ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​រាល់ថ្ងៃនេះ អ្នក​ញ៉ាំ​ទឹក បាន​គ្រប់គ្រាន់​ឬ​នៅ​?
28, Oct 2022 , 11:29 pm        
រូបភាព
រាងកាយ​របស់​មនុស្ស​យើង​ម្នាក់ៗ នឹង​បាត់បង់​ជាតិ​ទឹក តាមរយៈ​ការ​បែក​ញើស និង​ទឹកនោម​រាល់ថ្ងៃ ហេតុដូច្នេះ​ហើយ ទើប​តម្រូវ​ឲ្យ​អ្នក បន្ត​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​ឡើងវិញ ដើម្បី​ជំនួស​នូវ​ជាតិ​ទឹក​ដែល​បាន​បាត់បង់​។

 
​ចំពោះ​ភេសជ្ជៈ​ផ្សេងៗ​ដូចជា ភេសជ្ជៈ​មាន​ជាតិ​ហ្គាស កាហ្វេ និង​ទឹក​ផ្លែឈើ មិនគួរណា​ជា​តម្រូវការ​របស់​អ្នក ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ទេ​។ កាហ្វេ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន​ណាស់ ហើយ​ក៏​ដើរ​តួនាទី​ជា​សារធាតុ​បញ្ចុះ​ទឹកនោម ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹកដែរ​។ ទឹក​ផ្លែឈើ និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម សុទ្ធតែ​ជា​ប្រភេទ​ដ៏​សំខាន់​នៃ​ជាតិ​ស្ករ​ប្រភេទ Fructose តែ​វា​គ្រាន់តែ​ជួយ​ធ្វើឲ្យ សុខភាព​អ្នក​ទ្រុត​ទ្រោម​ប៉ុណ្ណោះ​។
 
​ប៉ុន្តែ ការ​ញ៉ាំ​ទឹក​ក្នុង​ទម្រង់​មួយ​សុទ្ធ​ធម្មតា គឺជា​របស់​ដ៏​សំខាន់ ដើម្បី​បង្គ្រប់​ជាតិ​ទឹក​អ្នក​បាន​។ ប៉ុន្តែ តើ​ធ្វើ​ម៉េច​ទើប​ដឹងថា រាល់ថ្ងៃនេះ អ្នក​កំពុងតែ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​ទៅ​? តាម​ក្បួន​ដ៏​ល្អ​មួយ​និយាយ​ថា អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យបាន ៨ កែវ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​រឿង​នេះ ប្រហែលជា​មិន​គ្រប់គ្រាន់​ទេ សម្រាប់​មនុស្ស​មួយចំនួន ហើយក៏​អាច​ច្រើនពេក​ដែរ​។
 
​តម្រូវការ​ជាតិ​ទឹក​របស់​មនុស្ស​ម្នាក់ អាច​មាន​លក្ខណៈ​ខុសៗ​គ្នា ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន ដូចជា កម្រិត​នៃ​ការធ្វើ​សកម្មភាព​នានា និង​អាកាសធាតុ​ជាដើម​។ ​រាងកាយ​អ្នក​ក៏​អាច​ប្រាប់​ឲ្យ​អ្នក​ដឹងថា ពេលណា​អ្នក​ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ដោយ​ខ្លួនឯង ដោយ​ការ​ញ៉ាំ​ទឹក​ដែរ​នោះ គឺជា​ការ​ស្រេកទឹក​តែម្តង​។ សំណាង​ដែរ មាន​វិធីសាស្ត្រ​មួយចំនួន ដែល​អាច​បញ្ជាក់​ថា អ្នកត្រូវការ​ញ៉ាំ​ទឹក​បន្ថែម ឬក៏​អត់ បើសិន​ជា​អ្នក​មិន​មាន​អារម្មណ៍​ស្រេកទឹក​ផង​នោះ​។
 
​សញ្ញា​ដែល​បញ្ជាក់ថា អ្នក​ញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់​ ៖
 
​នោម​ញឹក​
​ជា​មធ្យម មនុស្ស​មាន​សុខភាព​ល្អ​ម្នាក់ ត្រូវការ​នោម​ប្រហែលជា ៧ ទៅ ៨ ដង​ក្នុង​មួយថ្ងៃ​។ បើសិន​ជា​អ្នក​មិន​នោម​សោះ ក្នុង​រយៈពេល​ច្រើន​ម៉ោង​នោះ វា​អាច​ជា​សញ្ញា​បញ្ជាក់ថា អ្នក​កំពុងតែ​ញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់​ហើយ​។
 
​ស្បែក​ស្ងួត​
​ចូរ​ចាំ​ថា ស្បែក​ដែលមាន​សុខភាព​ល្អ គឺ​ស្បែក​ដែល​មាន​សំណើម​ជាតិ​ទឹក​គ្រប់គ្រាន់​។ ស្បែក​ដែល​ស្ងួត ក៏​ជា​សញ្ញា​មួយ​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ដែរ​។ បើសិន​ជា​អ្នក​តែងតែ​ប្រើប្រាស់​ក្រែ​មលាប​មាត់ និង​ឡូ​សិន​នោះ មានន័យ​ថា អ្នក​នៅ​តែ​មាន​ស្បែក​ស្ងួត​ដដែល​ទេ ដូច្នេះ អ្នក​ពិតជា​អាច​កើត​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ហើយ​។
 
