ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ាណែត ជំរុញឲ្យបង្កើនទំនាក់ទំនងថែមមួយកម្រិតទៀតរវាងទ័ពជើងគោកកម្ពុជា-អូស្ត្រាលី
06, Oct 2022 , 11:59 am        
រូបភាព
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោក ស៊ីមុន ស្ទូអាត មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ចាប់គ្នា (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា)។
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោក ស៊ីមុន ស្ទូអាត មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ចាប់គ្នា (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា)។
 ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ឯក ស៊ីមុន ស្ទូអាត (Simon Stuart) មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានផ្តួចផ្តើមគំនិតឲ្យបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកប្រទេសទាំងពីរថែមមួយកម្រិតទៀត។



 
ជំនួបនេះ ប្រព្រឹត្តទៅក្នុងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ច និងចូលរួមពិធីពិព័រណ៍ការពារដែនគោគអន្តរជាតិ ដែលត្រូវបានរៀបចំឡើងនៅប្រទេសអូស្ត្រាលី។ 
 
លោកឧត្តមសេនីយ៍ឯក ស៊ីមុន ស្ទូអាត ឆ្លើយតបថា លោកឯកភាពចំពោះគំនិត និងសំណើរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី ថែមទាំងលើកឡើងថា ភាគីទាំងពីរ អាចពិនិត្យមើលកិច្ចសហប្រតិបត្តិការលើការងារជំនួយមនុស្សធម៌ និងការសង្គ្រោះពីគ្រោះមហន្តរាយបន្ថែមទៀតនៅពេលអនាគត។
 
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបានស្នើឲ្យមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចែករំលែកបទពិសោធពាក់ព័ន្ធនឹងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ លោក ហ៊ុន ម៉ាណែត ចែករំលែកអំពីវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងជួយឧបត្ថម្ភដល់កម្ពុជា ជាពិសេសក្នុងដំណាក់កាល ដែលកម្ពុជាស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។ 
 
ក្រៅពីជំនួបជាមួយមេបញ្ជាការកងទ័ពជើងគោកអូស្រ្តាលី លោក ហ៊ុន ម៉ាណែត ក៏មានជំនួបជាមួយមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសដទៃទៀតដែរ ដូចជា ជំនួបជាមួយលោកឧត្តមសេនីយ៍ទោ ចន បូស្វេល (John Boswell) មេបញ្ជាការកងទ័ពជើងគោកនូវែលសេឡង់ និងជំនួបជាមួយឧត្តមសេនីយ៍ឯក រ៉ូមីអូ ប្រ័រនើ ជូនៀ (Romeo S Brawner Junior) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ជាដើម ដែលបានទៅចូលរួមពិធីពិព័រណ៍ការពារដែនគោកអន្តរជាតិនៅអូស្ត្រាលីដែរ៕ 


លោក ហ៊ុន ម៉ាណែត និង លោកចន បូស្វេល (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា)។


លោក ហ៊ុន ម៉ាណែត ជួបលោក រ៉ូមីអូ ប្រ័រនើ ជូនៀ (រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា)។ 
 

Tag:
 កងទ័ពជើងគោកកម្ពុជា-អូស្ត្រាលី
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com