ជាតិ
សង្គមជាតិ
នាយករងវិទ្យាល័យ នេត យ៉ង់៖ អ្នកណាក៏ចង់ថែរក្សាសំណង់ចាស់ដែរ តែអគារ​​ទ្រុឌទ្រោម​ខ្លាំងណាស់
18, Oct 2022 , 4:37 pm        
រូបភាព
ដោយ:
ស្ថិតនៅ​សង្កាត់ព្រែកព្រះស្តេច ក្រុង​បាត់ដំបង វិទ្យាល័យ នេត យ៉ង់ មាន​អគារ​ដ៏ទ្រុឌទ្រោម​ចំនួន​ពីរ ដែល​​ត្រូវ​បាន​វាយ​កម្ទេច​ចោល ដើម្បីយកទីតាំងសាងសង់​អគារថ្មី​សម្រាប់សិស្ស។ សារព័ត៌មាន​ថ្មីៗ ទទួលបាន​ការបញ្ជាក់បន្ថែមពីលោកនាយករង យឹង សំអុន ទាក់ទង​នឹងការ​សម្រេច​ចិត្ត​វាយ​កម្ទេច​អគារ​ចំណាស់ទាំងនេះ ហើយ​លោក​ក៏ទទួលស្គាល់​ផង​ដែរចំពោះ​ការរិះគន់មួយចំនួន។

 
បើតាមលោក យឹង សំអុន មុនពេលវាយកម្ទេចអាគារទាំងនេះ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បានមូល​មតិ​លើការ​សាង​សង់អគារថ្មី​លើ​ទី​តាំង​ចាស់ ដោយ​ទីធ្លាសាលាមាន​កំណត់។ ​លោកបានពន្យល់ថា៖ «បើទុកអគារនេះ នឹងគ្មានទីតាំងសាងសង់អាគារថ្មីនោះទេ។ មុនវាយកម្ទេច សាលាបានដាក់ឯកសារទៅខាងមន្ទីរ សាលាខេត្ត ហើយសំខាន់ជាងនោះ គឺកូនចៅម្ចាស់អាគារសុទ្ធតែបានឯកភាពផងដែរ»។
 


នាយករងវិទ្យាល័យរូបនេះ ទទួល​ស្គាល់ថាសម្រាប់សំណង់ដែលមានអាយុកាលលើសពី៥០ឆ្នាំ អ្នកណាក៏ចង់ថែរក្សាជា​សម្បតិ្តវប្បធម៌ដែរប៉ុន្តែដោយសារទីធ្លា​វិទ្យាល័យ នេត យ៉ង់ មានដែនកំណត់ ទើប​តម្រូវឲ្យមាន​ការ​សាងសង់អគារថ្មី​រឹងមាំដើម្បី​បណ្តុះបណ្តាលធនធានមនុស្ស។
 
លោក យឹង សំអុន បាន​បញ្ជាក់ថា មុននឹង​សម្រេច​វាយ​កម្ទេច​ ភាគី​ពាក់ព័ន្ធ ក៏គិត​ដល់​ការ​កែលំអអគារទាំងនោះ​ដែរ ប៉ុន្តែ​ធ្វើ​ទៅមិនរួច ដោយ​ការវាយកម្ទេចដើម្បី​សាង​សង់ថ្មី ជាជម្រើសមួយដ៏ប្រសើរ។ លោកបន្ត​ការជម្រុះអាគារនៅពេលនេះ គឺល្អប្រសើរទៅថ្ងៃខាងមុខ ព្រោះទិដ្ឋភាពអគារនៅពេលដែលវាយ គឺគ្រឿងយន្តវាយតែសសរ អាគារក៏​បាក់រលំមកទាំងអស់តែម្ដង។
 
នាយករងវិទ្យាល័យរូបនេះបន្ថែមទៀតថា ម្ចាស់អាគារដំបូងឡើយ មិនដាច់ចិត្តវាយមរតក​ដូនតាបន្សល់ទុកឱ្យនេះទេ ប៉ុន្តែពេលឃើញស្ថានភាពអគារមានសភាពទ្រុឌទ្រោម ដោយនៅជាន់ខាងលើដែកមានច្រេះកាន់ លក្ខណៈពុកផុយខ្លាំង។


 
លោក សំអុន លើកឡើងម្តងហើយ​ម្តងទៀត​ថា ៖«បើសិនជាអគារហ្នឹងនៅ មិនប៉ះពាល់កន្លែងកសាងថ្មី យើងច្បាស់​ជា​រក្សាព័ទ្ធរបងដាក់ផ្លាកសម្គាល់នៅខាងមុខ។ខ្ញុំដឹងថា សំណង់លើសពី ៥០ឆ្នាំឡើងគេត្រូវអភិរក្ស តែធ្វើមិចបើទីធ្លាសាលាមានកំណត់»។
 
