ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ វិលរកគ្នីគ្នាវិញ
04, Oct 2022 , 1:07 pm        
រូបភាព
ជួរឆ្វេងដៃ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងលោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ឯជូរស្តាំដៃ គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន (ពាក់នាឡិកា) និងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ជួបពិភាក្សាអំពីការរួបរួមគ្នា។ រូបពីគណនីហ្វេសប៊ុករបស់លោក គង់ មុនីកា
ជួរឆ្វេងដៃ គឺលោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងលោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ឯជូរស្តាំដៃ គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន (ពាក់នាឡិកា) និងលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ជួបពិភាក្សាអំពីការរួបរួមគ្នា។ រូបពីគណនីហ្វេសប៊ុករបស់លោក គង់ មុនីកា
គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាបង្អែក សម្រេចរួបរួមជាមួយគណបក្សភ្លើងទៀន ដែលមានដើមកំណើតចេញពីលោក សម រង្ស៊ី។ មួយរយៈមុន លោក សម រង្ស៊ី រងការវាយប្រហារយ៉ាងដំណំពីលោក គង់ គាំ។



លោក គង់ គាំ និងកូនប្រុសពៅរបស់លោក គឺ លោក គង់ មុនីកា បានសម្រេចចិត្តដឹកនាំគណបក្សឆន្ទៈខ្មែរ ទៅចុះចូលជាមួយគណបក្សភ្លើងទៀន ដើម្បីបង្កើតជាកម្លាំងធំ១ ក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច នៅឆ្នាំ២០២៣។ ការសម្រេចចិត្តទៅរួមកម្លាំងជាមួយគណបក្សភ្លើងទៀននេះ កើតឡើងបន្ទាប់ពីឪពុកកូនទាំង២រូប បានឆ្លងកាត់ការពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរួច។

សេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ ដែលចេញនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បង្ហាញពីសេចក្តីសម្រេចធំៗ២ គឺទី១ គណបក្សឆន្ទៈខ្មែរ មិនដាក់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ នៅឆ្នាំ២០២៣ឡើយ និងទី២ គណបក្សឆន្ទៈខ្មែរ រួបរួមជាមួយគណបក្សភ្លើងទៀន ទៅជាគណបក្សតែ១។ ក្នុងគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ជាប្រធាន ឯលោក គង់ គាំ ជាប្រធានកិត្តិយស។

ក្នុងឆាកនយោបាយ គេ មានការភ្ញាក់ក្រញាង ពេលឃើញលោក គង់ គាំ ចាប់ផ្តើមវាយប្រហារយ៉ាងខ្លាំងក្លាទៅលើលោក សម រង្ស៊ី ដែលជាមេកើយរបស់លោក។ អ្នកខ្លះ មិនសូវជឿឡើយថា ការវាយប្រហាររបស់លោក គង់ គាំ ទៅលើលោក សម រង្ស៊ី គឺជាការពិត ដ្បិតពួកគេ យល់ថា អ្នកនយោបាយចាស់វស្សាទាំង២រូបនេះ ស្និទ្ធស្នាលនឹងគ្នាលើវិថីនយោបាយអស់រាប់ឆ្នាំមកហើយ។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោក គង់ គាំ បំភ្លឺថា ការរិះគន់របស់លោក ទៅលើលោក សម រង្ស៊ី កន្លងមក មិនមែនជាការសម្តែងនោះទេ។ លោក លើកឡើងថា គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា ហាក់ជ្រុលនិយម។

លោក ចាត់ទុកថា ជ្រុលនិយម ដោយសារលោក សង្កេតឃើញថ្នាក់ដឹកនាំកំពូលទាំង២រូបរបស់គណបក្សសង្គ្រោះជាតិ បានប្រើកម្លាំងក្រៅពីសំឡេងឆ្នោត ក្នុងការទាមទារឲ្យរដ្ឋាភិបាល ចុះចេញពីតំណែង ដែលជាទ្រង់ទ្រាយនៃការធ្វើបដិវត្ត។ សម្រាប់លោក ទង្វើបែបនេះ ជាហេតុដែលនាំឲ្យគណបក្សសង្គ្រោះជាតិ ត្រូវរំលាយចោល។

