អន្តរជាតិ
តបយុទ្ធសាស្រ្តសន្តិសុខជាតិអាម៉េរិក ចិនថាគ្មានឃើញប្រយោជន៍អ្វីក្នុងជម្លោះភូមិសាស្រ្តនយោបាយ
14, Oct 2022 , 9:29 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning។ រូបភាពយកពីក្រសួងការបរទេសចិន
 តបនឹងយុទ្ធសាស្រ្តសន្តិសុខជាតិរបស់អាម៉េរិក អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី១៣ ខែតុលា បានថ្លែងថា វាគ្មានផលប្រយោជន៍អ្វីឡើយ ក្នុងការបង្កជម្លោះភូមិសាស្រ្តនយោបាយ ឬការប្រកួតប្រជែងមហាអំណាច។ ត្រង់ចំណុចនេះ ចិនបានជំរុញជាថ្មីឱ្យអាម៉េរិក ទម្លាក់ចោលផ្នត់គំនិតបែបសង្រ្គាមត្រជាក់។


 
សេតវិមាន នៅថ្ងៃទី១២​ ខែតុលា បានចេញផ្សាយយុទ្ធសាស្រ្តសន្តិសុខជាតិដែលត្រូវពន្យារពេលជាយូរ។ ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រនេះមានការទប់ស្កាត់ការកើនឡើងអំណាចរបស់ចិន និងបង្ការគ្រោះថ្នាក់របស់រុស្ស៊ី។ បើតាមឯកសារនោះ ចិនជាការប្រឈមភូមិសាស្រ្តនយោបាយដ៏សំខាន់របស់អាម៉េរិក។ 
 
ក្រោយការចេញផ្សាយខាងលើ ១ថ្ងៃ ក្រសួងការបរទេសចិន បានជំទាស់យុទ្ធសាស្រ្តសន្តិសុខជាតិអាម៉េរិក និងអំពាវនាវជាថ្មីឱ្យក្រុងវ៉ាស៊ីនតោនលុបចោលផ្នត់គំនិតបែបសង្រ្គាម។ 
 
«យើងមិនឃើញមានផលប្រយោជន៍ណាមួយក្នុងការបង្កជម្លោះភូមិសាស្រ្តនយោបាយ ឬការប្រកួតប្រជែងមហាអំណាចឡើយ»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៣ ខែតុលា ដោយបន្តថា ផ្នត់គំនិតបែបសង្រ្គាមត្រជាក់បែបនេះ នឹងមិនត្រូវបានស្វាគមន៍ដោយដោយសហគមន៍អន្តរជាតិឡើយ។ 
 
មន្រ្តីក្រសួងការបរទេសចិនដដែលនេះបានបន្តថា ចិនតែងជាកម្លាំងសម្រាប់សន្តិភាពពិភពលោក, ចូលរួមការអភិវឌ្ឍសកល, ការពារសណ្តាប់ធ្នាប់ពិភពលោក និងតែងធ្វើជាអ្នកសម្របសម្រួលក្នុងបញ្ហាសំខាន់ៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ 
 
ទាក់ទិននឹងបញ្ហានេះ លោកស្រី Mao Ning បានកត់សម្គាល់ថា ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន នឹងទទួលបានផលប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយវានឹងមានការបាត់បង់ទាំងសងខាង ប្រសិនបើប្រឈមមុខ។ មន្រ្តីចិនរូបនេះ បានជំរុញឱ្យអាម៉េរិកអនុវត្តគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ 
 
កន្លងមក អាម៉េរិក តែងបញ្ជាក់ថា ខ្លួនមិនចង់ស្វះស្វែងរកសង្រ្គាមត្រជាក់ជាមួយចិនឡើយ ហើយក៏មិនចង់ផ្លាស់ប្តូរប្រព័ន្ធដឹកនាំរបស់ចិនដែរ។ 
 
សូមបញ្ជាក់ថា យុទ្ធសាស្រ្តសន្តិសុខជាតិរបស់អាម៉េរិក បានចេញផ្សាយ ស្របពេលចិនកំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការដាក់សម្ពាធផ្នែកយោធាលើតៃវ៉ាន់យ៉ាងខ្លាំង៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com