អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន ចេញក្រឹត្យទទួលស្គាល់ឯករាជ្យតំបន់អ៊ុយក្រែន២ មុនបញ្ចូលក្នុងទឹកដីរុស្ស៊ី
30, Sep 2022 , 2:29 pm        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៩ ខែកញ្ញាចុះហត្ថលេខាលើក្រឹត្យមួយ ដែលចែងថារុស្សីទទួលស្គាល់តំបន់អ៊ុយក្រែនចំនួន២មាន Kherson និង Zaporizhzhia ជារដ្ឋឯករាជ្យ។

 
ការធ្វើប្រជាមតិនៅតំបន់រណបរុស្សីក្នុងអ៊ុយក្រែនចំនួន៤មានដូចជាតំបន់ Kherson, Zaporizhzhia, Donetsk និងLuhansk ដើម្បីបញ្ចូលទឹកដីទាំងនោះចូលរុស្សីបានបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា។ ជាលទ្ធផលសរុប ការធ្វើប្រជាមតិនេះបង្ហាញថាប្រជាជនភាគច្រើនជាង៩៩ភាគរយគាំទ្រចូលរុស្សី។ 
 
ទន្ទឹមនេះ លោកពូទីនក៏បានបោះជំហានមួយទៀតក្នុងការក្រសោបយកតំបន់ទាំងនោះដោយស្របច្បាប់ ទោះបីលទ្ធផលនៃការធ្វើប្រជាមតិត្រូវបានចាត់ទុកថាមិនស្របច្បាប់ និងមិនត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិចក៏ដោយ។ លោក ពូទីន នៅថ្ងៃទី២៩ ខែកញ្ញា ចុះហត្ថលេខាលើក្រឹត្រមួយដើម្បីទទួលស្គាល់ឯករាជ្យភាពតំបន់ Kherson និងZaporizhzhia។
 
«ខ្ញុំបញ្ជាឱ្យទទួលស្គាល់អធិបតេយ្យភាព និងឯករាជ្យនៃតំបន់ Kherson និងZaporizhzhia ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន។» លោក ពូទីន និយាយបែបនេះនៅក្នុងក្រឹត្យ។
 
ការចុះហត្ថលេខាលើក្រឹត្យនេះ ជាជំហានដែលចាំបាច់មួយសម្រាប់រុស្សីក្នុងការប្រកាសពីការដាក់បញ្ចូលតំបន់ដែលគាំទ្ររុស្សីទាំង៤ជាផ្លូវការ​នៅក្នុងពិធីមួយនៅវិមានក្រេមឡាំងនៅថ្ងៃទី៣០ ខែកញ្ញាតែម្ដង។ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov ប្រាប់អ្នកយកពត៌មានថា លោក ពូទីន នឹងមានវត្តមានក្នុងពិធីនេះ ហើយលោកនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ។ 
 
យ៉ាងណាមិញ ការទទួលស្គាល់ និងគម្រោងដាក់បញ្ចូលតំបន់ចំនួន៤នៅអ៊ុយក្រែន ដែលស្មើប្រហែលនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងអស់ មិនត្រូវបានគាំទ្រពីអន្តរជាតិនោះទេ។ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី២៩ ខែកញ្ញាអះអាងថា អាម៉េរិកមិនទទួលស្គាល់ជាដាច់ខាតចំពោះទង្វើរបស់រុស្សី។ ចំណែកឯអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានច្រានចោលផែនការដាក់បញ្ចូលនេះ ហើយថ្កោលទោសថា ជាការបង្កើនគ្រោះថ្នាក់មួយ​ដែលវាគ្មានវត្តមានទេនៅក្នុងពិភពលោកបច្ចុប្បន្ន៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com