ជាតិ
សង្គមជាតិ
យូនីសេហ្វ៖ ការបង្ហោះរូប ឬវីដេអូពីគ្រោះអកុសលនៅកោះចំរើន បង្កផលអវិជ្ជមាន​លើកុមារ និងគ្រួសាររងគ្រោះ
15, Oct 2022 , 12:15 pm        
រូបភាព
 យូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា កាលពីថ្ងៃទី​១៤ ខែតុលា បានអំពាវនាវដល់សាធារណជន អ្នកប្រើប្រាស់បណ្ដាញសង្គមកុំបង្ហោះ ចែករំលែក ឬផ្ញើ​រូបភាព និង​វីដេអូ ដែល​បង្ហាញពី​ហេតុការដ៏អុកសល​នៃឧបទ្ទវហេតុ​លិច​ទូកដទទឹង​ នៅភូមិ​កោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល។

 
«មេត្តាកុំបន្តចែករំលែក ឬផ្ញើរូបភាព ឬវីដេអូ​ ដែលបង្ហាញហេតុការដ៏អកុសលនេះលើបណ្តាញសង្គម ពីព្រោះទង្វើនេះ នឹងបង្កផលប៉ះពាល់អវិជ្ជមានទៅលើកុមារ គ្រួសារជនរងគ្រោះ និងមនុស្ស​ជាទីស្រឡាញ់របស់ពួកគេ»។​ ​នេះជាការអំពាវនាវ​របស់​អង្គការយូនីសេហ្វ​ប្រចាំកម្ពុជា ក្នុង​សារ​រំលែកទុក្ខ​ចំពោះ​ការបាត់បង់ជីវិត​កុមារ​ដែលជាសិស្ស​សាលា។
 
គ្រោះថ្នាក់ដ៍រន្ធត់នេះ បាន​កើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ដោយបានសម្លាប់ជីវិតកុមារដែលជាសិស្សសាលាសរុប១១នាក់ក្នុងចំណោមមនុស្ស១៥នាក់ដែលនៅលើទូក។ កុមារ៤រូបទៀត បានរួចផុតពីសេចក្តីស្លាប់។ សាកសពកុមារាឈ្មោះ មាស សុវណ្ណារាជ អាយុ១៤ឆ្នាំ ត្រូវបានរកឃើញ នាព្រឹកថ្ងៃទី១៥ ខែតុលានេះ ដែលជាសាកសពចុងក្រោយ។
 
ការ​បង្ហោះរូប​ភាព​កុមាររងគ្រោះ ជាពិសេស​សាកសព​ដោយមិនមាន​ការបិទបាំង គឺជាការរំលោភបំពាន​មួយ​ទៅលើ​ជន​រងគ្រោះ និងក្រុមគ្រួសារជន​រងគ្រោះ ខណៈមួយចំនួន​នៅ​តែ​ប្រព្រឹត្ត​ទង្វើ​ខ្វះពិចារណា​បែបនេះ ដើម្បី​ទទួលបាន​ការ​ Like ការ Share ពីគណនី ឬទំព័រ​ហ្វេសប៊ុក​របស់ខ្លួន។
 
 បន្ថែមពី​លើនេះ បុគ្គលមួយចំនួន ព្យាយាម​រំខាន​ក្រុមគ្រួសារ ជាពិសេសឪពុកម្តាយ​កុមារ​រងគ្រោះ ដូចជាការ​សម្ភាស​សាកសួរមតិយោបល់ និងអារម្មណ៍ផ្សេងៗ ខណៈពួក​គាត់​ត្រូវ​ការ​ស្ងប់អារម្មណ៍៕
 

Tag:
 យូនីសេហ្វ
 កោះចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com