ជាតិ
សង្គមជាតិ
​មូលហេតុលិចទូកដទទឹង នៅស្រុកលើកដែក!
14, Oct 2022 , 2:49 pm        
រូបភាព
ដោយ:
ឧបទ្ទវហេតុលិចទូកដទទឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ដោយសារទឹកសាចជះចូលក្នុងទូក ទើបបណ្ដាលឱ្យទូកឃេ្លងឃ្លោងហើយក្រឡាប់ ខណៈអ្នកបើកទូកមានវ័យក្មេង និងខ្វះបច្ចេកទេស។ នេះបើតាមការបញ្ជាក់របស់ លោក អាំ ធូ អធិការនគបាលស្រុកលើកដែក។



លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានឱ្យដឹងថា សិស្ស ១៣នាក់ បានចេញពីរៀនគួរនៅភូមិកំពង់ចម្លង ឃុំទន្លាប់ ស្រុកលើកដែក ហើយបានជិះទូកដឆ្លងទៅផ្ទះ ដែលស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ពួកគេមានអាយុចន្លោះពី ១១ ទៅ១៤ឆ្នាំ។ ចំពោះអ្នកបើកទូកមានអាយុ ១៥ឆ្នាំ ហើយអ្នកទាញខ្សែក្បាលទូកមានអាយុ ២៣ឆ្នាំ។ 
 
លោក ធូ ប្រាប់ថា អ្នកបើកទូកត្រូវតែមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងត្រូវមានបច្ចេកទេសក្នុងការបើកទូកឱ្យស្ទាត់ជំនាញ។ ត្រង់ចំណុចនេះ លោកអធិការបញ្ជាក់ថា លោកមិនបន្ទោសអ្នកបើកទូកនោះទេ តែហេតុការណ៍នេះ ដោយសារអ្នកបើកទូកនៅក្មេង ហើយខ្វះបច្ចេកទេសក្នុងការបញ្ជាទូក។
 
អធិការនគរបាលស្រុកលើកដែកបញ្ជាក់ពីដំណើរនៃការលិចទូកយ៉ាងដូច្នេះ«សិស្សទាំងនោះ បានទៅជិះទូកនៅខាងមុខ ហើយពេលដល់កន្លែងកើតហេតុហ្នឹង ក៏ទឹកសាចជះចូលទូក ម្ចាស់ទូកបានឱ្យក្មេងៗទៅអង្គុយក្រោយ ពេលហ្នឹងប្រហែលជាពួកគាត់ភ័យស្លន់ស្លោ ឃ្លេងឃ្លោងទូកធ្វើឱ្យទូកក្រឡាប់តែម្ដង»។ 
 
បើតាមស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ករណីនេះបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ។
 
 
សូមជម្រាបថា ហេតុការណ៍លិចទូកដទទឹងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល សរុបមានមនុស្សនៅលើទូក ១៥នាក់ ក្នុងនោះម្ចាស់ទូក ២នាក់ និងសិស្សសាលា ១៣នាក់។ ក្នុងនោះមនុស្សរស់រានមានជីវិត៤នាក់ ស្លាប់១០នាក់ និងបាត់ខ្លួន១នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com