អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ខួប៥០ឆ្នាំនៃចំណងការទូត៖ មេដឹកនាំចិននិងជប៉ុន ឯកភាពគ្នាថា ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីពិតជាសំខាន់
29, Sep 2022 , 9:29 pm        
រូបភាព
  នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបថត Kyodo
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបថត Kyodo
ដោយ:
ប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៨ ខែកញ្ញា បានផ្ញើសារអបអរទៅវិញទៅមកក្នុងខួប៥០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។ មេដឹកនាំទាំង២ អះអាងថា​ វាពិតជាសំខាន់ក្នុងការដឹកនាំទំនាក់ទំនងទ្វេភាគីក្នុងទិសដៅមួយប្រកបដោយភាពវិជ្ជមាន។

 
កន្លះសតវត្សរ៍មកនេះ ទំនាក់ទំនងចិន និងជប៉ុន មានលក្ខណៈស្មុគស្មាញឡើងចុះដោយសារកត្តាជាច្រើនរួមមានប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងជម្លោះកម្មសិទ្ធិប្រជុំកោះនៅសមុទ្រចិនខាងកើតជាដើម។ 
 
ក្នុងគម្រប់ខួប ៥០ ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងជប៉ុន និងចិននៅថ្ងៃទី២៨ ខែកញ្ញា មេដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរសារទៅវិញទៅមក។ ក្នុងសារទៅកាន់ប្រធានាធិបតីចិន នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា​ លើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរប្រឈមនឹងបញ្ហាជាច្រើន ហើយអមជាមួយក្តីសង្ឃឹមដើម្បីត្រួសត្រាយផ្លូវសម្រាប់អនាគតថ្មី។ 
 
«ជប៉ុន និងចិនមានការទទួលខុសត្រូវដ៏ធំរួមគ្នាក្នុងការសម្រេចសន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។ សារលោក គីស៊ីដា ផ្ញើទៅលោក ស៊ី សរសេរបែបនេះ។ លោក គីស៊ីដា បន្ថែមថា ក្នុង៥០ឆ្នាំខាងមុខ ជប៉ុនសង្ឃឹមធ្វើការជាមួយចិនក្នុងការកសាងទំនាក់ទំនងមួយប្រកបដោយស្ថាបនា និងស្ថិរភាពដើម្បីសម្រេចគោលបំណងនេះ។
 
ចំណែក លោក ស៊ី វិញក៏បានប្រាប់ទៅមេដឹកនាំជប៉ុនពីតម្រូវការអភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុនដែរ ហើយថែមទាំងបញ្ជាក់ថា ក្រុងប៉េកាំងនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុងតូក្យូគ្រប់វិស័យដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅយុគសម័យថ្មីទៀតផង។
 
ក្រៅពីសារដោះដូរគ្នានេះ លោក គីស៊ីដា ថ្លែងអំឡុងពិធីប្រារព្ធខួបនៅទីក្រុងតូក្យូថា វាជាពេលដែលភាគីទាំងពីរត្រូវរំឭកមូលហេតុនៅពីក្រោយស្តារទំនាក់ទំនងការទូតឡើងវិញកាលពីកន្លះសតវត្សរ៍មុនហើយ ពីព្រោះគ្មានផ្លូវផ្សេងដើម្បីរក្សា និងកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងសន្តិភាពជាច្រើនឆ្នាំខាងមុខនោះទេ។ 
 
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២លើពិភពលោក និងជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣ប្រឈមនឹងភាពរកាំរកូសជាច្រើនទសវត្សរ៍មកហើយជុំវិញបញ្ហាមួយចំនួនដូចជា ជម្លោះកោះ ឥទ្ធិពលក្នុងតំបន់ និងកេរ្តិ៍ដំណែលនៃការកាប់កាប់របស់ជប៉ុននៅចិនអំឡុងសម័យសង្រ្គាមជាដើម។ កាលពីខែសីហា ភាពតានតឹងក៏កើនឡើងនៅពេលក្រុងប៉េកាំងបាញ់មីស៊ីលចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនផងដែរ។ ប៉ុន្តែ បើទោះទំនាក់ទំនងការទូតមិនសូវប្រកបក្តី បច្ចុប្បន្នចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុន៕
 
 
 
 
 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com