ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ រាល់ជោគជ័យ និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីជំនួយរបស់អាល្លឺម៉ង់ឡើយ
10, Oct 2022 , 4:09 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ស្តេហ្វាន​
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ស្តេហ្វាន​
ក្នុងជំនួបជាមួយលោក ស្តេហ្វាន អានតុន ម៉េសសឺរើ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអាល្លឺម៉ង់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលេចឡើងពីការជួយជ្រោមជ្រែងរបស់អាល្លឺម៉ង់ដល់កម្ពុជា ហើយសម្តេច បានអរគុណដល់ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់។ លោក ស្តេហ្វាន ដែលទើបនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានចូលជួបសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

 
«សម្ដេច បានមានប្រសាសន៍ថា រាល់ជោគជ័យរបស់កម្ពុជា និងការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជាយើង ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩»។ នេះជាសំណេរលើទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី។ 
 
លោក ស្តេហ្វាន បានអបអរសាទរប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោក អះអាងថា អាល្លឺម៉ង់ មានសេចក្ដីរីករាយ ដែលបានចូលរួមជួយកម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលបានជោគជ័យរបស់កម្ពុជា។ លោក ជម្រាបមេដឹកនាំកម្ពុជាថា ក្នុងបេសកកម្មការទូតនេះ លោក នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសជំរុញឲ្យមានវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា៕ 
 
 
 

Tag:
 ហ៊ុន សែន
  Stefan
  កម្ពុជា-អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com