កីឡាអន្តរជាតិ
អន្តរជាតិ
EPL សប្តាហ៍ទី៨៖ ជំនួប Derby ពីរគូ Arsenal ជួប Spurs មុន Man City ស្វាគមន៍ Man Utd
01, Oct 2022 , 8:29 am        
រូបភាព
ការប្រកួតលីគកំពូលអង់គ្លេស Premier League បានវិលត្រលប់មកបវិញហើយក្រោយសម្រាកជាងមួយអាទិត្យ។ សម្រាប់ជំនួបសប្តាហ៍ទី៨នេះ នឹងមានការជួបគ្នាខ្លាំងប៉ះខ្លាំងក្នុងក្រុងតែមួយ ឬ Derby ពីរគូ រវាង Arsenal ទល់ Tottenham Hotspur និង Manchester City ទទួលភ្ញៀវ Manchester United។

 
ក្រុមកំពុងនាំមុខកំពូលតារាង Arsenal ត្រូវទទួល Spurs សម្រាប់ជំនួប London Derby នៅថ្ងៃទី១ ខែតុលា វេលាម៉ោង ៦:៣០នាទីល្ងាច [ម៉ោងនៅកម្ពុជា] មុនជំនួប៦គូផ្សេងទៀតនៅយប់ថ្ងៃដដែលនេះ។ ដោយឡែកជំនួប Manchester Derby រវាងម្ចាស់ការពារជើងឯក Man City និង Man United នឹងធ្វើនៅថ្ងៃទី២ ខែតុលា វេលាម៉ោង​ ៨:០០នាទី [ម៉ោងនៅកម្ពុជា] នៅមុនជំនួប Leeds United ទាល់ Aston Villa។
  


ជំនួបទីក្រុងឡុងដ៍រវាង Arsenal ទទួល Spurs នឹងក្លាយជាការប្រកួតដ៏កក្រើកមួយ ក៏ព្រោះក្រុមទាំងពីរនេះស៊ុតសឹងតែជាក្រុមស្ថិតនៅតំបន់កំពូលតារាង ហើយកំពុងប្រជែងយកចំណាត់ថ្នាក់ល្អរាងៗខ្លួននាការប្រកួតកន្លងមកនៃ Premier League។ ក្រុមមាន់ខ្នាយមាសអាចត្រូវធ្វើការធ្ងន់ដើម្បីប្រជែង ៣ពិន្ទុ ដ្បិតបច្ចុប្បន្នក្រុមពួកគេមាន ១៧ពិន្ទុតាមពីក្រោយក្រុមកាំភ្លើងធំតែ ១ពិន្ទុប៉ុណ្ណោះ។
 
ទាំង Arsenal និង Spurs កំពុងរីករាយក្នុងការចាប់ផ្តើមរដូវកាលថ្មីឈរក្នុងតំបន់កំពូលតារាងដ៏ល្អ ដោយឆ្លងកាត់៧ប្រកួតមកនេះក្រុមដឹកនាំដោយលោក Mikel Arteta នាំមុខគេមាន ១៨ពិន្ទុពីជ័យជម្នះ ៦លើកនិងចាញ់១ ចំណែក Spurs របស់លោក Antonio Conte មិនទាន់ស្គាល់បរាជ័យឡើយដោយឈ្នះ៥ប្រកួត និងស្មើ២ប្រកួត។ នេះជាការចាប់ផ្តើមរដូវកាលថ្មីដ៏ល្អសម្រាប់ ​Arsenal បើគិតចាប់តាំងពីឆ្នាំ ២០០៧-០៨មក។
  


បើគិតតាមការប្រកួតតាំងពីឆ្នាំ ២០១៩ មកក្នុងទឹកដី Arsenal ក្រុម ​Spurs មិនដែលបាននាំយកជ័យជម្នះទៅវិញបានឡើយ ដោយមានត្រឹមលទ្ធផលស្មើ និងចាញ់តែប៉ុណ្ណោះ ហើយការប្រកួតពីរលើកនារដូវកាលមុន ២០២១-២២ Spurs ចាញ់ក្នុងទឹកដី Arsenal ទាំងពីរលើកជាប់គ្នា។ យ៉ាងណាមិញប្រសិនបើការប្រកួតនេះ Spurs អាចយកឈ្នះនាទឹកដី Arsenal ហើយឡើងឈរកំពូលតារាង នោះបានន័យថា Spurs នឹងបំបែកកំណត់ត្រាដ៏អាក្រក់របស់ខ្លួនដែលឈ្នះ ១ប្រកួតដំបូងក្នុងទឹកដី​ Arsenal ក្រោយការធ្វើដំណើរប៉ះក្រុមម្ចាស់ផ្ទះ ២៩លើកក្នុង Premier League។ 
 
ក្រោយការប្រកួតនៃជំនួប London Derby កន្លងផុតនៅការប្រកួតចំនួន ៦គូផ្សេងទៀតនឹងចាប់ផ្តើមបន្តដំណើររបស់ពួកគេរៀងខ្លួន។ ដោយ AFC Bournemouth បើកទ្វារផ្ទះ Vitality ស្វាគមន៍ក្រុមភ្ញៀវ Brentford វេលាម៉ោង៩យប់
 
