អន្តរជាតិ
អ៊ុយក្រែន ពន្លឿនដំណើរការចូលណាតូ ក្រោយរុស្ស៊ីលេបទឹកដីអស់១៥ភាគរយ
01, Oct 2022 , 11:49 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបថត AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៣០ ខែកញ្ញា ប្រកាសពន្លឿនការសុំចូលជាសមាជិកសម្ព័ន្ធយោធាណតូដោយប្រើប្រាស់មធ្យោបាយរហ័ស បន្ទាប់ពីរុស្ស៊ីបញ្ចូលទឹកដីអ៊ុយក្រែនដែលខ្លួនបានគ្រប់គ្រង។ មេដឹកនាំទីក្រុងកៀវ ក៏ប្រកាសត្រៀមចរចាជាមួយរុស្ស៊ីផងដែរ ប៉ុន្តែមិនមែនជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ។

 
«យើងដាក់ចេញវិធានការដាច់ណាត់តាមរយៈការចុះហត្ថលេខាលើពាក្យស្នើរបស់អ៊ុយក្រែនសម្រាប់នីតិវិធីរហ័សចូលជាសមាជិកណាតូ។» ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយបែបនេះក្នុងសារវីដេអូមួយដែលបង្ហោះតាមបណ្ដាញ Telegram ។ ក្នុងវីដេអូនោះ លោក ហ្សេលេនស្គី ឈរដោយនាយករដ្ឋមន្ត្រី Denys Shmygal និងប្រធានសភាអ៊ុយក្រែន។
 
ក្នុងសារដដែល ប្រធានាធិបតីអ៊ុយក្រែន ក៏បញ្ជាក់ជាថ្មីពីការត្រៀមខ្លួនចរចាជាមួយរុស្ស៊ី ប៉ុន្តែមិនមែនលោក វ៉្លាឌីមៀ ពូទីន ឡើយ។
 
រុស្ស៊ីនៅថ្ងៃទី៣០ ខែកញ្ញា បានបញ្ចូលទឹកដីអ៊ុយក្រែនជាផ្លូវការមាន Luhansk, Donetsk, Kherson region និង Zaporizhzhia។ ក្នុងពិធីអធិកអធមមួយនៅវិមានក្រេមឡាំង លោក ពូទីន និយាយថា ការបញ្ចូលទឹកដីអ៊ុយក្រែន ជាឆន្ទៈរបស់ប្រជាជនរាប់លាននាក់ ហើយប្រជាជនក្នុងតំបន់ទាំងនោះ ក្លាយជាប្រជាជនរុស្ស៊ីរហូត។​ 
 
ជាមួយគ្នានេះ លោក ពូទីន ក៏ប្រកាសការពារទឹកដីដែលទើបបញ្ចូលនេះ ជាមួយនឹងការគំរាមនុយក្លេអ៊ែរទៀតផង។ លោក ពូទីន អះអាងថា អាម៉េរិកជាអ្នកបង្កើតឱ្យមានទម្លាក់នេះតាមរយៈការប្រើនុយក្លេអ៊ែរនៅជប៉ុនអំឡុងសង្រ្គាមលោកលើកទី២ ។
 
នៅឯអង្គការសហប្រជាជាតិវិញ រុស្ស៊ីក៏បានបោះឆ្នោតប្រឆាំងដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលថ្កោលទោសទង្វើរបស់ខ្លួន ខណៈចិនបានបោះឆ្នោអនុប្បវាទ។ ជាមួយគ្នានេះ អង់គ្លេស ក៏ប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ស្របពេលដែលអាម៉េរិកនឹងចាត់វិធានការដូចគ្នាដែរ៕
 
 
 
 

Tag:
 អ៊ុយក្រែន​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com