កីឡាអន្តរជាតិ
អន្តរជាតិ
មន្រ្តី Barca ថា Messi អាចវិលត្រលប់ទៅ ​Barcelona វិញបាន
29, Sep 2022 , 10:29 pm        
រូបភាព
លោក ​Eduard Romeu អនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ក្រុម ​Barcelona ថ្ងៃទី២៨ ខែកញ្ញា អះអាងថាក្ លិបស្ថិតនៅតំបន់ Catalonia មួយនេះ មានលទ្ធភាពអាចនឹងយកខ្សែប្រយុទ្ធឆ្នើម Lionel Messi មកចូលរួមក្រុមឡើងវិញនៅរដូវកាលក្រោយបាន។



កិច្ចសន្យារបស់របស់ Lionel Messi ជាមួយក្រុម ​Paris Saint Germain នឹងត្រូវចប់នាចុងរដូវកាល ២០២២-២៣ នេះ ហើយអំពីរឿងរ៉ាវអនាគតបន្តរបស់តារាឆ្នើមបាលទាត់រូបទៅជាយ៉ាងណាទៀតនោះ ក៏នឹងត្រូវបកស្រាយក្រោយពេលការប្រកួត World Cup នៅកាតាត្រូវបញ្ចប់រួចរាល់។
 
ប្រសិនបើ Messi បានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនសារជាថ្មីដូចកាលពេលរូបគេចាកចេញពី Barcelona ទាំងបង្ខំចិត្តនោះ ក្លិបជាច្រើនប្រាកដណាស់នឹងបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធឆ្នើមនៃក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះមិនខាន។ 
 
ស្របពេលកំពុងតែបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយ PSG និងក្រុមអាហ្សង់ទីន ខ្សែប្រយុទ្ធរូបនេះក៏បានទាក់ទាញចិត្តក្រុមចាស់របស់គេគឺ Barca ឱ្យងាកមកសម្លឹងមើលគេសារជាថ្មីម្តងទៀត។ ប៉ុន្តែបញ្ហាថ្លៃពលកម្មគឺជារឿងដ៏ធំដើម្បីអាចយក Messi ទៅចូលរួមក្រុមបាន។
 
ចំពោះរឿងនេះលោក Romeu ដែលជាបុគ្គលដ៏សំខាន់មួយរូបរបស់ Barca បានបញ្ជាក់ច្បាស់ថា Barca គួរតែមានកិច្ចព្រមព្រៀងមួយជាមួយ Messi ជាថ្មីម្តងទៀត។
«ដូចដែលអ្វីដែលអាចកើតឡើងនៅពេលដែលកីឡាករគ្មានតម្លៃខ្លួន ពិតណាស់វាជារឿងមួយដែលយើងអាចធ្វើបាន ប៉ុន្តែវាក៏ពឹងផ្អែកខ្លាំងលើការសម្រេចចិត្ត ទោះជាយ៉ាងនេះក៏ដោយ ហើយយើងគួរមានកិច្ចព្រមព្រៀងជាមួយ Messi យើងនឹងមានលទ្ធភាពយករូបគេបាននៅរដូវកាលក្រោយ។» មន្រ្តី Barca ប្រាប់កាសែត ​Mundo Deportivoបែបនេះ មុនបន្តថា ក្លិបក៏ ដឹងដែនកំណត់ច្បាស់លាស់ពីបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែនឹងព្យាយាមចំពោះការដោះដូរកីឡាករនារដូវក្តៅនេះ។
 
Messi ធ្លាប់បានចំណាយពេលវេលា ២១ឆ្នាំជាមួយ Barcelona ដោយរូបគេបានក្លាយជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេឱ្យក្រុមរហូតដល់ទៅ ៦៧២គ្រាប់ពីការបង្ហាញខ្លួន ៧៧៨លើកឱ្យក្រុម Barcelona។ Messi ចាកចេញពី ​Barca ទៅចូលរួម PSG ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនកាលពីខែសីហា ឆ្នាំ ២០២១។
 
សម្រាប់ការប្រកួត World Cup 2022 នៅប្រទេសកាតាលើកនេះ Messi ត្រូវបានគេរំពឹងថាជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ ទោះរូបគេកំពុងតែបង្ហាញទម្រង់លេងល្អក្តី។ 
 
 
 
 

Tag:
 Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com