អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃដិន បោះដៃទៅរកកោះប៉ាស៊ីហ្វិកពង្រឹងចំណងការទូត សំដៅទប់ទល់ចិន
30, Sep 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ​ បៃឌិន និងមេដឹកនាំកោះប៉ាស៊ីហ្វិកនាជំនួបនៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ​ បៃឌិន និងមេដឹកនាំកោះប៉ាស៊ីហ្វិកនាជំនួបនៅសេតវិមាន។ រូបថត AFP
ដោយ:
ប្រធានាធិបតីអាម៉េរិក និងមេដឹកនាំកោះប៉ាស៊ីហ្វិកទាំង១៤ នៅថ្ងៃទី២៩ ខែកញ្ញា ចេញសេចក្តីប្រកាសរួមមួយស្តីពីភាពជាដៃគូអាម៉េរិក-ប៉ាស៊ីហ្វិកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងការទូតឱ្យកាន់តែមាំទាំថែមទៀត។ សេចក្តីប្រកាសរួមនេះជាជោគជ័យដ៏ធំមួយសម្រាប់ក្រុងវ៉ាស៊ីនតោនក្នុងការត្រួសត្រាយផ្លូវពង្រឹងឥទ្ធិពលក្នុងតំបន់ឡើងវិញដើម្បីទប់ទល់ចិន ក្រោយមិនសូវអើពើរាប់សិបឆ្នាំ។

 
មួយរយៈចុងក្រោយនេះ អាម៉េរិកដែលមិនសូវអើពើតំបន់ប៉ាស៊ីហ្វិកអស់រយៈពេលជាច្រើនឆ្នាំបែរមកប្តេជ្ញាយកចិត្តទុកដាក់ឡើងវិញ បន្ទាប់ពីចិនស្វះស្វែងពង្រឹកឥទ្ធិពលក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនជាមួយបណ្តាកោះប៉ាស៊ីហ្វិក។ ជាជំហាននៃការវិលត្រលប់នេះ នាថ្ងៃទី២៨-២៩ ខែកញ្ញា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំកោះប៉ាស៊ីហ្វិក-អាម៉េរិកជាលើកដំបូងនៅសេតវិមាន។ 
 
នៅបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ លោក បៃដិន និងមេដឹកនាំកោះប៉ាស៊ីហ្វិក១៤នាក់ទៀតបានចេញសេចក្តីប្រកាសរួមមួយស្តីពីភាពជាដៃគូអាម៉េរិក-ប៉ាស៊ីហ្វិកដែលរួមមានការព្រមព្រៀងគ្នាលើ១១ចំណុចដូចជា ការប្តេជ្ញាពង្រឹងភាពជាដៃគូ លើកកម្ពស់មុខមាត់តំបន់ប៉ាស៊ីហ្វិកលើឆាកអន្តរជាតិ អាទិភាពលើដំណោះស្រាយបម្រែបម្រួលអាកាសធាតុរួមគ្នា ជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៅតំបន់ប៉ាស៊ីហ្វិក ក៏ដូចជារក្សាសន្តិសុខ និងសន្តិភាពដែនសមុទ្រនៅទូទាំងតំបន់ប៉ាស៊ីហ្វិកជាដើម។  
 
សេចក្តីប្រកាសរួមនេះ នឹងហុចឱកាសឱ្យអាម៉េរិកកាន់តែងាយស្រួលក្តោបបណ្តាប្រទេសប៉ាស៊ីហ្វិកទាំងអស់ក្នុងផ្លូវតែមួយទប់ទល់នឹងការពង្រឹកឥទ្ធិពលរបស់ចិន ខណៈដែលកន្លងមកចិនបរាជ័យសម្រេចកិច្ចព្រមព្រៀងថ្នាក់តំបន់ជាមួយបណ្តាកោះប៉ាហ្វិក។ ប៉ុន្តែ អាម៉េរិក និងសម្ព័ន្ធមិត្តនៅតែព្រួយបារម្ភជុំវិញវត្តមានយោធាចិនក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងសន្តិសុខដែលកោះសូឡូម៉ុន និងចិនចុះហត្ថលេខាកាលពីខែមេសា។
 
បន្ថែមពីលើនេះ សេតវិមានក៏បានបង្ហាញយុទ្ធសាស្រ្តនៃភាពជាដៃគូប៉ាស៊ីហ្វិកដំបូងផងដែរដោយក្នុងនោះសន្យាថា រដ្ឋបាលលោកបៃដិននឹងជួយបណ្តាកោះប៉ាស៊ីហ្វិកប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងប្រឆាំងនឹងអ្វីដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថាសម្ពាធសេដ្ឋកិច្ចពីចិនផងដែរ។ 
 
«អាម៉េរិកគឺជាមហាអំណាចដ៏មានមោទកភាពរបស់តំបន់ប៉ាស៊ីហ្វិក។ យើងនឹងបន្តក្លាយជាដៃគូដែលចូលរួមដ៏សកម្មក្នុងតំបន់»។ ប្រធានាធិបតីអាម៉េរិក លោក បៃដិន លើកឡើងបែបនេះក្នុងឯកសារយុទ្ធសាស្រ្តប៉ាស៊ីហ្វិកដែលជាអាទិភាពក្នុងគោលនយោបាយការបរទេសក្រុងវ៉ាស៊ីនតោន។
សូមបញ្ជាក់ថា មេដឹកនាំកោះប៉ាស៊ីហ្វិកទាំង១៤ដែលចូលរួមកិច្ចប្រជុំកំពូលនៅក្រុងវ៉ាស៊ីនតោនមកពី កោះឃុក (Cook Islands) មីក្រូណេស៊ី ហ្វីជី ប៉ូលីណេស៊ីបារាំង ណូរូ នូវែលកាឡេដូនា (New Caledonia) ប៉ាឡាវ ប៉ាពូអាស៊ីនូវែលហ្គីណេ កោះម៉ាសាល់ សាម័រ សូឡូម៉ុន តុងហ្គា ទូវ៉ាលូ និងវ៉ានូទូ៕
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អាម៉េរិក
 ​ ចិន
© រក្សាសិទ្ធិដោយ thmeythmey.com