អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការមីយ៉ាន់ម៉ាកាត់ទោសលោកស្រី ស៊ូជី ឱ្យជាប់ពន្ធនាគារ៣ឆ្នាំទៀត
29, Sep 2022 , 5:59 pm        
រូបភាព
តុលាការមីយ៉ាន់ម៉ា នៅថ្ងៃទី ២៩ ខែកញ្ញា បានកាត់ទោសអតីតមេដឹកនាំស៊ីវិលលោកស្រី អ៊ឹងស៊ាន ស៊ូជី និងអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី លោក Sean Turnell ជាជនជាតិអូស្រ្តាលីឱ្យជាប់ពន្ធនាគារ៣ឆ្នាំបទរំលោភបំពានច្បាប់សម្ងាត់រដ្ឋ។



បើយោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់សម្ដីមន្ត្រីមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ៣ ឆ្នាំបន្ថែមទៀត ក្រោយតុលាការមីយ៉ាន់ម៉ារកឃើញថាលោកស្រីបានបំពានច្បាប់សម្ងាត់រដ្ឋ។ ​លើសពីនេះ មន្រ្តីដដែលក៏បានបញ្ជាក់ថា ព័ត៌មានលើការកាត់ទោសនេះជារឿងសម្ងាត់ដោយមិនអនុញ្ញាតឱ្យផ្សព្វផ្សាយឡើយ។ 
 
កន្លងមកទាំងលោកស្រី អ៊ុងស៊ាន ស៊ូជី និងលោក Sean Turnell បានប្រកាន់ជំហរថា ខ្លួនមិនបានបំពានច្បាប់ដូចដែលបានចោទប្រកាន់ឡើយ ខណៈការបំពានច្បាប់សម្ងាត់រដ្ឋនេះអាចធ្វើឱ្យអ្នកទាំង២ជាប់ពន្ធនាគារអតិបរិមា១៤ឆ្នាំ។ 
 
ក្រៅតែពីបទបំពានច្បាប់សម្ងាត់រដ្ឋ លោក Turnell ក៏​ត្រូវតុលាការយោធាចោទ​ប្រកាន់​ពី​បទ​រំលោភ​លើច្បាប់​អន្តោប្រវេសន៍ដែលលោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ប្រាំ​ឆ្នាំ។
គួរបញ្ជាក់ថា លោកស្រី ស៊ូជី និងលោក Turnell រួមទាំងសមាជិកមួយចំនួនទៀតនៃក្រុមសេដ្ឋកិច្ចរបស់លោកស្រី ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់រួមទមានអ្នកនយោបាយ សមាជិកសភាសិស្ស និងអ្នកកាសែតដែលត្រូវបានយោធាចាប់ខ្លួន តាំងពីរដ្ឋប្រហារកាលពីដើមឆ្នាំមុន។ 
 
មកទល់ពេលនេះ អតីតមេដឹកនាំស៊ីវិលមីយ៉ាន់ម៉ារូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងតិច ២៣ឆ្នាំរួចហើយលើករណីផ្សេងៗ ដែលភាគច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើពុករលួយ។ 
 
ជាមួយនឹងរលកនៃការរិះគន់ របបយោធាមីយ៉ាន់ម៉ា តែងបានអះអាងថា តុលាការ​មី​យ៉ាន់​ម៉ា​មាន​ឯករាជ្យភាព ហើយ​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​កំពុង​ទទួល​បានកាត់ទោសយ៉ាងត្រឹមត្រូវ​។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ក្នុងសេចក្តីថ្លែងការណ៍មួយបានទាមទារឱ្យមានការដោះលែងលោក Turnell ជាបន្ទាន់និងច្រានចោលការចោទប្រកាន់ប្រឆាំងនឹងលោក។ បើតាមលោកស្រី Wong មន្ត្រីកុងស៊ុលអូស្ត្រាលីដែលមានភារកិច្ចជួយលោក Turnell ក៏ត្រូវបានបដិសេធមិនចូលតុលាការមើលការកាត់ក្តីផងដែរ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com