​ឈឺក្បាល​
​ការឈឺ​ក្បាល​តិចតួច ឬ​កម្រិត​មធ្យម ជាពិសេស មាន​ផ្សំ​ជាមួយ​នឹង​រោគ​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​នោះ វា​អាច​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​ហើយ ដែល​អ្នកត្រូវកា​រញ៉ាំ​ទឹក​បន្ថែម​។ បើសិន​ជា​អ្នក​កំពុងតែ​មាន បញ្ហា​ឈឺក្បាល​តិចៗ​ជាប់​នោះ រាងកាយ​អ្នក​ប្រហែល​ជា​កំពុងតែ ព្យាយាម​ប្រាប់​ឲ្យ​ញ៉ាំ​ទឹក​ច្រើន​បន្តិច​ហើយ​។​
 
​ស្ងួត​មាត់​
​មាត់​ដែល​ស្ងួត ប្រហែល​ជា​បញ្ជាក់​ឲ្យដឹងថា អ្នក​ខ្សោះ​ជាតិ​ទឹក​តិចតួច ដូច្នេះ អ្នក​ត្រូវ​តែ​ញ៉ាំ​ទឹក​បន្ថែម​ហើយ​។ ប៉ុន្តែ ចូរ​ចាំ​ថា ថ្នាំ​មួយចំនួន ប្រហែល​ជា​ធ្វើ​ឲ្យ​ស្ងួត​មាត់​ដែរ ដូច្នេះ វា​គ្រាន់តែ​ជា​ផល​រំខាន​មួយ​របស់​ថ្នាំ​ប៉ុណ្ណោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរតែ​ដាក់​ទឹក​មួយ​ដប​តាម​ខ្លួន គ្រប់​ពេល​ដែល​អ្នក​ចេញ​ដំណើរ​ទៅ​គ្រប់​ទីកន្លែង​។
 
​ពណ៌​ទឹកនោម​
​បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា ដោយសារតែ​ការ​ខ្សោះ​ជាតិ​ទឹក​នោះ ទឹកនោម​អ្នក​អាច​នឹង​មាន​ពណ៌​ចាស់​។ បើសិនជា​ទឹកនោម​មាន​ពណ៌​លឿងចាស់​នោះ មានន័យ​ថា អ្នក​កំពុងតែ​ខ្សោះ​ជាតិ​ទឹក​ហើយ ដូច្នេះ គួរតែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើនទៅ​។
 
ឃ្លាន
​ការ​ឃ្លាន​តិចតួច គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​បញ្ជាក់ថា អ្នក​មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​តែ​។ មុន​ពេល​ឈានដល់​ការ​ញ៉ាំ​អាហារ​សម្រន់​នោះ ចូរ​ព្យាយាម​ញ៉ាំ​ទឹក​មួយ​កែវ​សិន​ទៅ​។ បើសិនជា​ការ​ឃ្លាន​របស់​អ្នក បាត់​ទៅ​វិញ​ក្រោយពី​ញ៉ាំ​ទឹក​រួច នោះ​មានន័យ​ថា អ្នក​មិន​មែន​ឃ្លាន​ទេ គឺ​ស្រេកទឹក​។
 
វិលមុខ
​ការ​វិលមុខ គឺជា​សញ្ញា​មួយ​នៃ​ការ​ញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់​។ រឿង​នេះ​ប្រហែលជា​ដោយសារ​តែ​ការប្រើប្រាស់​ថ្នាំ​ដែរ ប៉ុន្តែ បើសិនជា​វា​មាន​ជាប់ទាក់ទង​នឹង សញ្ញា​ខាងលើ​ថែម​ទៀត នោះ​មានន័យ​ថា អ្នក​កំពុងតែ​ខ្សោះ​ជាតិ​ទឹក​ហើយ​។
 
​រោគសញ្ញា​របស់​អាកា​រៈខ្សោះជាតិ​ទឹក ភាគច្រើន គឺ​ស្រេកទឹក ទឹកនោម​ពណ៌​ចាស់ ស្បែក​ស្ងួត និង​អស់កម្លាំង​។ ប៉ុន្តែ មាន​រោគសញ្ញា​ដែល​គេ​មើលរំលង​ច្រើនណាស់ ដែល​អាច​បញ្ជាក់​ថា អ្នក​កំពុងតែ​មាន​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ដូចជា ៖
 
•​    ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
•​    ​ឆាប់​ចាស់​
•​    ​វង្វេងវង្វាន់ និង​ថប់​អារម្មណ៍​
•​    ​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​
•​    ​មាន​បញ្ហា​នៅ​ផ្លូវ​រំលាយ​អាហារ ដូចជា ទល់​លាមក និង​ក្រហាយ​ដើមទ្រូង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com