អគារទាំងពីរ​ដែល​ត្រូវ​បាន​កម្ទេចនោះ មាន​អគារទី១ កសាងកាលពីឆ្នាំ២០០០ ដែល​មាន៣ជាន់ និង១៨បន្ទប់ រីឯ​អាគារទី២ កសាងកាលពីឆ្នាំ១៩៦៨ ដោយ​មានមួយជាន់ និងមាន ៨បន្ទប់។ បើតាម​លោកនាយករង បន្ទាប់ពីវាយអគារទាំង​នេះ​រួច នាយកវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធ នឹងកសាងអាគារថ្មី ​កម្ពស់៤ជាន់ និង៤៨បន្ទប់ ដែលអាចជួយសម្រួលដល់ការសិក្សារបស់សិស្សស្របតាមតម្រូវការចំបាច់ដែលកំពង់ខ្វះខាត់ថ្នាក់រៀន។
 
លោក គឹម សោភ័ណ ប្រធានមន្ទីរវិប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង បញ្ជាក់ថា ក្រោយពេលលោកបានចុះទៅពិនិត្យវិទ្យាល័យ នេតយ៉ង់ ដោយផ្ទាល់ឃើញថា អគារនោះមានសភាពទ្រុឌទ្រោមខ្លាំង ហើយខាងវិស្វករក៏បានវាយតម្លៃថា អគារមានការខូចខាតខ្លាំង មិនអាចជួសជុលបាននោះទេ។



លោក​រៀបរាប់ថា៖ «អគារទឹកលិច ប្រេះ ទ្រុឌទ្រោមខ្លាំង អ៊ីចឹងពិបាកជួសជុលបើជួសជុលគឺវាមិនជាប់ទេ ហើយបើក្មេងច្រើននៅលើហ្នឹងច្រើន ខ្លាចគ្រោះថ្នាក់»។ លោកថា អាគារខ្លះគេត្រូវអភិរក្ស តែអាគារខ្លះក៏មិនត្រូវអភិរក្សនោះដែរ។ប្រធានមន្ទីរវប្បធម៌រូបនេះ បញ្ជាក់ថា អគារដែលត្រូវអភិរក្ស គឺមើលជាបេតិកភ័ណ្ឌ ហើយមិនមានគ្រោះថ្នាក់ដល់មនុស្សទូទៅ គេនឹងអភិរក្សទុកជាសម្បត្តិជាតិ ឧទាហរណ៍ដូចជា សំណង់នៅ​វត្តសំរោងក្នុង ដែល​គេអាចជួសជុលបាន គេក៏បានជួសជុល ដើម្បីប្រើប្រាស់បន្តទៀត។
 
បើតាមប្រវត្តិដែលអ្នកស្រី កែវ ច័ន្ទបូរណ៍ អ្នក​និពន្ធខ្មែរដ៏ល្បីឈ្មោះម្នាក់បានផ្សព្វផ្សាយ នេត យ៉ង់ គឺជា​ឈ្មោះ​ស្ត្រីខ្មែរ​ម្នាក់ ដោយមាន​ស្វាមីឈ្មោះ សោ ហឺ។ លោក សោ ហឺ ជាជនជាតិ​ចិន​ដែលបានភៀស​ខ្លួន​មក​កម្ពុជា និង​បាន​សាងគ្រួសារជាមួយ​អ្នកស្រី នេត យ៉ង់។



លោក សោ ហឺ បាន​ប្រកប​​របរជាអ្នករត់រ៉ឺម៉កកង់ក្នុងទីរួម​ខេត្ត​បាត់ដំបង​ ហើយ​ក្នុង​សម័យ​សង្គ្រាម​លោក​លើកទី២ លោក​បាន​ឆ្លៀត​ឱកាស​រកស៊ីរត់​ពន្ធកំណាត់​ពីថៃចូលមក​ខ្មែរ ដែល​ធ្វើឲ្យជីវភាព​គ្រួសារលោកធូរធា។
 
តាមសំណេរ​អ្នកស្រី កែវ ច័ន្ទបូរណ៍ដដែល នៅ​ឆ្នាំ​១៩៥២ លោក សោ ហឺ ក៏បានចូលរួមក្នុងចលនាទាមទារឯករាជ្យពី​បារាំង ជាមួយនឹង​សម្តេចព្រះវររាជបិតា នរោត្តម សីហនុ ផងដែរ ហើយក្រោយបានឯករាជ្យ លោក​បាន​បំពេញការងារសប្បុរសជាច្រើន​ដើម្បី​តបគុណ​ដល់អ្នកខេត្ត​បាត់ដំបង។
 
ក្រៅពី​វិទ្យាល័យ នេត យ៉ង់  លោក សោ ហឺ បន្សល់នូវ​ស្នាដៃផ្សេងទៀត ដូចជា អនុវិទ្យាល័យសោហឺ វត្តកណ្តាល ជាដើម។ លោក សោ ហឺ ក៏​ត្រូវបានព្រះប្រមុខរដ្ឋ សម្តេចព្រះនរោត្តមសីហនុ ផ្តល់​ងារ ជា ឧកញ៉ាបំរុងរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អគារនៅក្នុងវិទ្យាល័យ នេត យ៉ង់ មានសភាពទ្រុឌទ្រោមខ្លាំង ត្រូវបានវាយកម្ចេចចោល។ រូបភាពទាំងអស់ ត្រូវបានផ្ដល់ឱ្យដោយ លោក យឹង សំអុន នាយករងវិទ្យាល័យ នេត យ៉ង់
 
 

Tag:
 អាគារវិទ្យាល័យ នេត យ៉ង់
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com