លោក បន្តថា ដោយសារលោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចបន្តដឹកនាំកម្លាំងនយោបាយបាន ទើបលោក សម្រេចចិត្តបង្កើតបក្សឆន្ទៈខ្មែរឡើង។ លោក គិតថា លោក មិនត្រូវទុកឲ្យដំណើរការប្រជាធិបតេយ្យ ដេកនៅស្ងៀមឡើយ ហើយក៏មិនត្រូវទុកឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំតែឯងដែរ។ យ៉ាងណា លោក មើលឃើញថា នយោបាយខ្មែរ ដោយរាប់ទាំងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក កឹម សុខា និងអ្នកនយោបាយដទៃទៀត មិនយកគ្នាធ្វើជាសត្រូវនោះទេ។

ដោយឡែក ចំពោះការទៅចាប់ដៃជាមួយសហការីក្នុងគណបក្សភ្លើងទៀនឡើងវិញ ដ្បិតលោក មើលឃើញថា គណបក្សភ្លើងទៀន ទទួលបានការគាំទ្រធំធេងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ។ លោក អះអាងទៀតថា ការរួបរួមគ្នារវាងគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀននាពេលនេះ មិនពាក់ព័ន្ធនឹងលោក សម រង្ស៊ី ឡើយ បើទោះបីជាលោក សម រង្ស៊ី ជាស្ថាបនិកគណបក្សភ្លើងទៀនក៏ដោយ។ លោក បន្ថែមថា ប្រជាពលរដ្ឋ និងអ្នកនយោបាយ ចង់ឲ្យមានការប្រកួតប្រជែង និងចង់ឲ្យមានពហុបក្ស ដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផង និងស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាផង។

អ្នកនយោបាយចាស់វស្សារូបនេះ បង្ហាញក្តីរំពឹងដូច្នេះថា៖«[ការបោះឆ្នោតជាតិឆ្នាំ២០២៣] យើង រំពឹងថា បានទទួលអាសនៈលើសលប់ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ យ៉ាងហោចណាស់ ក៏យើង ទទួលបានអាសនៈគ្រប់គ្រាន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហារបស់ប្រទេសជាតិដែរ»។

គណបក្សភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៍ដែរ ជុំវិញការរួបរួមគ្នាជាមួយគ្នាគណបក្សឆន្ទៈខ្មែរ។ ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី៤ ខែតលានេះ គណបក្សភ្លើងទៀន ប្រកាសស្វាគមន៍គណបក្សឆន្ទៈខ្មែរ ដែលសម្រេចទៅចូលរួមជាមួយគណបក្សភ្លើងទៀន។ ជាមួយគ្នានេះ គណបក្សភ្លើងទៀន សម្រេចតែងតាំងលោក គង់ គាំ ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។

លោក គង់ គាំ មិនទាន់អាចបញ្ជាក់ជាមួយសារព័ត៌មានថ្មីៗបានឡើយថា លោក គង់ មុនីកា និងថ្នាក់ដឹកនាំផ្សេងទៀតរបស់គណបក្សឆន្ទៈខ្មែរ នឹងទទួលបានតំណែងអ្វីខ្លះក្នុងគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត គណបក្សឆន្ទៈខ្មែរ នឹងត្រូវរក្សាទុកដោយលែងប្រើ ឬត្រូវរំលាយចោលនោះ ក៏លោក មិនទាន់អាចបញ្ជាក់បានដែរ។

តាមរយៈសេចក្តីថ្លែងការណ៍ ទាំងគណបក្សភ្លើងទៀន ទាំងគណបក្សឆន្ទៈខ្មែរ បានអំពាវនាវឲ្យមជ្ឈដ្ឋាននានា ចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីក្លាយជាកម្លាំងប្រជាធិបតេយ្យដ៏ធំ ឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ។

សូមរម្លឹកថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មានតែគណបក្សភ្លើងទៀនទេ ដែលទទួលបានអាសនៈច្រើនជាងគេ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដោយគណបក្សភ្លើងទៀន ទទួលបានជាង២អាសនៈ ឯគណបក្សប្រជាជនកម្ពុជា ទទួលបានជាង៩ពាន់អាសនៈ។ ចំពោះគណបក្សឆន្ទៈខ្មែរ ពុំទទួលបានអាសនៈឡើយ៕

Tag:
 គង់ គាំ
  គណបក្សភ្លើងទៀន
  គណបក្សឆន្ទៈខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com