ជាតិ
ម៉ូតូធំជាង ១០០គ្រឿងត្រូវបានរក្សាទុកនៅអគ្គនាយកដ្ឋានគយ ដោយសារមិនមានពន្ធត្រឹមត្រូវ
08, Oct 2022 , 4:59 pm        
រូបភាព
រូបតំណាង (ក្រុមម៉ូតូធំ ដែលបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប)។ រូបភាព៖ RMS Cambodia
រូបតំណាង (ក្រុមម៉ូតូធំ ដែលបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប)។ រូបភាព៖ RMS Cambodia
ដោយ:
ភ្នំពេញ៖ ក្រុមម៉ូតូធំ បានជួបជុំគ្នានៅស្ថានីយប្រេងឥន្ធនៈមួយ នៅផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីចេញទៅកម្សាន្តនៅតំបន់ប្រាសាទក្នុងខេត្តសៀមរាប និងគ្រោងត្រឡប់មករាជធានីភ្នំពេញវិញនៅថ្ងៃទី៩ តុលា។ ប៉ុន្តែនាយកដ្ឋានគយ  និងរដ្ឋាកររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ដោយសង្ស័យម៉ូតូទាំងនោះមិនមានពន្ធត្រឹមត្រូវ។ ក្នុងប្រតិបត្តិការនេះ នាយកដ្ឋានគយ បានពិនិត្យឃើញម៉ូតូមួយចំនួនមិនមានពន្ធតាមច្បាប់។


 
លោក គង់ មាឃនិន្ទ ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌជ្រោយចង្វារ បានប្រាប់សារព័ត៌មានថ្មីៗ ថាការចុះត្រួតពិនិត្យការជួបជុំនៃក្រុមម៉ូតូធំ នៅខណ្ឌជ្រោយចង្វារ ដើម្បីពិនិត្យថាម៉ូតូទាំងនោះមានបង់ពន្ធតាមច្បាប់ ឬអត់។ ក្នុងប្រតិបត្តិការនៅព្រឹកថ្ងៃទី៨ តុលានេះ នាយកដ្ឋានគយ និងរដ្ឋាករសាខារាជធានីភ្នំពេញបានពិនិត្យឃើញម៉ូតូជាង ១០០គ្រឿងមិនមានពន្ធត្រឹមត្រូវតាមច្បាប់ឡើយ ចំណែកម៉ូតូដែលបានបង់ពន្ធត្រឹមត្រូវ ត្រូវបានអនុញ្ញាតឱ្យបន្តដំណើរធម្មតា។
 
លោក គង់ មាឃនិន្ទ បញ្ជាក់យ៉ាងដូច្នេះ៖«ក្នុងចំណោមម៉ូតូទាំងនោះ ខ្លះមានស្លាកលេខ តែជាស្លាកលេខក្លែងក្លាយ ខ្លះមិនបានបង់ពន្ធ ហើយមួយចំនួនទៀតបង់ពន្ធមិនគ្រប់ឆ្នាំ។ ម៉ូតូជាង ១០០គ្រឿងនោះយើងរក្សាទុកនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករសាខារាជធានីភ្នំពេញ ដើម្បីឱ្យពួកគាត់បង់ពន្ធតាមច្បាប់»។
 
យ៉ាងណាមិញ ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌជ្រោយចង្វាររូបនេះ អះអាងថា អគ្គនាយកដ្ឋានគយ នឹងបន្តចុះត្រួតពិនិត្យករណីយានយន្តដែលមិនបានបង់ពន្ធត្រឹមត្រូវ។ លោក គង់ មាឃនិន្ទ ក៏បានអំពាវនាវឱ្យម្ចាស់យានយន្តទាំងអស់បង់ពន្ធអាករឱ្យបានត្រឹមត្រូវតាមច្បាប់៕
 

Tag:
 គយ
  ម៉ូតូធំ
© រក្សាសិទ្ធិដោយ thmeythmey.com