ជាតិ
កម្ពុជា បានរៀបចំតំបន់ទេសចរណ៍ឱ្យល្អប្រសើរជាងមុននាពេលកូវីដ-១៩
03, Oct 2022 , 9:59 pm        
រូបភាព
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តនៃវិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តនៃវិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ
ដោយ:
ភ្នំពេញ៖ ផលិតផលទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តធំៗដូចជា សៀមរាប និងព្រះសីហនុ បានកកើតឡើងជាច្រើនក្នុងបរិបទកូវីដ-១៩។ លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា កូវីដ-១៩ បានផ្ដល់ឱកាសឱ្យរដ្ឋាភិបាលបានអភិវឌ្ឍផលិតផលទេសចរណ៍ក្នុងប្រទេសកម្ពុជាកាន់តែច្រើន។

 
អំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជា បានជាប់គាំង ដោយមិនមានវត្តមានទេសចរអន្តរជាតិ។ ចំណែកទេសចរជាតិ ចេញដើរកម្សាន្តតិចតួចប៉ុណ្ណោះតាមតំបន់ទេសចរណ៍ធម្មជាតិ។ ការណ៍នេះ បានធ្វើឱ្យខេត្តក្រុងមួយចំនួនស្ងប់ស្ងាត់យ៉ាងខ្លាំង។ 


ផ្លូវក្នុងក្រុងសៀមរាប ដែលបានស្ថាបនាក្នុងអំឡុងការរីករាលនៃជំងឺកូវីដ-១៩ ។ រូបភាពផ្ដល់ឱ្យដោយលោក Phalla Aloo
 
ទោះជំងឺកូវីដ-១៩ ធ្វើឱ្យមានបញ្ហាជាច្រើនកើតឡើង តែលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ អះអាងថា ជំងឺកូវីដ-១៩ ក៏បានផ្ដល់ឱកាសឱ្យរដ្ឋាភិបាលកសាងផលិតផលទេសចរណ៍បន្ថែមដែរ។ លោកបន្តថា រដ្ឋាភិបាលកម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរយៈពេលជាង២ឆ្នាំនេះ សម្រាប់គាំទ្រដល់វិស័យទេសចរណ៍។
 
«ពេលដែលមានវិបត្តិក៏ជាពេលឱកាសសម្រាប់យើងដែរ។ ប៉ុន្តែមិនមានមានន័យថាយើងចង់ឱ្យមានវិបត្តិកើតឡើងទេ។ អំឡុងពេលយើងស្ថិតក្នុងបញ្ហាប្រទាក់ក្រឡា យ៉ាងស្មុគស្មាញនេះ ក៏ជាឱកាសមួយសម្រាប់យើង។ រដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដល់វិស័យទេសចរណ៍ ជាក់ស្ដែងផ្លូវនៅព្រះសីហនុ ៣៤ខ្សែ ផ្លូវនៅសៀមរាប ៣៨ខ្សែ និងច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី»។ លោក តុប សុភ័ក លើកឡើងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងទេសចរណ៏»។
 
លោក តុប សុភ័ក បន្តថាក្រោយស្ថានភាពជំងឺកូវីដ-១៩ធូរស្រាលក្នុងឆ្នាំ២០២២នេះ វិស័យទេសចរណ៍កម្ពុជាបានងើបឡើងវិញបន្តិចម្ដងៗ។ កម្ពុជា បានក្លាយជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ តាមរយៈចំនួនអ្នកទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
 
សូមជម្រាបថា រយៈពេល៨ខែនៃឆ្នាំ២០២២ កម្ពុជាមានទេសចរផ្ទៃក្នុងប្រមាណ ៨លាន៥០ម៉ឺននាក់ កើនឡើង ២៤៥ភាគរយ។ ជាមួយគ្នានោះ កម្ពុជា ក៏ទទួលបានទេសចរអន្តរជាតិ រហូតដល់ជិត១លាននាក់ ដែលកើនឡើង ៥៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១៕
 
 

Tag:
 ThmeyThmey25
  តុប សុភ័ក
© រក្សាសិទ្ធិដោយ thmeythmey.com