អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំហុងកុងថា ទណ្ឌកម្មអាម៉េរិក ​ជា​រឿង​ព្រៃ​ផ្សៃ
12, Oct 2022 , 11:34 am        
រូបភាព
ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង John Lee ។ រូបថត Xinhua
ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង John Lee ។ រូបថត Xinhua
មេដឹកនាំហុងកុង នៅសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែតុលា បង្ហាញការហួសចិត្តចំពោះសំ​ណួរ​ទាក់​ទងនឹងទណ្ឌកម្មអាម៉េរិកលើលោកបន្ថែមទៀត។

 
ក្នុងការឆ្លើយតបនឹងសំណួរអំពីផលប៉ះពាល់របស់ទណ្ឌកម្មអាម៉េរិក នាយកប្រតិបត្តិតំបន់រដ្ឋបាល​ពិសេសហុងកុង John Lee អះអាងថា ទង្វើរបស់អាម៉េរិកបែបនេះ ជា​ទង្វើ​ព្រៃផ្សៃ​ណាស់ ហើយ​លោក​នឹង​មិនអធិប្បាយ​លើ​ផលប៉ះពាល់​នៃ​ទង្វើ​ព្រៃផ្សៃ​បែប​នេះ​ទេ។
 
«យើងអស់សំណើចពីអ្វីដែហៅថាទណ្ឌកម្ម»។ លោក Lee បានលើកឡើងបែបនេះរួចបន្តរិះគន់​អាម៉េរិក និងលោកខាងលិចថា ចេះតែដាក់ទណ្ឌកម្មលើប្រទេស និងបុគ្គលដទៃដោយគ្មាន​មូលដ្ឋាន​ច្បាប់ និងដោយឯកតោភាគី​ ឬធ្វើឡើងតែក្នុងចំណោមប្លុកខ្លួនឯង។ ចំណែកឯហុងកុងវិញសន្យានឹង អនុលោម​តាម​ដំណោះស្រាយ​ណាមួយ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ទណ្ឌកម្មព្រោះ​ហុងកុង​មាន​មូលដ្ឋាន​ច្បាប់​ដើម្បី​អនុវត្ត​តាម។
 
លោក Lee ជាមន្ត្រីចិនម្នាក់ក្នុងចំណោមមន្ត្រីចិនជាច្រើននាក់ដែលត្រូវបានរងទណ្ឌកម្មអាម៉េរិកក្នុងឆ្នាំ ២០២០ ដោយសារពាក់ព័ន្ធការធ្វើឱ្យធ្លាក់ចុះសេរីភាពនយោបាយនៅក្នុងទីក្រុងហុងកុង។
 
ការលើកឡើងរបស់មេដឹកនាំហុងកុងខាងលើ កើតឡើងស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឱ្យអាជ្ញាធរទីក្រុងនេះចាត់វិធានការលើនាវាកម្សាន្តរបស់មហាសេដ្ឋីរុស្ស៊ីលោក Alexei Mordashov ដែលរងទណ្ឌកម្មលោកខាងលិច ដោយសារមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ នាវាកម្សាន្តនេះ ទៅដល់​ក្រុង​ហុងកុង​កាល​ពីថ្ងៃទី៥ ខែតុលា។​ ខណៈដែលហុងកុងមិនធ្វើអ្វី អាម៉េរិកព្រមានហុងកុងថា កំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះ​ខ្លួនឯងក្នុង​នាម​ជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ៕
 
 
 

Tag:
 ហុងកុង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com