម្លៃប្រេងសាំង និងការកាត់បន្ថយពន្ធ។ ប៉ុន្តែប្រសិនបើតម្លៃស្បៀងអាហារ និងធនធានកើនឡើង អតិផរណានឹងទាញទម្លាក់កំណើនសម្រាប់ប្រទេសមួយនេះ។
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីដើមខែកញ្ញា បានបង្កើនការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ ដល់៧ភាគរយ ដែលកើន ១ភាគរយធៀបនឹងការព្យាករកាលពីពេលបីខែមុន៕​
 

Tag:
 វៀតណាម កំណើនសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com