កីឡាអន្តរជាតិ
អន្តរជាតិ
Everton រងពិន័យ ជាង៣០ម៉ឺនដុល្លារ ដោយសារអ្នកគាំទ្ររត់ចូលអុកឡុកក្នុងទីលាន
01, Oct 2022 , 2:28 pm        
រូបភាព
ក្រុម Everton របស់លោក Prank Lampard រងការពិន័យជាប្រាក់ចំនួន ៣០ម៉ឺនផោន (៣៣,៣ម៉ឺនដុល្លារ) លើបញ្ហាអ្នកគាំទ្ររត់ចូលអុកឡុកក្នុងទីលានប្រកួត ២លើក អំឡុងពេលការប្រកួត Premier League ដែល Everton យកឈ្នះលើ Crystal Palace ក្នុងកីឡដ្ឋាន Goodison Park កាលថ្ងៃទី១៩ ខែឧសភា។

 
នាការប្រកួតនោះក្រុមម្ចាស់ផ្ទះដឹកនាំដោយ Lampard ជាក្រុមហៀបនឹងត្រូវកាត់ចេញពីក្របខណ្ឌ Premier League ទៅហើយ ប៉ុន្តែជោគវាសនាអាក្រក់មិនធ្លាក់លើ Everton ឡើយ ដោយពួកគេអាចប្រកួតវាយមកយកឈ្នះលើ Crystal វិញក្នុងលទ្ធផល ៣-២ ការពារកៅអីស្ថិតនៅ ​Premier League។ 
 
ក្រោយជ័យជម្នះនោះ អ្នកគាំទ្រ ​Everton បាននាំគ្នារត់ចូលក្នុងទីលានប្រកួត ដើម្បីជាការអបអរសាទរ ចំពោះក្រុមដែលមិនត្រូវបានកាត់ទៅលេងលីគទីពីរ។ ការរត់ចូលអុកឡុកទាំងពីរលើកនោះ បានធ្វើឡើងក្រោយពេលកីឡាករខ្សែប្រយុទ្ធ Calvert Lewin ស៊ុតយកជ័យជម្នះឱ្យ Everton នៅនាទី៨៥ និងលើកទីពីរគឺក្រោយការផ្លុំកញ្ចែបញ្ចប់ការប្រកួត។
 
បើតាមសមាគមបាល់ទាត់អង់គ្លេស អ្នកគាំទ្របានបង្កភាពចលាចល អំពើហិង្សាគួរឱ្យភ័យខ្លាច និងជាទង្វើរមិនល្អ នៅពេលដែលពួកគេរត់ចូលអុកឡុកក្នុងទីលានប្រកួតបែបនេះ។ សមាគមបាល់ទាត់អង់គ្លេសមួយនេះ ក៏បានចោទក្លិប Everton ថាបរាជ័យក្នុងការគ្រប់គ្រងអ្នកទស្សនាខ្លួនឱ្យបានល្អ។
 
យ៉ាងណាមិញកាលពីចុងខែកញ្ញា ក្របខណ្ឌ Premier League បានប្រកាសថា អ្នកគាំទ្រណាដែលល្មើសច្បាប់សង្គម ឬប្រព្រឹត្តិទង្វើ និងអាកប្បកិរិយាអាក្រក់ក្នុងទីកន្លែងប្រកួត អ្នកគាំទ្រទាំងនោះ នឹងត្រូវបានក្លិបដាក់បម្រាមហាមឃាត់មិនឱ្យចូលទស្សនាការប្រកួតយ៉ាងហោចណាស់ពេញមួយឆ្នាំ។
 
មិនត្រឹមតែ ​Everton ឡើយ ដែលត្រូវបានអ្នកគាំទ្ររត់ចូលអុកឡុកក្នុងទីលានប្រកួត ការប្រកួតរវាង Manchester City ទល់ Aston Villa កាលនោះក្រុមម្ចាស់ផ្ទះដែលដឹកនាំដោយលោក Pep Guardiola បានវាយបកឈ្នះលើ Aston ហើយគ្រងជើងឯង Premier League រដូវកាលមុន។ ក្រោយការប្រកួតនោះបានបញ្ចប់អ្នកគាំទ្រ Man City បានអបអរជ័យជម្នះខ្លួនដោយរត់ចូលក្នុងទីលាន និងបំផ្លាញហេត្ថារចនាសម្ព័ន្ធក្នុងទីលាន៕
 

Tag:
 Everton
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com