អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB រៀបចំកម្មវិធីបរិច្ចាគឈាម លើកទី២ ក្នុងឆ្នាំ២០២២
10, Oct 2022 , 3:59 pm        
រូបភាព
រាជធានីភ្នំពេញ៖ ការបរិច្ចាគឈាម ពីសំណាក់សប្បុរសជន ចាប់ផ្តើមផុសផុលឡើងវិញ ក្រោយពេលថម​ថយ រាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២២នេះ។ ស្របពេលដែលតម្រូវការឈាមប្រើប្រាស់ប្រចាំថ្ងៃ ប្រមាណ ២៥០ប្លោក ទៅ ៣០០ប្លោក បរិមាណឈាមដែលបានបរិច្ចាគ ហាក់នៅមិនទាន់បំពេញគ្រប់តម្រូវការ ដើម្បីជួយអាយុជីវិតជនរងគ្រោះនៅឡើយ។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ហេតុនេះហើយ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំកម្មវិធីបរិច្ចាគឈាម ជាលើកទី២ ក្នុងឆ្នាំនេះ ដោយមានការចូលរួមដោយស្ម័គ្រចិត្ត ពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល​ធនាគារ។
 
លោកស្រី អុំ ចិន្តាភក្តី នាយកធនធានមនុស្ស នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «ការបរិច្ចាគឈាម គឺជាការផ្តល់អំណោយដ៏ល្អប្រពៃ និងជាបុណ្យកុសលមិនអាចកាត់ថ្លៃបាន សម្រាប់ជួយសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះ ដែលកំពុងត្រូវការឈាមជាចាំបាច់ ជារៀងរាល់ថ្ងៃ។ ធនាគារ CIMB មានក្តីសោមនស្សរីករាយ ក្នុងការរួមចំណែក បរិច្ចាគឈាម ជាលើកទី២ ក្នុងឆ្នាំនេះ តាមរយៈមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបំពេញតម្រូវការឈាម ដែលកំពុងខ្វះខាត។ យើងខ្ញុំសូមលើកទឹកចិត្ត ដល់អ្នកទាំងអស់គ្នា ដែលមានសុខភាពល្អជាធម្មតា ចូលរួមបរិច្ចាគឈាម ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ព្រោះការបរិច្ចាគឈាម មិនមានផលប៉ះពាល់ ដល់សុខភាពឡើយ ហើយការចូលរួមបរិច្ចាគឈាមនេះ នឹងផ្តល់ផលត្រឡប់ នៅគ្រាណាមួយ ដែលយើងខ្លួនឯងផ្ទាល់ត្រូវការវិញផងដែរ។»។


 
បើតាមការណែនាំរបស់គ្រូពេទ្យជំនាញ ការបរិច្ចាគឈាម មិនបានផ្តល់ផលប៉ះពាល់អ្វីឡើយ ចំពោះអ្នកមានសុខភាពល្អប្រក្រតី ហើយគ្រូពេទ្យជំនាញតែងតែពិនិត្យសុខភាពជាមុនយ៉ាងហ្មត់ចត់ មុននឹងអនុញ្ញាតឲ្យ​បរិច្ចាគឈាម។ ការបរិច្ចាគឈាមម្តង មានបរិមាណ ៣៥០មីលីលីត្រ ដែលស្មើនឹងប្រមាណ ៧ភាគរយតែប៉ុណ្ណោះ នៃបរិមាណឈាមសរុប ក្នុងខ្លួនមនុស្ស ដែលមិនបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ។ ហើយគ្រាប់ឈាមនឹងកកើតឡើងវិញ ដោយឯកឯងឆាប់រហ័ស ជារៀងរាល់ថ្ងៃ។ ក្រៅពីបានជួយសង្គ្រោះអាយុជីវិត ដល់ជនរងគ្រោះ ដែលកំពុងត្រូវការឈាម ការបរិច្ចាគឈាម ក៏ផ្តល់នូវអត្ថប្រយោជន៍មួយចំនួន ដល់សុខភាពរបស់អ្នកបរិចាគផ្ទាល់ផងដែរ ដូចជាកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង ជំងឺមហារីកថ្លើម សួត ពោះវៀនធំ ក្រពះ និងបំពង់កជាដើម ។ល។
 
សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយាល និងអង្គការនានា ក្នុងប្រទេសកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់និស្សិតសិក្សា ទាំងក្នុង និងក្រៅប្រទេស | វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម ឧបត្ថម្ភដល់ការទប់ស្កាត់នៃការរាតត្បាតជំងឺកូវីដ-១៩ និងបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា មណ្ឌលសុខភាពព្រែកដំបូក មន្ទីរពេទ្យបង្អែកបាទី និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាដើម | វិស័យសង្គមកិច្ច ដោយធនាគារបានឧបត្ថម្ភដល់កាកបាទក្រហម ផ្តល់ជំនួយដល់អ្នករងគ្រោះធម្មជាតិ និងមជ្ឈមណ្ឌលកុមារកំព្រានានា ព្រមទាំងផ្នែកបរិស្ថាន ដោយធនាគារបានចូលរួមដាំកូនឈើ នៅតាមសាលារៀន និងប្រសាទបន្ទាយក្តីជាដើម។ 
 


អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥ ០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
 
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទី ពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយ ក្នុងតំបន់អាស៊ាន។​ ធនាគារនេះ មានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន​នៅប្រទេសទាំង ១០ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាម៉េរិក ​និង​ចក្រភពអង់គ្លេស​។


 
ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០​ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​ 
 
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្ម តាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូណេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
 
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៤ ០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់៕
 
សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

លោក ស្រេង ភារុណ
ប្រធាន​ ទីផ្សារ​ និងទំនាក់ទំនង
ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥
ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩
អ៊ីមែល៖ [email protected]
 
អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com