ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យនគរបាលជាតិ ផ្តល់ចម្លើយលើការចោទសួរថា ហេតុអ្វីចាប់ជនដៃដល់ដែលវាយអ្នកប្រឆាំងមិនដែលបាន?
14, Oct 2022 , 5:59 pm        
រូបភាព
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិ ថ្លែងក្នុងសន្និសីទនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនគរបាលជាតិ ថ្លែងក្នុងសន្និសីទនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លើកហេតុផលធំៗចំនួន២ ជូនទៅអ្នកកាសែតពីវីអូឌី ដែលចោទសួរថា ហេតុអ្វីរាល់ជនល្មើស ដែលលួចវាយឆ្មក់ ឬប្រើហិង្សាលើសកម្មជនខាងគណបក្សប្រឆាំង សមត្ថកិច្ច មិនដែលចាប់បាន បើទោះជាករណីខ្លះ មានវីដេអូ ដែលថតជាប់សកម្មភាពប្រព្រឹត្តបទល្មើសទាំងនោះក្តី?



ហេតុផលទី១ គឺសមត្ថកិច្ច មិនមានព័ត៌មានគ្រប់គ្រាន់។ ហេតុផលទី២ គឺជនល្មើស រត់គេចខ្លួន ហើយអ្នកខ្លះ រត់ទៅក្រៅប្រទេសក៏មាន ដោយមិននៅសម្ងំក្នុងផ្ទះ ឲ្យសមត្ថកិច្ចទៅចាប់ឡើយ។ នេះជាហេតុទាំង២របស់លោក ឆាយ គឹមខឿន ហើយលោក ចាត់ទុកសំណួរនេះ ថាល្អខ្លាំងណាស់ ព្រោះលោក អាចបកស្រាយឲ្យអស់ ដើម្បីកុំឲ្យនៅមានភាពសៅហ្មងជុំវិញរឿងនេះតទៅទៀត។  
 
ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងមហាផ្ទៃ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ អ្នកនាំពាក្យនគរបាលជាតិរូបនេះ បរិយាយដូច្នេះថា៖«រឿងនេះ បញ្ជាក់ជូនអ៊ីចឹង ដោយសារខ្វះព័ត៌មាន។ ពេលខ្លះ គាត់ អត់ផ្តល់ព័ត៌មានដល់នគរបាលឲ្យច្បាស់ទេ ​គាត់ថា មិនទុកចិត្ត [នគរបាល] ...តែទុកចិត្ត អាស៊ីសេរី វីអូអេ វីអូឌី។ បើអាស៊ីសេរី វីអូអេ វីអូឌី ជានគរបាលយុត្តិធម៌ គាត់ទៅប្តឹងចុះ»។ 
 
លោកអគ្គស្នងការរងនគរបាលជាតិ ពន្យល់ថា ការស្រាវជ្រាវណាមួយ គឺត្រូវទាមទារឲ្យមានភស្តុតាង និងព័ត៌មានច្បាស់លាស់ ដើម្បីអាចកំណត់អត្តសញ្ញាណជនល្មើស និងប្រភេទនៃបទល្មើស។ យ៉ាងណា លោក អះអាងថា ចំពោះបញ្ហាខាងលើ មិនមែនសមត្ថកិច្ច មិនស្រាវជ្រាវនោះទេ ហើយបច្ចុប្បន្ន សមត្ថកិច្ច នៅតែបន្តស្រាវជ្រាវរកជនល្មើស។ លោក ថែមទាំងជំរុញឲ្យភាគីជនរងគ្រោះ ឬភាគីពាក់ព័ន្ធដាក់បណ្តឹងទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ រង់ចាំទទួលគ្រប់ពេល។  
 
ជាមួយគ្នានេះ លោក សម្តែងការងឿងឆ្ងល់ទៅវិញថា ជួនកាល អ្នកដែលត្រូវគេវាយប្រហារ មិនព្រមរាយការណ៍ និងមិនព្រមប្តឹងទៅនគរបាល តែបែរជារត់ទៅក្រៅប្រទេសដែរ។ លោក ប្រើពាក្យបែបនេះថា៖«សូមទោស មិនមែនផ្ចាញ់ផ្ចាលទេ យើង បញ្ជាក់ឲ្យឃើញសខ្មៅដូចគ្នា»។ 
 
សូមបញ្ជាក់ថា កន្លងមក គេ ពិតជាធ្លាប់ឃើញមានអំពើហិង្សាទៅលើសកម្មជនប្រឆាំង ឬអ្នកដែលមាននិន្នាការប្រឆាំងនៅក្នុងស្រុក។ ពេលខ្លះ គេ ឃើញករណីហិង្សានេះ តាមរយៈកាមេរ៉ាសុវត្ថិភាព ដែលត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម។ អង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងភាគីប្រឆាំង តែងទទូចឲ្យអាជ្ញាធរកម្ពុជា ចាប់ជនដៃដល់ឲ្យបាន ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ ជួនកាល ពួកគេ ចាត់ទុកការលួចវាយឆ្មក់លើអ្នកប្រឆាំងបែបនេះ ថាជាការគំរាមកំហែង និងជាការបំបាក់ស្មារតីរបស់អ្នកប្រឆាំង៕ 
 

Tag:
 ហិង្សាលើអ្នកប្រឆាំង
  ឆាយ គឹមខឿន
© រក្សាសិទ្ធិដោយ thmeythmey.com