អន្តរជាតិ
អនុប្រធានាធិបតីអាម៉េរិក ធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា ដែលបែងចែកកូរ៉េទាំងពីរ
30, Sep 2022 , 9:29 am        
រូបភាព
 លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា ដែលពុះចែកឧបទ្វីបកូរ៉េ។ រូបភាព៖ AP
លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាម៉េរិក ធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា ដែលពុះចែកឧបទ្វីបកូរ៉េ។ រូបភាព៖ AP
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កា​ម៉ា​ឡា ហារី​ស នៅថ្ងៃទី២៩ ខែកញ្ញា បានធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង មេដឹកនាំអាម៉េរិករូបនេះ បានចាត់ទុកការបាញ់មីស៊ីលកូរ៉េខាងជើង ជាការបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។

 
បន្ទាប់ពីចូលរួមពីធិបុណ្យរបស់លោកស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី កា​ម៉ា​ឡា ហារី​ស អនុប្រធានាធិបតីអាម៉េរិក បានបន្តទស្សនកិច្ចនៅកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិចចម្ងាយខ្លីចំនួន ២ពីរគ្រាប់ទៅក្នុងសមុទ្រខាងកើត។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ហារី​ស បានធ្វើដំណើរទស្សនកិច្ចទៅតំបន់គ្មានយោធា ដែលខណ្ឌចែកឧបទ្វីបកូរ៉េលើកដំបូង។ 
 
ស្របពេលធ្វើទស្សនកិច្ចនៅតំបន់នោះ អនុប្រធានាធិបតីអាម៉េរិក បានថ្លែងថា កូរ៉េខាងជើង បានបង្កការគំរាមកំហែងដល់ក្នុងតំបន់។ បើតាមលោកស្រីហារីស ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល គឺមានគោលបំណងរួម ក្នុងការលុបបំផុតកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
«នៅកូរ៉េខាងជើង យើងឃើញការដឹកនាំបែបផ្តាច់ការ ការបំពានសិទ្ធិមនុស្ស រួមទាំងកម្មវិធីអាវុធខុសច្បាប់ ដែលគំរាមសន្តិភាព និងស្ថិរភាព»។ មេដឹកនាំអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២៩ ខែកញ្ញា។ កន្លងមក អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់ចាប់ដៃលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងនៅក្នុងតំបន់នេះផងដែរ មុនកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរត្រូវផ្អាក។ 
 
តំបន់គ្មានយោធា ដែលពុះចែកកូរ៉េខាងត្បូង និងកូរ៉េខាងជើងមានបណ្តោយប្រមាណ ២៥៧គីឡូម៉ែត្រ និងទទឹងចំនួន ៤គីឡូម៉ែត្រ។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣ នៅពេលអាម៉េរិក និងកូរ៉េខាងជើងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់។ 
 
ទន្ទឹមនេះ មេដឹកនាំអាម៉េរិក ក៏បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉លផងដែរ។ ក្នុងជំនួបប្រមាណ ៨៥នាទីនៅការិយាល័យប្រធានាធិបតី មេដឹកនាំប្រទេសទាំងពីរ បានបង្ហាញពីក្តីបារម្ភជុំវិញកម្មវិធីមីស៊ីល ក៏ដូចជាការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
 
អ្នកនាំពាក្យរងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myoung បានអះអាងថា លោកស្រី ហារី​ស បានបញ្ជាក់ពីការប្តេជ្ញារបស់អាម៉េរិក ក្នុងការការពារកូរ៉េខាងត្បូង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរក៏បានឯកភាពជុំវិញគម្រោងទស្សនកិច្ចរបស់លោក យូន ទៅអាម៉េរិកនៅឆ្នាំក្រោយផង ស្របពេលសម្ព័ន្ធមិត្តទាំងពីរ ប្រារព្ធខួបទំនាក់ទំនង ៧០ឆ្នាំ៕ 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com