ជាតិ
សេដ្ឋកិច្ច
គម្រោងសង់កំណត់ផ្លូវជាតិ៤៨ ចំណាយថវិកាជាង ៦៥លានដុល្លារ
29, Sep 2022 , 8:59 pm        
រូបភាព
កំណត់ផ្លូវជាតិលេខ៤៨ ដែលត្រូវសាងសង់លើកម្ពស់កម្រិតគុណភាព។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
កំណត់ផ្លូវជាតិលេខ៤៨ ដែលត្រូវសាងសង់លើកម្ពស់កម្រិតគុណភាព។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
ភ្នំពេញ៖ គម្រោងសាងសង់កំណត់ផ្លូវជាតិ៤៨ ចំណាយថវិកាអស់ជាង ៦៥លានដុល្លារ។ ផ្លូវនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកស្រែអំបិលទៅកាន់ទីរួមខេត្តកោះកុង គឺសម្រេចបានជាង ១០ភាគរយហើយ គិតចាប់ពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២មក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។



លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង,លោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ(EDCF) និងក្រុមការងារជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យការអនុវត្តគម្រោង ដើម្បីរៀបចំផែនការសកម្មភាព និងទិសដៅការងារ សំដៅពន្លឿនការសាងសង់នៅក្នុងរដូវប្រាំងខាងមុខ ឱ្យសម្រេចបានតាមផែនការគម្រោង។ ជាពិសេស ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។


លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង ដឹកនាំក្រុមការចុះត្រួតពិនិត្យផ្លូវ៤៨។  រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
 
បើតាមក្រសួងសាធារណការ កំណត់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ គិតចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 
 
សូមជម្រាបថា គម្រោងនៃការសាងសង់នេះ មានរយៈពេល ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ដែលគ្រោងចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ៕
 
 

Tag:
 ផ្លូវជាតិ៤៨
© រក្សាសិទ្ធិដោយ thmeythmey.com