ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការសម្រេចឱ្យលោក សុន ឆ័យ ផ្ដល់សំណងជាង៣ពាន់លានរៀល ដល់CPP និងគជប
07, Oct 2022 , 4:01 pm        
រូបភាព
តុលាការដំបូងរាជធានីភ្នំពេញ សម្រេចឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ផ្ដល់ប្រាក់សំណងជំងឺចិត្តជាង៣ពាន់លានរៀល ដល់គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ នេះបើតាមការសម្រេចរបស់ចៅក្រម ហម ម៉េងសែ នៅរសៀលថ្ងៃទី៧ តុលា។



តុលាការ បានសម្រេចឱ្យលោក សុន ឆ័យ បង់ប្រាក់៩លានរៀល (២២៥០ដុល្លារ) និងសរសេរលិខិតសុំទោសជាផ្លូវការ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំពោះការចេញលិខិតសុំទោស គ.ជ.ប នេះ តុលាការទុករយៈពេល២ខែ ឱ្យអនុប្រធានគណបក្សភ្លើងទៀនរូបនេះ។

ជាមួយគ្នានេះ តុលាការក៏សម្រេចឱ្យ លោក សុន ឆ័យ បង់ប្រាក់៨លានរៀល(២ពាន់ដុល្លារ) ចូលរដ្ឋ និង៣ពាន់លានរៀន (៧៥ម៉ឺនដុល្លារ) ដល់គណបក្សប្រជាជនកម្ពុជា ។ ការប្រកាសសាលក្រមនេះ គ្មានវត្តមានលោក សុន ឆ័យ ចូលរួមឡើយ។

តែយ៉ាងណាលោក ជូ ជូងងី មេធាវីការពារក្តីលោក សុន ឆ័យ មិនយយល់ស្របតាមការសម្រេចរបស់តុលាការដំបូងឡើយ។ មេធាវីរូបនេះ នឹងពិភាក្សាជាមួយកូនក្តីខ្លួន ដើម្បីដាក់ពាក្យបណ្ដឹងទៅឧទ្ធរណ៍ ប្រឆាំងនឹងការសម្រេចរបស់តុលាការដំបូងនេះ។ លោក ជូងងី ប្រាប់អ្នកកាសែតបែបនេះ។

គណបក្សប្រជាជន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យបណ្ដឹងលើលោក សុន ឆ័យ ក្រោយអនុប្រធានបក្សភ្លើងទៀនរូបនេះ រិះគន់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នាអំឡុងខែមិថុនា កន្លងមកនេះ ត្រូវបានគ្រប់គ្រងស្ទើរទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងមានការគំរាមកំហែង និងលួចបន្លំសន្លឹកឆ្នោត។ ការរិះគន់ពីចំណុចអវិជ្ជមានលើការបោះឆ្នោតនេះ ជាដើមហេតុដែលជំរុញឲ្យគ.ជ.ប និងគណបក្សកាន់អំណាច ប្តឹងលោក។

 

Tag:
 សុន ឆ័យ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com