កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមយក្សតំបន់អឺរ៉ុបភាគច្រើនធ្លាក់ជើងមុន World Cup ជាឱកាសសម្រាប់ក្រុមនៅឡាទីន?
29, Sep 2022 , 4:40 pm        
រូបភាព
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា។ ទម្រង់លេងដ៏អាក្រក់របស់ក្រុមខ្លាំងៗតំបន់អឺរ៉ុបបង្ហាញថាការប្រកួត World Cup លើកនេះអាចនឹងមានការផ្លាស់ប្តូរ។ ផ្លាស់ប្តួរ មានន័យថាក្រុមពីទ្វីបផ្សេងពិសេសអាម៉េរិកឡាទីនអាចនឹងបន្តធ្វើព្យុះភ្លៀងនៅកាតា។

 
ពាន ​World Cup បានធ្លាក់ទៅក្នុងដៃក្រុមដែលមកពីតំបន់អឺរ៉ុបជារឿយៗចាប់តាំងពីប្រេស៊ីលលើកពាននេះចុងក្រោយដែលធ្វើឡើងនៅកូរ៉េខាងត្បូង-ជប៉ុន ឆ្នាំ ២០០២ មក។ យ៉ាងហោចណាស់ក្រុមអឺរ៉ុបចំនួន១៣ ក្នុងចំណោម ១៦ក្រុម ដែលមានវត្តមាននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup ៤លើកចុងក្រោយនេះ ហើយក្រុមអ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំងគឺជាក្រុមស្ថិតនៅលំដាប់កំពូលកន្លងមក។


 
ទោះយ៉ាងណាសម្រាប់ World Cup នៅកាតាចុងឆ្នាំនេះ មិនមានវត្តមានអ៊ីតាលីក្រុមម្ចាស់ជើងឯកឆ្នាំ២០០៦ និងអឺរ៉ុប ​Euro 2020 នោះទេ ដោយសារពួកគេធ្លាក់នៅវគ្គជម្រុះដណ្តើមកៅអីលើកចុងក្រោយ។ អ៊ីតាលីបាត់មុខ ស្របពេលក្រុមខ្លាំងដូចជាអង់គ្លេស បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ហាក់មានបញ្ហាទម្រង់លេងមិនល្អថែមទៀតមុនពេល World Cup មកដល់។
 
ចំពោះអង់គ្លេសវិញ ឆ្លងកាត់ ៦ប្រកួតនៃជំនួប UEFA Nations League ស្ថិតនៅលីគ A ក្រុមទី៣ ពួកគេរកបានត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ ដោយក្នុងនោះស្មើ៣ និងចាញ់៣លើក ហើយក៏ជាការប្រកួតដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមករបស់អង់គ្លេស។ ក្រោយការប្រកួត Nations League ទល់អាល្លឺម៉ង់បានបញ្ចប់លទ្ធផលស្មើ ៣-៣ អង់គ្លេសធ្លាក់ទៅលេងនៅលីគលំដាប់ទីពីរនៃ Nations League លើកដំបូង។
 
ក្រុមការពារតំណែងជើងឯក World Cup បារាំងគេចផុតពីជោគវាសនាដូចអង់គ្លេស ដោយបារាំងស្ថិតនៅចំណាត់លេខ៣ ក្នុងក្រុមពូលទី១ ដោយឆ្លងកាត់៦ ប្រកួតរកបានជ័យជម្នះត្រឹម ១លើក ស្មើ២ និងចាញ់៣ មាន៥ពិន្ទុ លើក្រុមអូទ្រីសមាន ៤ពិន្ទុនៅបាតតារាងត្រូវកាត់ទៅលីគទីពីរដូចអង់គ្លេសដែរ។ បារាំងមិនធ្លាក់ទៅលីគ B ដូចអង់គ្លេសតែបញ្ហាធំពេលនេះ បារាំងកំពុងតែអវត្តមានកីឡាករសំខាន់ជាបន្តបន្ទាប់ក៏ព្រោះតែកីឡាករទាំងនោះមានបញ្ហារបួសខណៈពេលលេងឱ្យក្លិបរបស់គេរៀងៗខ្លួន។

ក្រុមអេស្ប៉ាញ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតក្រោយឈ្នះព័រទុយហ្គាល់ ១-០ តែពេលប៉ះស្វីសអេស្ប៉ាញរងបរាជ័យលទ្ធផល ២-១ ក្នុងផ្ទះខ្លួនឯងកាលសប្តាហ៍មុន។ អេស្ប៉ាញបច្ចុប្បន្នក៏មិនមានភាពលេចធ្លោរខ្លាំងប៉ុន្មានឡើយសម្រាប់ការប្រកួតអន្តរជាតិរបស់ពួកគេផ្ទាល់។


