ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលក្រម​តុលាការ​បារាំង​៖ លោក ហ៊ុន ម៉ា​នី ថាស​ម្តេច ហ៊ុន សែន ជា មាស​សុទ្ធ មិន​ខ្លាច​ភ្លើង​
11, Oct 2022 , 10:37 pm        
រូបភាព
សម្ដេច ហ៊ុន សែន និងលោក ហ៊ុន ម៉ានី។ រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
សម្ដេច ហ៊ុន សែន និងលោក ហ៊ុន ម៉ានី។ រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
​ភ្នំពេញ​៖ តាមរយៈ​សាលក្រម​សាលាដំបូង​របស់​តុលាការ​ប្រទេស​បារាំង លោក ហ៊ុន ម៉ា​នី អះអាងថា សេចក្ដីសម្រេច​របស់​តុលាការ​បារាំង បានផ្ដល់​នូវ​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដល់​សម្ដេច ហ៊ុន សែន ថែមទៀត​។​

 
​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រកាស​សាលក្រម​នៅឯ​ប្រទេស​បារាំង​ជុំវិញ​សំណុំរឿង​ដែល​សម្តេច ហ៊ុន សែន ប្ដឹង​លោក​សម រង្ស៊ី សម្ដេច ហ៊ុន សែន បាន​អាន​សេចក្តីសម្រេច​នោះ​ដែល​បញ្ជាក់ថា សម្តេច​មិនបាន​ពាក់ព័ន្ធ​នឹង​ករណី​មរណភាព​របស់លោក ហុក ឡងឌី នៅក្នុង​ហេតុការណ៍​ធ្លាប់​ឧទ្ធម្ភាគចក្រ​ក្នុង​ឆ្នាំ​២០០៨ តាម​ការចោទប្រកាន់រ​ប​ស់លោក សម រង្ស៊ី​នោះឡើយ​។​
 
​លោក ហ៊ុន ម៉ា​នី ដែលជា​កូន​ផង និង​ជា​សមាជិក​របស់​គណបក្ស​កាន់អំណាច​ផង បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​បារាំង ដែល​អត្ថាធិប្បាយ​ថា បានផ្តល់​ភាព​ស្អាតស្អំ​ដល់​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា​។ សម្រាប់​លោក ហ៊ុន ម៉ា​នី សាលក្រម​របស់​តុលាការ​បារាំង​បាន​បង្ហាញថា ការចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ពី​ក្រុម​ចលនា​ប្រឆាំង គឺជា​ការប៉ុនប៉ង បំភ្លៃ​ការពិត​ដើម្បី​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ​។​
 
​លោក ហ៊ុន ម៉ា​នី បាន​សរសរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖«​តែ​ទោះ​យ៉ាងណាក្ដី ទង្វើ​ទាំងនោះ​តែង​ទទួល​បរាជ័យ ដោយសារ មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​។ សម្តេច​តេ​ជោ​គឺជា​មាស​សុទ្ធ ដែល​មិន​ខ្លាច​ការ​ប្រឈម​ជាមួយ​សកម្មភាព​ចោទប្រកាន់​អគតិ​ណាមួយ​ឡើយ​។​»​។​
 
​សេចក្តីសម្រេច​របស់​តុលាការ​ទីក្រុង​ប៉ារីស បានអនុញ្ញាត​ឱ្យ លោក ហ៊ុន ម៉ា​នី បាន​រម្លឹក​ឡើងវិញ​អំពី​វីរភាព និង​ការលះបង់​របស់​ឪពុក​របស់លោក​ចំពោះ​ប្រទេសជាតិ​ទៀតផង​។ ការលះបង់​ជីវិត​ក្នុង​១០៥​សមរភូមិ ការផ្តួលរំលំ​របប​ខ្មែរក្រហម ការស្វែងរក​សន្តិភាព និង​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​ដើម្បី​បង្រួបបង្រួម​ទឹកដី គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​របស់​សម្តេច ហ៊ុន សែន​។ នេះ​បើតាម​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​នី ដែល​អះអាងថា គ្មាន​អ្នកណា​អាច​បំភ្លៃ​បាន​។​
 
​ទន្ទឹមគ្នានេះ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ក៏​និយាយ​ចំអក​ដល់​អ្នកនយោបាយ និង​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​មួយចំនួន ថា​ពួកគេ​មិនបាន​ខ្វល់ខ្វាយ និង​គិតគូរ​អំពី​ផលប៉ះពាល់​នានា​មកលើ​កម្ពុជា ដែល​កើតចេញពី​ការផ្ទុះ​ជំងឺ​កូ​វីដ និង​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​នោះទេ​។ 
 
​លោក ហ៊ុន ម៉ា​នី បាន​ធៀប​ប្រៀប​សម្តេច ហ៊ុន សែន ទៅនឹង​អ្នកដឹកនាំ​ប្រទេស​ពិតប្រាកដ រីឯ​អ្នកនយោបាយ​ប្រឆាំង គឺជា​អ្នក​តាំងខ្លួន​ជា​អ្នកដឹកនាំ​៕

© រក្សាសិទ្ធិដោយ thmeythmey.com