អន្តរជាតិ
វៀតណាមស្នើNetflix ឱ្យឈប់បញ្ចាំរឿងកូរ៉េខាងត្បូង Little Women ដោយសារបង្ខូចប្រវត្តិសាស្រ្តខ្លួន
06, Oct 2022 , 10:54 am        
រូបភាព
រូបភាពយកពីNetflix
រូបភាពយកពីNetflix
វៀតណាម បានស្នើឱ្យក្រុមហ៊ុនចាក់បញ្ចាំងខ្សែភាពយន្ត Netflix ឱ្យលុបចោលរឿងភាគកូរ៉េខាងត្បូង Little Women នៅក្នុងប្រទេសខ្លួន ក្រោមហេតុផលបកស្រាយខុសពីព្រឹត្តិការណ៍នៅក្នុងសង្រ្គាមវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម នៅថ្ងៃទី៥ ខែតុលា។

 
នៅក្នុងភាគទី៨ នៃរឿងLittle Women អតីតទាហានជើងចាស់មួយរូបមកពីកូរ៉េខាងត្បូង បានរៀបរាប់ប្រាប់តួអង្គសំខាន់មួយរូបនៅក្នុងរឿងជុំវិញ ការសម្លាប់ទាហានវៀតកុង ២០រូប ដោយធៀននឹងការស្លាប់របស់ទាហានមកពីកូរ៉េខាងត្បូងមួយរូប។ ក្នុងរឿងភាគមួយនេះ ទាហានកូរ៉េខាងត្បូងច្រើនជាង ៣២ម៉ឺននាក់ ត្រូវបានបញ្ជូនទៅវៀតណាម ដើម្បីជួយអាម៉េរិកក្នុងសង្រ្គាមនៅវៀតណាម នៅចន្លោះឆ្នាំ ១៩៦៤ ដល់ឆ្នាំ១៩៧៣។ 
 
តួអង្គទាហានជើងចាស់រូបនោះ បានរៀបរាប់ថា ទាហានកូរ៉េខាងត្បូងមួយនាក់ បានសម្លាប់ទាហានវៀតណាមច្រើនជាង ២០រូបឯណោះ។ យ៉ាងណាមិញ គេមិនបានដឹងឡើយថាតើទាហានវៀតណាមខាងជើងប៉ុន្មានរូប ត្រូវបានសម្លាប់ដោយទាហានកូរ៉េខាងត្បូង។ 
 
ទាក់ទិននឹងប្រវត្តិសាស្រ្តខ្លួនបែបនេះ អាជ្ញាធរវៀតណាមទទួលបន្ទុកលើប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិច បានដាក់លិខិតមួយទៅក្រុមហ៊ុន Netflix ឱ្យលុបចោលរឿងកូរ៉េខាងត្បូងមួយនោះ នៅក្នុងប្រទេសខ្លួន ក្រោមហេតុផលបំពានច្បាប់ប្រទេស និងខុសប្រវត្តិសាស្រ្តវៀតណាម រួមទាំងជាការវាយប្រហារលើប្រទេស និងវីរបុរសវៀតណាម។ 
 
ក្នុងលិខិតដដែលនោះ វៀតណាមបា​នដាក់កំហិតឱ្យក្រុមហ៊ុន Netflix លុបចោលរឿងភាគកូរ៉េខាងត្បូងចេញត្រឹមថ្ងៃទី៥ ខែតុលានេះ ខណៈរឿងLittle Women នៅតែបន្តចាក់ផ្សាយនៅរសៀលថ្ងៃទី៥ ខែតុលាដដែល។ 
 
គួររំឭកថា ចាប់តាំងពីឆ្នាំ២០២០ ក្រុមហ៊ុន Netflix បានលុបរឿងចំនួន ៣ នៅវៀតណាម បន្ទាប់ពីមានការតវ៉ាពីអាជ្ញាធរ ជុំវិញការបំពានអធិបតេយ្យរបស់វៀតណាម៕ 
 
 

Tag:
 កូរ៉េខាងត្បូង
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com