ជាតិ
ពីនេះ ពីនោះ
CarnetDia ជាកម្មវិធីទូរសព្ទដៃដែលជួយពិគ្រោះស្ថានភាពជំងឺទឹកនោមផ្អែមដោយឥតគិតថ្លៃ
03, Oct 2022 , 3:19 pm        
រូបភាព
គ្រូពេទ្យជំនាញទឹកនោមផ្អែមមួយក្រុមបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្ការ ថែទាំ និងតាមដានស្ថានភាពអ្នកជំងឺទឹកនោមផ្អែម។ CarnetDia គឺជាឈ្មោះកម្មវិធីទូរសព្ទដៃមួយដែលមនុស្សគ្រប់គ្នា អាចបង្កើតដាក់នៅក្នុងទូរសព្ទវ័យឆ្លាតរបស់ពួកគេ ដើម្បីតាមដានស្ថានភាពជំងឺទឹកនោមផ្អែមបស់ខ្លួនក៏បាន ជួយតាមដានស្ថានភាពជំងឺទឹកនោមផ្អែមរបស់សមាជិកគ្រួសារក៏បាន។

 
កម្មវិធីទូរសព្ទដៃ «កំណត់ត្រាទឹកនោមផ្អែម CarnetDia» ត្រូវបានបង្កើតឡើងស្របពេលនៃនិន្នាការកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នៅកម្ពុជា។ ក្នុងក្របខណ្ឌនៃស្មារតីសង្គម កម្មវិធីទូរសព្ទដៃជួយអ្នកជំងឺទឹកនោមផ្អែមនេះបានទទួលការគាំទ្រពីមជ្ឈមណ្ឌលកម្ពុជា៤.0 និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា។
 
លោក ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមដែលជាស្ថាបនិកកម្មវិធីទូរសព្ទដៃ «CarnetDia» បានពន្យល់ថា កម្មវិធីទូរសព្ទដៃនេះ ជាការភ្ជាប់រវាងគ្រូពេទ្យ និងអ្នកជំងឺតាមរយៈ ការពិគ្រោះជំងឺដោយឥតគិតថ្លៃ ហើយអ្នកជំងឺអាចកត់ត្រារក្សាទុកនូវទិន្នន័យជាតិស្កយ៉ាងងាយស្រួលនៅក្នុងទូរសព្ទដៃ ដោយមិនបាច់ប្រើប៊ិចសៀវភៅទៀតទេ។
 
លោកវេជ្ជបណ្ឌិតបានបន្តបញ្ជាក់យ៉ាងដូច្នេះថា៖«អ្វីដែលសំខាន់នោះ អ្នកជំងឺ ឬអ្នកប្រើប្រាស់កម្មវិធីនេះ អាចធ្វើទំនាក់ទំនងដើម្បីពិគ្រោះ ឬពិភាក្សាជាមួយគ្រូពេទ្យជំនាញជាង៥០រូបដែលមានបង្ហាញឈ្មោះ និងអត្តសញ្ញាណនៅក្នុងកម្មវិធីទូរសព្ទដៃនេះបាន។ លើសពីនេះទៀត ក្នុងកម្មវិធីទូរសព្ទដៃមានកម្រងឯកសារដែលមាន គុណភាពសុក្រឹត មានវីដេអូ រូបភាព ដែលអ្នកជំងឺអាចស្វែងយល់បន្ថែម។»។
 
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីទូរសព្ទដៃនេះ ក៏មានកម្រងសំណួរ ដែលអាចឱ្យអ្នកដែលមិនទាន់កើតជំងឺទឹកនោមផ្អែម អាចវាយតម្លៃស្ថានភាពអំពីហានិភ័យខ្លួនឯង ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២ដែរ។ 
 
កម្មវិធីទូរសព្ទដៃ កំណត់ត្រាទឹកនោមផ្អែម CarnetDia មានសារប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា និងសុខុមាលភាពសាធារណៈ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com