កីឡាអន្តរជាតិ
អន្តរជាតិ
លោក Park Hang Seo នឹងចេញពីតំណែងគ្រូជម្រើសជាតិវៀតណាម ដើមឆ្នាំ ២០២៣
18, Oct 2022 , 3:59 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នៅថ្ងៃទី១៧ ខែតុលា បានប្រកាសបញ្ចប់កិច្ចសន្យាលោក Park Hang Seo ក្នុងនាមជាគ្រូក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ក្រោយរួមរស់រយៈពេល ៥ឆ្នាំ។ គ្រូសញ្ជាតិកូរ៉េខាងត្បូងរូបនេះ នឹងចែកផ្លូវជាមួយវៀតណាមនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។ នេះបើតាមការផ្សាយរបស់កាសែត The Korean Times។


ការចែកផ្លូវនេះត្រូវបានគេមើលឃើញថា នឹងធ្វើឡើងក្រោយពេលដែលលោក Park Hang Seo ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ប្រកួតប្រជែងក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងធ្វើឡើងនាចុងឆ្នាំនេះរួចរាល់។
 
ចាប់តាំងពីចូលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិបុរសវៀតណាម និងក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ វៀតណាម ក្នុងឆ្នាំ ២០១៧ បាល់ទាត់វៀតណាមទទួលបាននូវសមិទ្ធផលដ៏ធំដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រ ហើយក៏ត្រូវបានទទួលស្គាល់យ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្របាល់ទាត់តំបន់អាស៊ីអាគ្នេយ៍។
 
ក្រោមការដឹកនាំរបស់លោក Park Hang Seo ៥ឆ្នាំ វៀតណាមជាក្រុមមកពីអាស៊ីអាគ្នេយ៍ដែលបន្តគ្រងចំណាត់ថ្នាក់ជាក្រុមកីឡាបាល់ទាត់ដែលស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់ទាំង ១០០ របស់ FIFA Ranking ផងដែរ។
 
សមិទ្ធផលធំៗក្រោមការដឹកនាំរបស់លោក Park Hang Seo រួមមានឈានជើងឡើងដល់វគ្គជម្រុះជុំចុងក្រោយនៃពានរង្វាន់ World Cup 2022 និងជាក្រុមចំណាត់ថ្នាក់ទី៨ នៃពានរង្វាន់ AFC Asian Cup 2019។ ការប្រកួត Asian Games 2018 វៀតណាមជាក្រុមចំណាត់ថ្នាក់លេខ៤ និងជាជើងឯក AFF Cup 2018 និងជាក្រុមជើងឯករង AFC U23 Asian Cup ឈានចូលឆ្នាំ ២០១៩ ក្រុមវៀតណាមអាយុក្រោម ២៣ឆ្នាំក្លាយជាក្រុមម្ចាស់មេដាយមាសស៊ីហ្គេម ឬ SEA Games 2019 និងម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ ២០២១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ៕
 
 

Tag:
 Park Hang Seo
  Vietnam
© រក្សាសិទ្ធិដោយ thmeythmey.com