អត្ថបទពាណិជ្ជកម្ម
ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានបើកកិច្ចប្រជុំលើកទី១២ ដើម្បីពិភាក្សា អំពីយុទ្ធសាស្រ្តថ្មីៗរបស់សហគ្រិនខ្មែរឆ្លើយតបនឹងតម្រូវការសហគ្រិនក្នុងស្រុក
08, Oct 2022 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
នាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១២” នៅសហគ្រិនខ្មែរ។
 
ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល បានពិនិត្យ និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងត្រីមាសទីពីរឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែរ សហគ្រិនខ្មែរបាន បង្ហាញពីគ្រោងការណ៍ថ្មីៗ ជាយុទ្ធសាស្រ្តសម្រាប់ការអនុវត្តទៅលើកម្មវិធីស្នូលមួយចំនួន ស្របនឹងនិន្នាការបច្ចុប្បន្ន។
 
សហគ្រិនខ្មែរ បានគូសបញ្ជាក់អំពីគម្រោងការងារ ដែលស្របនឹងគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ដើម្បីជំរុញវិស័យសហគ្រិនភាពនៅកម្ពុជា ឲ្យដំណើរការកាន់តែរលូន ដោយឈរលើការគាំទ្រដល់វិស័យទាំង៤ រួមមានវិស័យ សេវាកម្ម កសិកម្ម បច្ចេកវិទ្យា និង កម្មន្តសាល។ 
 
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានកសាងប្រព័ន្ធអេកូឡូស៊ី សម្រាប់លើកកម្ពស់សហគ្រិនភាព ប្រកបដោយភាពរស់រវើកផងដែរ ដែលគិតមកទល់នឹងពេលនេះ សហគ្រិនខ្មែរដែលជាថ្នាលជាតិ សម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពរបស់រិស័យសហគ្រិនភាព បានបន្ដពង្រីកកម្មវិធីគាំទ្រសហគ្រិនភាព ដូចជាការប្រកួតប្រជែងគំរូអាជីវកម្ម ទាំងសម្រាប់សិស្សានុសិស្សវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ការបង្កើតព្រមទាំងចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីបណ្តុះបណ្តាលថ្មីៗ ឆ្លើយតបនឹងភាពចាំបាច់សម្រាប់ការលូតលាស់របស់សហគ្រិនក្នុងស្រុក និងការបន្តពង្រីកវិសាលភាពទំនាក់ទំនងអាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាសិក្សារអំពីគម្រោងវិនិយោគសហគ្រាសនៅកម្ពុជាផងដែរ។


 
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាបរធនបាល ក៏បានស្វាគមន៍សមាជិកក្រុមប្រឹក្សារបរធនបាលថ្មី ដែលអញ្ជើញមកពី វិស័យឯកជននិងរដ្ឋ ដែលបានផ្ដល់អនុសាសន៍មកសហគ្រិនខ្មែរ ដើម្បីបន្ដអនុវត្តកម្មវិធីក្នុងឆ្នាំបន្ទាប់។
 
ជាចុងក្រោយ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងអំណរគុណ សមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងបានវាយតម្លៃខ្ពស់ ដល់ក្រុមការងារដែល
បានខិតខំបំពេញការងារ ទទួលបានវឌ្ឍនភាពល្អប្រសើរ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខ ប្រកបដោយចីរភាព៕












 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com