ជាតិ
ពលរដ្ឋអាចទស្សនាឯកសារប្រវត្តិសាស្រ្ត «ព្រះរាជទស្សនកិច្ចទៅកាន់បារាំងរបស់ព្រះបាទ ស៊ីសុវត្ថិ នាឆ្នាំ១៩០៦» នៅសារមន្ទីស.ស.រ
04, Oct 2022 , 6:29 pm        
រូបភាព
 ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) បានសម្ពោធជាផ្លូវការនូវការតាំងពិព័រណ៍បណ្តោះអាសន្នអំពី ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ ព្រះបាទ ស៊ីសុវត្ថិ។ ព្រះរាជទស្សនកិច្ចនៅឆ្នាំ១៩០៦នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ជាពិសេសក្នុងទំនាក់ទំនងរវាងបារាំង និងកម្ពុជា។

 
ការតាំងពិព័រណ៍នេះ នឹងដាក់បង្ហាញវត្ថុចំនួន ៦៩វត្ថុ រួមមានច្បាប់ដើមនៃប័ណ្ណ ប្រៃសណីយ៍ រូបថត កាសែត និងកាសមេដាយ ជាពិសេស កាសមេដាយប្រាក់ដែលវិទ្យាស្ថានបោះប្រាក់បារាំង La Monnaie de Paris បានបោះពុម្ពដើម្បីអបអរព្រះរាជទស្សនកិច្ចរបស់ព្រះបាទ ស៊ីសុវត្ថិ។ លើសពីនេះ ក៏មានរូបចម្លងពង្រីកចេញពីច្បាប់ដើមនៃឯកសារប្រវត្តិសាស្ត្រ ផងដែរ។ 
 
លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ បានលើកឡើងក្នុងកម្មវិធីសម្ពោធការតាំងពិព័រណ៍នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ដូច្នេះ៖«ព្រះរាជដំណើរនេះបាននាំឱ្យព្រះរាជាណាចក្រកម្ពុជា និងវប្បធម៌ខ្មែរលេចធ្លោនៅលើឆាកអន្តរជាតិ ជាពិសេសនៅបស្ចិមប្រទេស ពីព្រោះថា ព្រះបាទ ស៊ីសុវត្ថិ គឺជាព្រះមហាក្សត្រខ្មែរដំបូងគេបង្អស់ដែលបានយាងទៅដល់លោកខាងលិច»។


 
បើតាមលោក ប្លែស គីលីយ៉ង់ វត្ថុតាំងភាគច្រើន ជាសមុច្ច័យរបស់សារមន្ទីរ ស.ស.រ.។ វត្ថុមួយចំនួនជាអំណោយរបស់អង្គការគ្រួសារថ្មីដល់សារមន្ទីរ ហើយមួយចំនួនទៀតជាកម្ចីពីសមុច្ច័យរបស់លោកសាស្ត្រចារ្យ Olivier de Bernon។
ពិព័រណ៍បណ្ដោះអាសន្ននេះ ក៏មានបង្ហាញផងដែរនូវខ្សែភាពយន្តឯកសារខ្លីៗបួនរឿង ដែលជាផលិតកម្មរបស់សារមន្ទីរផ្ទាល់។ ផ្ទាំងព័ត៌មាននៃពិព័រណ៍ ត្រូវបានតាក់តែងជាពីរភាសា គឺភាសាខ្មែរ និងភាសាបារាំង ព្រមទាំងមានសៀវភៅណែនាំជាភាសាអង់គ្លេសបន្ថែមទៀត។
 
គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍នេះ បើកទទួលឱ្យចូលទស្សនាចាប់ពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ។ បើសិនជាលោកអ្នកចង់ដឹងកាន់តែច្បាស់អំពី ប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនា សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ឬ  https://www.facebook.com/sosoromuseum ៕ 





























 
 
 

Tag:
 ព័ត៌មានរូបភាព
  សារមន្ទីរ ស.ស.រ
  ព្រះបាទស៊ីសុវត្ថិ
  ពិព័រណប្រវត្ថិសាស្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com