ទន្ទឹមនឹងនេះតោខៀវ Chelsea ស្ថិតក្រោមការដឹកនាំថ្មីរបស់លោក Graham Potter ក៏ធ្វើដំណើរទៅកាន់ទឹកដី Selhurst Park ប៉ះម្ចាស់ផ្ទះ Crystal Palace ជាគូប្រកួតដ៏ពិបាកមួយ។ ក្រុមកំពុងមានគំរិតប្រកួតប្រជែងខ្ពស់ Fulham ទទួល Newcastle United ជាក្រុមកំពុងមានទម្រង់លេងប្លែកគួរឱ្យចាប់អារម្មណ៍ក្នុងកីឡដ្ឋាន Craven Cottage។
 
Liverpool ដឹកនាំដោយលោក Jurgen Klopp កំពុងស្រែកឃ្លានជ័យជម្នះជាបន្តបន្ទាប់ ខណៈក្រុមកំពុងតែមានបញ្ហទម្រង់លេងបន្តិចបន្តួច ដោយត្រូវស្វាគមន៍ ​Brighton & Hove Albion កំពុងតែស្ថិតក្នុងទម្រង់លេងល្អ​​ក្នុងទឹកដី Anfield។ នាទឹកដី St. Mary’s ឯណោះវិញ Southampton ត្រូវទទួល Everton ដែលដឹកនាំដោយលោក Frank Lampard ជាក្រុមដែលកំពុងតែស្វែករកទម្រង់លេង ហើយក៏ជាក្រុមដែលមិនងាយយកឈ្នះបាន។
 
ការប្រកួតចុងក្រោយវេលាម៉ោង ១១:៣០ យប់លោក David Moyes ត្រូវដឹកនាំញញ្ញួរយក្ស West Ham United ស្វាគមន៍ កញ្ញ្រោងទឹកក្រូច Wolverhampton Wanderers ក្នុងកីឡដ្ឋាន London Stadium។
 
ឈានចូលថ្ងៃទី២ ខែសីហា ជំនួបដ៏កក្រើកទីពីរប្រចាំសសប្តាហ៍មួយទៀត គឺការប្រកួតរវាង Manchester City របស់លោក Pep Gaurdiola ត្រូវស្វាគមន៍ Manchester United ដឹកនាំដោយអតីតគ្រូជំនួយលោកនៅក្រុម Bayern Munich គឺលោក Erik ten Hag វេលាម៉ោង ៨យប់។ 
  


តើការប្រកួត ​Manchester Derby រវាងក្រុមទាំងពីរនេះក្រុមណានឹងទទួលបានជ័យជម្នះក្រោយការសម្រាកដ៏យូមកនេះសម្រាប់ក្រុមទាំងពីរ ក្រោយការយាងសោយទិវង្គតនៃព្រះមហាក្សត្រី អេលីហ្សាបែតទី២។ ​ក្រុមបិសាចក្រហមខកខានការប្រកួត ២សប្តាហ៍ជាប់គ្នាគឺសប្តាហ៍ទី៧ និងទី៨ ចំណែកមេឃខៀវខកខានការប្រកួតសប្តាហ៍ទី៧ របស់ខ្លួន។ កាលពីរដូវកាលមុនក្រុមទាំងពីរនេះបានជួបគ្នា ២លើកក្នុង Premier League ដោយកាលនោះ Man City ជាអ្នកយកជ័យជម្នះទាំងពីរលើកលើ Man United ដោយលទ្ធផល ២-០ និង ៤-១។ 
 
ការប្រកួតរវាងក្រុមទាំងពីរនេះនឹងអាចក្លាយជាការប្រកួតដ៏តានតឹងមួយដោយឆ្លងកាត់ការប្រកួតកន្លងមក Man City ទោះមិនទាន់ស្គាល់បរាជ័យ តែពួកគេធ្លាប់ប្រកួតស្មើដល់ទៅ ២លើកហើយការប្រកួតស្មើនោះសុទ្ធសឹងតែត្រូវបានគូប្រកួតបើកការនាំមុខមុន។ សម្រាប់ Man United ក្រោយចាប់ផ្តើមការប្រកួតរដូវកាលថ្មី ២លើកដំបូងមិនបានល្អ ពួកគេបានកែប្រែនូវចំណុចខ្វះខាត់ដោយរកបានជ័យជម្នះ ៤លើកមកវិញពីការប្រកួត៦ លើករបស់ពួកគេនៅ Premier League ហើយជ័យជម្នះដ៏ធំបំផុតគឺឈ្នះក្រុមកំពូលតារាង Arsenal លទ្ធផល ៣-១ ថែមទៀត។
 
ការប្រកួតចុងក្រោយគេបង្អោះក្នុងសប្តាហ៍នេះថ្ងៃទី២ ខែសីហា មួយគូទៀតគឺ Leeds United ត្រូវស្វាគមន៍ក្រុម Aston Villa ក្នុងកីឡដ្ឋាន Elland Road របស់ខ្លួនវេលាម៉ោង ១០:៣០ យប់៕
 

 

Tag:
 Premier League
  Week 8
© រក្សាសិទ្ធិដោយ thmeythmey.com