អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី (ខេមបូឌា) បានពានរង្វាន់ជាគ្រឹះស្ថានឆ្នើមលើផ្នែកគុណភាពទិន្នន័យ
04, Oct 2022 , 9:50 am        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំមួយក្នុងចំណោមគ្រឹះស្ថានឈានមុខនៅកម្ពុជា ត្រូវបានចាត់ថ្នាក់ជាស្ថាប័នឆ្នើមលើផ្នែកគុណភាពទិន្នន័យប្រចាំឆ្នាំ២០២២ ពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី) ដែលជាក្រុមហ៊ុនផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និងរបាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់នៅក្នុងប្រទេស​​កម្ពុជា។


 
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ឱ្យដឹងថា ៖ «វាជាកំណត់សម្គាល់ដោយឡែកបន្ថែមទៀតលើសមិទ្ធផលដែលយើងសម្រេចបានជាច្រើននាពេលកន្លងមក ហើយវាគឺជាតឹកតាងបញ្ជាក់បន្ថែមទៀតកាន់តែច្បាស់លាស់ថា ផែនការយុទ្ធសាស្ត្រ និងការអនុវត្តរបស់ អិលអូអិលស៊ី នាពេលកន្លងមកគឺប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់សកម្មភាពអាជីវកម្ម និងឆ្លើយតបទៅនឹងសេចក្តីត្រូវរបស់អតិថិជន ក៏ដូចជារួមចំណែកសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជាយើងទាំងមូល»។​ 
 
លោកបានបន្ថែមថា នៅ អិលអូអិលស៊ី យើងបាននិងកំពុងធ្វើកិច្ចការងារជាច្រើន ដោយធ្វើយ៉ាងណាសម្រេចឱ្យបាននូវទស្សវិស័យរបស់ស្ថាប័នយើងទាំងមូលក្នុងការក្លាយខ្លួនជាស្ថាប័នដែលផ្ដល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមត្រីមាសទី២  ឆ្នាំ២០២២ អិលអូអិលស៊ី មានទ្រព្យសកម្ម ជាង ១.៤២៨ លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ១.២១០ លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំ​សរុប ៧៣៦ លានដុល្លារ អតិថិជនទាំងអស់ចំនួនជាង ៥០ ម៉ឺននាក់នៅទូទាំងប្រទេស។
 
គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី ក៏បានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី SMART Campaign ហើយថ្មីៗនេះ នៅក្នុងដើមឆ្នាំ២០២២ អិលអូអិលស៊ី ក៏បានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន កម្រិតមាសពីស្ថាប័នវាយតម្លៃអន្តរជាតិ Cerise និង SPTF។ វិញ្ញាបនបត្រកម្រិតមាស គឺជាសមិទ្ធផលកម្រិតខ្ពស់បំផុត និងបង្ហាញថាគ្រឹះស្ថានដែលទទួលបានវិញ្ញាបនបត្រនេះ បំពេញគ្រប់លក្ខខណ្ឌស្តង់ដារកម្រិតខ្ពស់បំផុតនៃការការពារអតិថិជន ស្របតាមស្តង់ដារសាកលនៃការគ្រប់គ្រងសកម្មភាពសង្គមផងដែរ។ 
 
អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com