ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំចូលរថយន្តថ្មីពីថៃច្រើនជាងប្រទេសដទៃ ក្នុងអត្រាពន្ធសូន្យ
06, Oct 2022 , 4:58 pm        
រូបភាព
កម្ពុជា នាំចូលរថយន្តពីថៃស្ថិតក្នុងអត្រាពន្ធសូន្យ(រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
កម្ពុជា នាំចូលរថយន្តពីថៃស្ថិតក្នុងអត្រាពន្ធសូន្យ(រូបភាព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ភ្នំពេញ៖ កម្ពុជា នាំចូលរថយន្តថ្មីពីថៃស្ថិតក្នុងអត្រាពន្ធសូន្យ ប៉ុន្តែជាប់ពន្ធអាករពិសេស  និងអាករលើតម្លៃបន្ថែម។ ការនាំចូល បានកើនឡើងនេះ ដោយសាររថយន្តថ្មីមានតម្លៃសមរម្យ និងការបង្កើតរោងចក្រដំឡើងរថយន្ត នៅក្នុងស្រុក។



ឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងពង្រឹងការលក់រថយន្តថ្មីដល់ប្រជាជន។ រថយន្តភាគច្រើន ត្រូវបាននាំចូលជារថយន្តមូល។ ចំណែក រថយន្តផ្សេងទៀត ត្រូវបាននាំចូលជាគ្រឿងបង្គុំ និងយកមកដំឡើងនៅរោងចក្រក្នុងស្រុកផងដែរ។ ការណ៍នេះ បានធ្វើឱ្យរថយន្តលក់ក្នុងស្រុកមានតម្លៃទាប ដែលរថយន្តទាំងនោះនាំចូលពីប្រទេសថៃ។ ការនាំចូលរថយន្តថ្មី និងគ្រឿងបង្គុំសម្រាប់ដំឡើងនៅក្នុងស្រុក ក៏បានកើនឡើងគួរឱ្យកត់សម្គាល់។
 
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងក្នុងសន្និសីទសារព័ត៌មាន​ស្តីពីវឌ្ឍនភាពនៃការអនុវត្ដប្រមូលពន្ធលើយានយន្ដគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី៥ ខែតុលា ថា៖ «ការនាំចូលរថយន្តថ្មីភាគច្រើន គឺនាំចូលមកពីប្រទេសថៃ ព្រោះប្រទេសនេះជាសមាជិកអាស៊ាន និងជាសមាជិកនៃកិច្ចព្រមព្រៀង ATIGA (ASEAN Trade in Goods Agreement)។ ការនាំចូលរថយន្តមកពីថៃ ស្ថិតក្នុងអត្រាពន្ធសូន្យ ដោយជាប់តែអាករពិសេស និងអាករលើតម្លៃបន្ថែមប៉ុណ្ណោះ ដែលនាំឱ្យបន្ទុកពន្ធធ្លាក់ចុះ ធ្វើឱ្យតម្លៃរថយន្តធ្លាក់ចុះផងដែរ»។ 
 
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ(រូបភាព៖ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) 
 
អគ្គនាយកនៃអគ្គនាយកដ្ឋានគយរូបនេះ បានបន្ថែមថា នៅពេលពន្ធថយ ក្រុមហ៊ុនត្រូវតែលក់ក្នុងតម្លៃសមរម្យ។ លើសពីនេះការដំឡើងគ្រឿងបង្គុំ ដូចជារថយន្តហ្វត ដែលក្រុមហ៊ុន RMA បានបើករោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់។ RMA ដំឡើងក្នុងស្រុកផង ហើយគាត់នាំចូលរថយន្តផង។
 
រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តោ្យពលរដ្ឋ ប្រើប្រាស់រថយន្តថ្មី និងកាត់បន្ថយការប្រើប្រាស់រថយន្តមួយទឹក ព្រោះរថយន្តចាស់ អាចធ្វើឱ្យមានបន្ទុកចំណាយច្រើន ដូចការស៊ីសាំងច្រើន និងការចំណាយទៅលើការជួសជុសច្រើនជាដើម។
 
រាជរដ្ឋាភិបាល សម្រេចឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ទាំងប្រភេទ រួមទាំងរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ប៉ុន្តែការបង់ពន្ធនេះ រដ្ឋក៏សម្រេចពន្យារឱ្យពលរដ្ឋ ដល់ថ្ងៃទី៨តុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករ។ 
 
សូមរម្លឹកថា គិតមកត្រឹមថ្ងៃនេះ គឺសល់តែ២ថ្ងៃប៉ុណ្ណោះ នឹងដល់ឱសានវាទនៃយុទ្ធនាការប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់នៅកម្ពុជាហើយ។ ក្នុងនោះរថយន្តចង្កូតស្តាំចុះបញ្ជីប្រមាណ ៤០០០គ្រឿង ដែលមិនទាន់បង់ពន្ធ។ 
 
ចំពោះបញ្ហានេះ លោក គុណ ញឹម  កំពុងស្នើសុំថ្នាក់ដឹកនាំ ក្នុងការពន្យារពេលអនុវត្ដច្បាប់ប្រមូលពន្ធអាករលើរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលបានមកចុះបញ្ជីរួចនេះ៕
 
 
 

Tag:
 ThmeyThemy25
  ការនាំចូល
  អត្រាពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com