សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ADB គ្រោងផ្តល់ថវិកា ១៤ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារនៅអាស៊ី និងប៉ាស៊ីហ្វិក
29, Sep 2022 , 9:59 pm        
រូបភាព
រូបពី ADB ។
រូបពី ADB ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថានឹងផ្តល់យ៉ាងហោចណាស់ ១៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២-២០២៥ ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារកាន់តែអាក្រក់នៅអាស៊ី និងប៉ាស៊ីហ្វិក។ កញ្ចប់ថវិកានេះ មានគោលដៅកែលម្អក្នុងរយៈពេលវែង លើសន្តិសុខស្បៀង តាមរយៈការពង្រឹងប្រព័ន្ធស្បៀង ដើម្បីប្រឆាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះ​នៅក្ក្នុងតំបន់ទាំងនេះ។



មូលនិធិរបស់ ADB នាពេលនេះបានដើតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកការគាំទ្រទៅតាមគម្រោងនានា ដែលមានស្រាប់ និងគម្រោងថ្មីៗនៅក្នុងវិស័យមួយចំនួនរួមមាន ផលិតកម្មកសិកម្ម ការចែកចាយស្បៀង ការការពារសង្គម ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹក  ស្របពេលដែលមនុស្សជិត ១,១ពាន់លាននាក់បានខ្វះរបបអាហារ ដោយសារភាពក្រីក្រ និងតម្លៃស្បៀងកើនឡើងខ្ពស់នៅក្នុងតំបន់មួយនេះ។
 
លោក Masatsugu Asakawa នាយកគ្រប់គ្រង ADB បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៥ ពីទីក្រុងម៉ានីល នាថ្ងៃទី ២៧ កញ្ញា កញ្ចប់ថវិកានេះ គឺជាការឆ្លើយតបទាន់ពេលវេលា និងចាំបាច់ជាបន្ទាន់ ចំពោះវិបត្តិដែលកំពុងធ្វើឱ្យគ្រួសារក្រីក្រជាច្រើននៅអាស៊ី ដែលស្រេកឃ្លាន និងស្ថិតក្នុងភាពក្រីក្រកាន់តែជ្រៅទៅៗ។ 
 
លោក Masatsugu Asakawa បានបន្តថា ​​៖ «យើងត្រូវតែធ្វើសកម្មភាពនាពេលនេះ មុនពេលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ និងបំផ្លាញការទទួលបានការអភិវឌ្ឍន៍ដ៏លំបាករបស់តំបន់។ ជំនួយរបស់យើងនឹងត្រូវបានកំណត់គោលដៅ ធ្វើសមាហរណកម្ម ដើម្បីជួយជនងាយរងគ្រោះ ជាពិសេសស្ត្រីដែលងាយរងគ្រោះក្នុងរយៈពេលដ៏ខ្លី ខណៈពេលដែលការពង្រឹងប្រព័ន្ធអាហារ គឺដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃហានិភ័យសន្តិសុខស្បៀងដែលកំពុងកើតមាន និងនាពេលអនាគត»។ 
 
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្អាក់ការផ្គត់ផ្គង់អាហារ និងជី ដោយរួមបញ្ចូលទាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការប៉ះទង្គិចលើការផ្គត់ផ្គង់ និងការអនុវត្តកសិកម្មដែលគ្មាននិរន្តរភាព ដែលទាំងអស់នេះបានធ្វើឱ្យប្រព័ន្ធស្បៀងអាហារពិភពលោកថមថយ។ 
 
អាស៊ី និងប៉ាស៊ីហ្វិក គឺជាតំបន់ដែលងាយរងគ្រោះពីវិបត្តិស្បៀងអាហារ ដោយសារប្រទេសមួយចំនួនពឹងផ្អែកលើការនាំចូលស្បៀង និងជី សូម្បីតែមុនពេលកើតមានសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ។ ចំណែកអាហារដែលមានជីវជាតិគ្រប់គ្រាន់ គឺមិនអាចទិញបាន សម្រាប់ប្រជាជនមួយចំនួន នៅតាមបណ្តាប្រទេសសមាជិក ដែលមានប្រាក់ចំណូលទាប។ នេះបើតាម ADB។
ជំនួយសន្តិសុខស្បៀងរបស់ ADB នឹងជំរុញពាណិជ្ជកម្មបើកចំហ កែលម្អផលិតកម្មកសិកម្ម និងជីវភាពរស់នៅរបស់កសិករខ្នាតតូច បន្ធូរបន្ថយកង្វះជី និងលើកកម្ពស់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព លើ ផលិតកម្មអាហារ ការចែកចាយ និងលើកកម្ពស់អាហារូបត្ថម្ភ ។ 
 
ជំនួយជិត ១៤ពាន់លានដុល្លារនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៥  ដែលក្នុងនោះថវិកា ៥ពាន់លានដុល្លារជាការចូលរួមចំណែកផ្តល់ហិរញ្ញប្បទានពីវិស័យឯកជនសម្រាប់សន្តិសុខស្បៀង។
 
​ចាប់តាំងពីឆ្លងកាត់វិបត្តិស្បៀងអាហារពិភពលោកក្នុងឆ្នាំ ២០០៧-២០០៨ តាម​រយៈ​ការ​អនុវត្ត​ផែនការ​ប្រតិបត្តិការ​សន្តិសុខ​ស្បៀង​របស់​ខ្លួន​ជាបន្តបន្ទាប់ ADB បានផ្តល់ប្រាក់ចំនួន ២ពាន់លានដុល្លារប្រចាំឆ្នាំលើសន្តិសុខស្បៀងក្នុងតំបន់៕ 
 

Tag:
 ADB វិបត្តិស្បៀងអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com