 
បន្ថែមលើភាពមិនប្រាកដប្រជា នឹងភាពមមាញឹកនៃពេលវេលាប្រកួតដែល World Cup ត្រូវធ្វើឡើងចំពេលពាក់កណ្តាលរដូវកាលសម្រាប់ក្រុមនៅតំបន់អឺរ៉ុប ភាគច្រើនក្រុមស្ថិតនៅតំបន់អឺរ៉ុបពេលនេះគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់ទៀងទាត់ ឬសូម្បីការប្រកួតមិត្តភាពត្រៀម ​World Cup ។ ចាប់ពីពេលនេះទៅរហូតដល់ថ្ងៃសម្រាកត្រៀម World Cup ពោលនៅថ្ងៃទី១៣ ខែវិច្ឆិកា មានរយៈពេលត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះមុនការប្រកួតចាប់ផ្តើម។ រីឯកីឡាករស្ថិតនៅក្រុមតាមលីគខ្លាំងៗតំបន់អឺរ៉ុបអាចត្រូវបន្តលេងការប្រកួត ១ប្រកួតបន្ថែមឱ្យក្រុមរបស់គេក្នុងចន្លោះសប្តាហ៍នោះ។
 
លើសពីនេះ បញ្ញាធំចម្បងមួយថែមទៀតនោះគឺក្រុមមកពីតំបន់អឺរ៉ុបក្រោយបញ្ចប់ការប្រកួត ​UEFA Nations League​ កំពុងជួបបញ្ហារបួសរបស់កីឡាករ និងការអស់កម្លាំងធ្ងន់ធ្ងរមុនការប្រកួត World Cup។ នៅ Nations League  អង់គ្លេស ស្ថិតក្នុងពូលតែមួយ ជាមួយអាល្លឺម៉ង់ និង អ៊ីតាលី ខណៈអេស្ប៉ាញ និងព័រទុយហ្គាល់ ស្ថិតក្នុងពូលជាមួយគ្នា ដែលសុទ្ធសឹងតែឆ្លងកាត់ការប្រកួតដ៏តានតឹងរៀងៗខ្លួន។


 
ខណៈដែលក្រុមខ្លាំងតំបន់អឺរ៉ុបកំពុងតែបន្តជួបបញ្ហាទម្រង់លេង ហើយត្រូវការពេលវេលាបន្ថែមដើម្បីពង្រឹងសមត្ថភាព ក្រុមកំពុងតែលេចធ្លោរហើយកំពុងតែបង្ហាញភាពអស្ចារ្យសម្រាប់ការប្រកួត World Cup 2022 ប្រទេសកាតានោះគឺប្រេស៊ីល និង អាហ្សង់ទីន។
 
ទាំងប្រេស៊ីល និងអាហ្សង់ទីន មុនពេលធ្វើដំណើរទៅកាន់ប្រទេសកាតា សុទ្ធទទួលបានជ័យជម្នះជាបន្តបន្ទាប់ ក្នុងនោះប្រេស៊ីល ១៥ប្រកួតចុងក្រោយមិនទាន់ស្គាល់បរាជ័យឡើយ ចំណែកឯអាហ្សង់ទីនមកដល់ពេលនេះ មានតំណត់ត្រា ៣៥ប្រកួតមិនទាន់ស្គាល់បរាជ័យម្តងឡើយ។ ដោយឡែក អាហ្សង់ទីន ក្រោយគ្រងជើងឯក Copa America រួច ពួកគេត្រូវបានកោះហៅឱ្យចូលរួមប្រកួតដណ្តើមពានរវាងក្រុមជើងឯកទ្វីបអាម៉េរិកខាងត្បូង ទល់អ៊ីតាលីជើងឯកទ្វីបអឺរ៉ុប នៃពានរង្វាន់ដែលមានឈ្មោះ Finalissima ហើយពេលនោះអាហ្សង់ទីនបំបាក់អ៊ីតាលីក្នុងលទ្ធផលយ៉ាងងាយស្រួល ៣-០ ថែមទៀត។

ពេលដែលក្រុមតំបន់អឺរ៉ុបមានការប្រកួតពានរង្វាន់ក្នុងតំបន់ ប៉ុន្តែក្រុមឡាទីនមានពេលវេលាហ្វឹកហាត់ត្រៀមខ្លួនគ្រប់គ្រាន ក៏ដូចជាការប្រកួតមិត្តភាពដកស្រងបច្ចេកទេសជាមួយក្រុមដែលនឹងមានវត្តមាននៅ ​World Cup។ តើនេះជាឱកាសល្អសម្រាប់ក្រុមមកពីតំបន់ឡាទីនឬយ៉ាងណា ក្នុងការប្រជែងនាំយកពាន World Cup ទៅកាន់ទ្វីបអាម៉េរិកសាជាថ្មី?
 
 
 
 
 
 
 
 
 

Tag:
 World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com