ជាតិ
សង្គមជាតិ
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើកសាងល្បងឱ្យប្រជាពលរដ្ឋប្រើប្រាស់
01, Oct 2022 , 2:53 pm        
រូបភាព
រូបពីក្រសួងសាធារណការនិងដឹកជញ្ជូន
រូបពីក្រសួងសាធារណការនិងដឹកជញ្ជូន
ដោយ៖ចៀន និតា

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហានុ មានប្រវែង ១៨៧.០៥ គីឡូវម៉ែត ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ បើកឱ្យពលរដ្ឋប្រើប្រាស់សាកល្បង។ អំឡុងពេល១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ពលរដ្ឋប្រើប្រាស់ផ្លូវនេះ ដោយមិនគិតថ្លៃឡើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២។

 
ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ​នេះ សម្រាប់រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី៧០គីឡូម៉ែតក្នុង១ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយាន្តយន្ត ដែលមានទំហំចាប់ពី៥០០cc ឡើងទៅ។
 
ក្រសួងសាធារណការនិងដឹកជញ្ជូន ស្នើឱ្យពលរដ្ឋ គោរពបទបញ្ជា និងការណែនាំឱ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ចរាចរណ៍ សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ 
 
«អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿន មានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ ក្នុងករណីមិនអនុវត្តតាមការណែនាំ»។ នេះបើតាមក្រសួងសាធារណការ។
 
ផ្លូវល្បឿនលឿននេះ មានតម្លៃជាង២០០០លានដុល្លារដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ក្រសួងសាធារណការ បានបញ្ជាក់ថា ផ្លូវមានប្រវែង១៨៧គីឡូម៉ែត្រនេះ បានភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com