កីឡាជាតិ
ជាតិ
បឹងកេតទទួលគិរីវង់ មុនណាហ្គាស្វាគមន៍ក្រោន, ទ័ពប៉ះវិសាខា និងព្រះខ័នរាជជួបថាយហ្គឺរ
15, Oct 2022 , 2:19 pm        
រូបភាព
ជំនួបកន្លងមករវាងណាហ្គាវើលដ៍ (លឿង) និងភ្នំពេញក្រោន។ រូបថត CPL
ជំនួបកន្លងមករវាងណាហ្គាវើលដ៍ (លឿង) និងភ្នំពេញក្រោន។ រូបថត CPL
ដោយ: រួបរួម
ឈានដល់សប្តាហ៍ទី២០ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ នាថ្ងៃសៅរ៍នេះ បឹងកេត ណាហ្គាវើលដ៍ កងយោធពលខេមរភូមិន្ទ និងព្រះខ័នរាជស្វាយរៀង សុទ្ធតែជាម្ចាស់ផ្ទះ ដែលត្រៀមស្វាគមន៍ គិរីវង់សុខសែនជ័យ ភ្នំពេញក្រោន វិសាខា និងអង្គរថាយហ្គឺរ រៀងៗខ្លួន។

 
នៅម៉ោង៣ និង ៤៥នាទី កីឡដ្ឋានខេមបូឌៀអ៊ែរវេរបស់បឹងកេត ទទួលគិរីវង់សុខសែនជ័យ។ នាជំនួប២លើកកន្លងមក ម្ចាស់ផ្ទះបឹងកេតដែលបច្ចុប្បន្នស្ថិតនៅលេខ៣លើតារាង បានយកឈ្នះទាំងពីរលើកលើក្រុមបាតគិរីវង់ ក្នុងលទ្ធផល ៦-០ និង៤-០។
 
ជំនួប៣គូទៀត សុទ្ធតែប្រព្រឹត្តទៅនាវេលាម៉ោង៦ និង៣០នាទីយប់ ដោយណាហ្គាវើលដ៍ ប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺរបស់ខ្លួនជាលើកទី២ ជាមួយក្រុមភ្ញៀវភ្នំពេញក្រោន។ ក្រុមទាំងពីរស្មើគ្នា ០-០ នៅជើងទីមួយ ហើយភ្នំពេញក្រោនឈ្នះ ៤-១ នៅជើងទីពីរ។ ពួកគេក៏ទើបជួបគ្នានៅក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ ដោយភ្នំពេញក្រោនឈ្នះដោយការសម្រេចប៉េណាល់ទី ក្រោយលទ្ធផលទាំងពីរជើងគ្មានការស៊ុតបាល់បញ្ចូលទី។ បច្ចុប្បន្ន ភ្នំពេញក្រោនឈរលេងរៀងទី៤ និងណាហ្គាវើលដ៍នៅទី៥។
 
នៅស្តាតចាស់ឯណោះវិញ ក្រុមលេខ៧ កងយោធពលខេមរភូមិន្ទ ឬ Tiffy Army ទទួលក្រុមលេខ២ វិសាខា។ ជើងទីមួយ វិសាខាឈ្នះ ៣-០ ហើយកងយោធពលខេមរភូមិន្ទ សងសឹក ១-០ វិញនៅជើងទីពីរ។  សម្រាប់ជំនួបថ្មីៗ ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន វិញ វិសាខា បានឈ្នះទាំងពីរជើងក្នុងលទ្ធផល ៣-១ និង ៣-០។
 
ស្របពេលជាមួយគ្នា ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បើកកីឡដ្ឋានស្វាគមន៍ភ្ញៀវពីសៀមរាប គឺអង្គរថាយហ្គឺរ ដែលឈរនៅលេខរៀងទី៦។ ក្នុងជំនួបពីរលើកកន្លងមក ព្រះខ័នរាជស្វាយរៀង ឈ្នះទាំងពីរជើង ជាមួយនឹងលទ្ធផល ៤-១ និង ៤-០៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com