ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលក្រមតុលាការបារាំងករណីលោក ហុក ឡង់ឌី៖ លោក សម រង្ស៊ី ឈ្នះ, សម្តេច ហ៊ុន សែន ជោគជ័យ
11, Oct 2022 , 9:41 am        
រូបភាព
ពីពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី១១ តុលា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីភាពជោគជ័យរបស់ខ្លួន លើបណ្ដឹងទៅលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ជុំវិញមរណភាពលោក ហុក ឡង់ឌី នៅតុលាការប្រទេសបារាំង។លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ក៏បានប្រកាសពីជ័យជម្នះខ្លួនដែរ។



សម្ដេច ហ៊ុន សែន បាននិយាយថា តុលាការបារាំង បានរកភាពស្អាតស្អំឱ្យខ្លួន ដោយមិនជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់លោក ហុក ឡង់ឌី ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨នោះទេ ។ សម្ដេច ហ៊ុន សែន បានបន្ថែមថា នៅក្នុងសវនាការបារាំងនោះ លោក សម រង្ស៊ី គ្មានភស្តុតាងអ្វីចោទមកសម្ដេច ជុំវិញករណីមរណភាពលោក ហុក ឡង់ឌី ឡើយ។
 
សម្ដេច ហ៊ុន សែន បានអានសេចក្តីសម្រេចរបស់តុលាការបារាំង ដូច្នេះ៖ «ការចោទប្រកាន់នេះ ជាការបរិហាកេរ្តិ៍លោក ហ៊ុន សែន ដែលភាគីជនជាប់ចោទ(លោក សម រង្ស៊ី ) មិនបានបដិសេដនោះទេ »។ 
 
ដ្បិតសម្ដេច ហ៊ុន សែន ជោគជ័យលើរឿងក្តីនេះ តែសម្ដេច មិនបានទទួលបានសំណងទាមទារ ១អឺរ៉ូ ពីលោក សម រង្ស៊ី នោះទេ។ សម្ដេច ក៏មិនប្ដឹងឧទ្ធរណ៍ទៀតដែរ ព្រោះសម្ដេចពេញចិត្តនឹងការសម្រេចរបស់សាលក្រមតុលាការបារាំងនេះ។ 
 
«ខ្ញុំបានសម្អាតខ្លួន ដោយតុលាការបារាំង (រកភាពត្រឹមត្រូវ)»។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
ដោយឡែកលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងរស់នៅប្រទេសបារាំងនោះ ក៏ប្រកាសពីជ័យជម្នះខ្លួនលើក្ដីក្ដាំនេះដែរ។ លោក សម រង្ស៊ី បានអះអាងថា លោកគ្មានទោសកំហុសអ្វីទេ ។ លោក បន្ថែមថា តុលាការប្រទេសបារាំង ទទួលស្គាល់ជាឱឡារឹក ថាការតស៊ូរបស់លោក ជាការតស៊ូត្រឹមត្រូវ ។ 
 
លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកខ្លួនថា ៖«សេចក្តីសម្រេចថ្ងៃនេះ របស់តុលាការ មិនមែនគ្រាន់តែជាជ័យជម្នះផ្ទាល់ខ្លួនមួយទេ តែជាការនាំមកផងដែរ នូវសេចក្តីសង្ឃឹម ដល់អ្នកការពារសេរីភាព និងយុត្តិធម៌ នៅប្រទេសកម្ពុជា និងប្រទេសដទៃទៀត»។

ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី នេះ ត្រូវបានសម្ដេច ហ៊ុន សែន ចំអកវិញថា លោក សម រង្ស៊ី ឈ្នះ ដោយសារតុលាការមិនបានសម្រេចឱ្យបង់លុយ១អឺរ៉ូ ជូនសម្ដេច តាមបណ្ដឹងទាមទារប៉ុណ្ណោះ។ ប្រមុខរដ្ឋាភិបាល ក៏បានផ្ដាំដៃគូនយោបាយប្រឆាំងខ្លួនជិត៣០ឆ្នាំនេះទៀតថា បើមិនសុខចិត្តលើការសម្រេចរបស់តុលាការ ហើយប្ដឹងទៅឧទ្ធរណ៍បារាំងនោះ សម្ដេច កំដរលេងបានគ្រប់ពេល។ 

កន្លងមកលោក សម រង្ស៊ី បានចោទសម្ដេច ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយ មរណភាពរបស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដោយសារការផ្ទុះយន្តហោះ កាលពីឆ្នាំ២០០៨ ។ មេដឹកបនាំប្រឆាំងមួយនេះ បានអះអាងទៀតថា លោក ឌី វិជ្ជា ដែលជាកូនប្រុសលោក ហុក ឡង់ឌី ក៏មានបំណងសងសឹកឱ្យឪពុកផងដែរ ដោយមានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គាំទ្រផែនការសងសឹកនេះ។ នេះជាមូលហេតុ ដែលនាំឱ្យសម្តេច ហ៊ុន សែន និងលោក ឌី វិជ្ជា រួមគ្នាប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំងពីបទបរិហារកេរ្តិ៍ តាំងពីអំឡុងខែសីហា ឆ្នាំ២០១៩មកម្ល៉េះ។ 
 
សម្តេច ស ខេង ក៏ប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ដែរ តែសម្តេច សម្រេចដាក់បណ្តឹងនៅតុលាការស្រុកខ្មែរ មិនដាក់បណ្តឹងទៅតុលាការបារាំងនោះទេ៕
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com