ជាតិ
ពីនេះ ពីនោះ
តំបន់មួយចំនួនបន្តធ្លាក់ភ្លៀង​ក្នុងកម្រិតតិច ៣ថ្ងៃ
19, Oct 2022 , 7:59 am        
រូបភាព
ភ្លៀងធ្លាក់កម្រិតតិចទៅមធ្យម ក្នុងស្រុកមួយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម។
ភ្លៀងធ្លាក់កម្រិតតិចទៅមធ្យម ក្នុងស្រុកមួយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម។
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា កម្ពុជានឹងបន្តរងឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះនេសាទ (NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន នឹងថមថយឥទ្ធិពល នៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោម​ នៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ ខែតុលា។ 



យោងតាមការព្យាករស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ខាងលើនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប ស្ទើរតែគ្មានភ្លៀងធ្លាក់ ឬភ្លៀងធ្លាក់តិចតួច។ ឯតំបន់មាត់សមុទ្រអាចនឹងមានកម្រិតភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម។ 
 
តាមការព្យាករដដែល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា បណ្ដារាជធានី-ខេត្ត នៅតំបន់ទំនាបកណ្ដាល នៅភាគខាងក្រោម និងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ រីឯតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈតំបន់មាត់សមុទ្រអាចនឹងមានកម្រិតភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម៕ 
 
 
 

Tag:
 ThmeyThmey25
  អាកាសធាតុ ដោយ៖ ស៊ុល រ៉វី
© រក្សាសិទ្ធិដោយ thmeythmey.com