ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តកណ្ដាល នឹងសង់ស្ពាននៅភូមិកោះចំរើន ក្រោយទឹកស្រក ដើម្បីកុំឱ្យមានឧបទ្ទវហេតុទៀត
19, Oct 2022 , 10:42 am        
រូបភាព
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។ រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។ រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
ដោយ:
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅភូមិកោះចំរើន បានស្នើឱ្យអាជ្ញាធរ និងរដ្ឋាភិបាល ជួយសាងសង់ស្ពានមួយខ្សែ ដើម្បីសម្រួលការធ្វើដំណើរទៅមករបស់ពួកគេ ក្រោយមានឧបទ្ទវហេតុលិចទូកដទទឹង កាលពីសប្ដាហ៍មុន។ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា មន្ត្រីជំនាញនឹងសិក្សាគម្រោងសាងសង់ស្ពាននេះ ក្រោយពេលទឹកស្រកវិញ។



លោក​ នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា អាជ្ញាធរ បានកំណត់គោលដៅសាងសង់ស្ពាននៅភូមិកោះចំរើនរួចហើយ ដោយគម្រោងនេះ មានតាំងពីមុនកើតហេតុការណ៍លិចទូកដទទឹងទៀត។ 
 
អភិបាលរងខេត្តរូបនេះ បានប្រាប់សារព័ត៌មាន ThmeyThmey នៅរសៀលថ្ងៃទី ១៨ តុលា តាមទូរស័ព្ទយ៉ាងខ្លីបែបនេះថា៖«យើងមានផែនការមុនរឿង(ឧបទ្ទវហេតុលិចទូកដទទឹង) ហ្នឹងកើតឡើងទៀត តែហេតុការណ៍ហ្នឹងវាកើតឡើងមុន។ គម្រោងសាងសង់ស្ពានហ្នឹងមានយូហើយ គឺចាំតែទឹកស្រក គេនឹងចុះអនុវត្ត តែដោយឡែកចៃដ្យនអកុសលមានរឿងហ្នឹងកើតឡើងមុន»។
 
ជុំវិញគម្រោងសាងសង់ស្ពាននៅភូមិកោះចំរើននេះ លោក ច័ន្ទតារា មិនអាចប្រាប់បានទេថា គ្រោងចំណាយថវិកាប៉ុន្មាន ព្រោះជាផែនការរបស់ថ្នាក់ជាតិ។
 
ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដែរថា រដ្ឋបាលខេត្តកំពុងសិក្សា សាងសង់ស្ពានជូនប្រជាជននៅកោះចំរើន នាពេលខាងមុខឆាប់ៗនេះ។
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងមន្ត្រីជំនាញក្រសួងសាធារណការ​ និងដឹកជញ្ជូន ដើម្បីសុំការអត្ថាធិប្បាយបន្ថែមឡើយ។
កាលពីថ្ងៃទី១៣ តុលា មានហេតុការណ៍លិចទូកដទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបណ្ដាលឱ្យកុមារ ១១នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមមនុស្សនៅលើទូក ១៥នាក់ ។ ពួកគេមានអាយុចន្លោះពី ១១ឆ្នាំ ទៅ១៤ឆ្នាំ។
 
សាច់ញ្ញាតិរបស់ ឧត្តម មុន្នី ដែលជាក្មេងម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ  រួមទាំងប្រជាពលរដ្ឋនៅក្នុងភូមិកោះចំរើន នៅតែមានអារម្មណ៍តក់ស្លុត និងភិតភ័យនៅឡើយ ។ ប្រជាពលរដ្ឋទាំងនោះ បានមូលមតិគ្នាសំណូមពរឱ្យអាជ្ញាធរ សាងសង់ស្ពានមួយខ្សែ នៅភូមិកោះចំរើន ដើម្បីជួយសម្រួលការធ្វើដំណើររបស់ពួកគេប្រចាំថ្ងៃ។
 
ពួកគេ បានបញ្ជក់ទៀតថា កន្លងមក ធ្លាប់មានស្រ្តីម្នាក់ឈឺពោះសម្រាលកូន គឺត្រូវទៅហៅម្ចាស់ទូកទាំងយប់ ទម្រាំពួកគាត់រៀបចំខ្លួនរួច អ្នកឈឺពោះសឹងតែកើតកូននៅកណ្ដាលផ្លូវទៀត ដោយសារការពិបាកធ្វើដំណើរនេះ។ 
 
 

Tag:
 សង់ស្ពាន
  កោះចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com