ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ក្រៅពីសង់ជម្រាល អាជ្ញាធឃុំអន្លង់ត្នោត បានផ្តល់សេវាយ៉ាងល្អដល់ពលរដ្ឋមានពិការភាព
09, Oct 2022 , 2:29 pm        
រូបភាព
ដោយ៖ ព្រំ វិសាល និង ផាន់ សុកហួយ (យុវជនឃុំអន្លង់ត្នោត)
 
ស្រុកក្រគរ, ខេត្តពោធិ៍សាត់៖ អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងឃុំងន្លង់ត្នោតមានពលរដ្ឋដែលមានពិការភាព ១៦២នាក់ ក្នុងនោះមានទាំងអ្នកដែលមានពិការភាពជើង ពិការភាពភ្នែក ខ្សោយបញ្ញា និងគរ ថ្លង់ជាដើម។ បើតាមអ្នកស្រី ប៊ិន ស៊ីវឡា អាជ្ញាធរឃុំបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនមានពិការភាពនៅក្នុងឃុំ ដោយបានសង់ជម្រាលជនពិការនៅអគាររដ្ឋបាលឃុំ។ ក្រៅពីមានជម្រាលសម្រាប់ជនមានពិការភាព អាជ្ញាធរឃុំអន្លង់ត្នោត ក៏បានផ្តល់អាទិភាពក្នុងការទទួលបានសេវារដ្ឋបាល និងការយកចិត្តទុកដាក់ផ្សេងៗបន្ថែមដល់ពលរដ្ឋដែលមានពិការភាពផងដែរ។ ជុំវិញការសង់ជម្រាលនេះ ពលរដ្ឋមានពិការភាព២រូប រស់នៅក្នុងឃុំអន្លង់ត្នោត  យល់ថា ជម្រាលនេះបានផ្តល់ភាពងាយស្រួលដល់ខ្លួន និងជនមានពិការភាពដទៃទៀត ក្នុងការធ្វើដំណើរឡើងទៅអគាររដ្ឋបាលឃុំ។ 

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
 
 
អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា អាជ្ញាធរឃុំបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនមានពិការភាពនៅក្នុងឃុំ ដោយការផ្តល់អាទិភាពនៅពេលពួកគាត់មកទទួលសេវានានានៅសាលាឃុំ។ ជាមួយគ្នានេះ អគាររដ្ឋបាលឃុំថ្មីនេះ ក៏មានជម្រាលសម្រាប់ពលរដ្ឋដែលមានពិការភាពដែរ ដើម្បីផ្តល់ភាពងាស្រួលបន្ថែមដល់អ្នកមានពិការភាពទាំងអស់។
 
បើតាមអ្នកស្រី ប៊ិន ស៊ីវឡា ក្នុងឃុំអន្លង់ត្នោត មានពលរដ្ឋដែលមានពិការភាពសរុប ១៦២នាក់ ក្នុងនោះគឺរាប់ទាំងអ្នកមានពិការភាពជើង ពិការភាពផ្នែក និងគរថ្លង់ជាដើម។ អ្នកស្រី ប៊ិន ស៊ីវឡា ពន្យល់បន្ថែមពីការយកចិត្តទុកដាក់លើជនមានពិការភាពទៀតថា៖ អ្នកស្រីមេឃុំ ប៊ិន ស៊ីវឡា បន្តទៀតថា នៅពេលជនពិការមកទទួលសេវានៅសាលាឃុំ គឺមានការយកចិត្តទុកដាក់ ព្រោះមានក្រុមប្រឹក្សាឃុំ ដែលជាអ្នកអចិន្ត្រៃយ៍មានសមាជិក៧រូប។ គាត់បន្ថែមថា ៖ «ជនពិការភាពនេះ បើមកដល់(សាលាឃុំ) ឧទាហរណ៍ថាអ្នកទទួលសេវា១០នាក់ (ក្នុងនោះ)ជនពិការ២នាក់ ឬក៏១នាក់ គឺយើងយកចិត្តទុកដាក់គាត់មុនហើយ។ ទីមួយគាត់ដើរអត់រួច ទីពីរអាចថាគរថ្លង់ ហើយជួនកាលងងឹត(ភ្នែក) អ៊ីចឹងយើងផ្តល់ឱ្យគាត់មុន។ ហើយឧទាហរណ៍បើសិនថាមក អ្នកមាំទាំក្នុងការឌុបគាត់យកមក ទាំងរទេះ ទាំងមនុស្ស ហ្នឹងគាត់ទៅវិញដោយសុវត្ថិភាពរបស់គាត់។ តែបើទៅ(ផ្ទះ)វិញ អត់រួច យើងមានក្រុមប្រឹក្សាឃុំយើងជូន ជួយគាត់ដល់ផ្ទះ»។ 
 
ក្រៅពីជួយសម្រួលការងារផ្តល់សេវាផ្សេងៗដល់ជនមានពិការភាពហើយនោះ អាជ្ញាធរឃុំ ក៏មានការផ្តល់សេវា និងធ្វើឯកសារផ្សេងៗដល់ផ្ទះពលរដ្ឋមានពិការភាព ដែលមិនអាចធ្វើដំណើរមកសាលាដោយផ្ទាល់បានទៀតផង។ នេះជាការបញ្ជាក់បន្ថែមរបស់ អ្នកស្រី ប៊ិន ស៊ីវឡា។ 
 
ជុំវិញការសង់ជម្រាលនេះ លោក ទូច កាដុំ ជាជនមានពិការភាពដែលរស់នៅក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រាប់ថា លោកធ្លាប់ទៅទទួលសេវានៅសាលាឃុំជាញឹកញាប់ដូចជាទៅធ្វើសៀវភៅគ្រួសារ និងឯកសារធ្វើអត្តសញ្ញាណបណ្ណជាដើម។ បើតាមបុរសវ័យ៥៦ឆ្នាំរូបនេះ ​បានអះអាងទៀតថា អាជ្ញាធរឃុំ មានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើខ្លួន នៅពេលទៅរកសេវារដ្ឋបាល។
 
លោក ពុធ លាង គឺជាពលរដ្ឋដែលមានពិការភាពម្នាក់ទៀត រស់នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ។ លោក ពុធ លាង ត្រេកអរដែលឃុំមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់ពលរដ្ឋដែលមានពិការភាពដូចខ្លួន៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារ នៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ជម្រាលជនពិការ
  សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com