ជាតិ
បំណែកព្រះកេសអសុរាមួយ ត្រូវបានរកឃើញនៅជិតខ្លោងទ្វារទន្លេអុំ
20, Oct 2022 , 10:59 am        
រូបភាព
ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងជីកកាយដីនៅទីតាំងអតីតតូបលក់ដូរមុខខ្លោងទ្វារទន្លេអុំ។ រូបថត៖ រ៉ុង អង្គូរែល
ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងជីកកាយដីនៅទីតាំងអតីតតូបលក់ដូរមុខខ្លោងទ្វារទន្លេអុំ។ រូបថត៖ រ៉ុង អង្គូរែល
អាជ្ញាធរជាតិអប្សរា រកឃើញបំណែកព្រះកេសអសុរាមួយ នៅមុខខ្លោងទ្វារទន្លេអុំ អំឡុងពេលចុះរៀបចំសណ្ដាប់ធ្នាប់ទីតាំងអតីតតូបលក់ដូររបស់អាជីវករនៅខាងមុខខ្លោងទ្វារទន្លេអុំ។​

 
លោក ឈូក សុម៉ាឡា ប្រធានក្រុមការងារចុះបញ្ជីវត្ថុសិល្បៈ របស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្រោយពេលអាជីវករ ផ្លាស់ប្តូរតូបលក់ដូរទៅទីតាំងចំណតថ្មី មុខភ្នំបាខែង ក្រុមការងារអប្សរា ក៏បានចុះទៅសម្អាតទីតាំងចាស់នោះ ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរឡើងវិញ ហើយក៏បានប្រទះឃើញបំណែកព្រះកេសអសុរាទាញព្រ័ត្រនេះ។


 ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងសម្អាតបំណែកព្រះកេសអសុរា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ រូបថត៖ រ៉ុង អង្គូរែល 
 
លោក ឈូក សុម៉ាឡា អះអាងដូច្នេះ៖ «ដំបូងឡើយ ក្រុមការងារ បានជីកកាយដីជម្រៅប្រមាណពី៣ ទៅ៤តឹក ក៏ប្រទះឃើញបំណែកថ្មបុរាណចំនួន៣ផ្ទាំង។ បន្ទាប់មកក្រុមការងារក៏បានយកទៅលាងសម្អាត និងផ្គុំគ្នា ក៏កើតបានទៅជាព្រះកេសអសុរាតែមួយ ដែលមានកម្ពស់៦០សង់ទីម៉ែត្រ ទទឹង៦៥សង់ម៉ែត្រ និងកម្រាស់៥៩សង់ទីម៉ែត្រ»។ 
 
ព្រះកេសអសុរាធ្វើពីថ្មភក់ ដែលគេប្រទះឃើញនេះ គឺស្ថិតក្នុងរចនាបទ្មបាយ័ន នៃរាជព្រះបាទជ័យវរ្ម័នទី៧ ដូចគ្នានឹងអសុរាទាញព្រ័ត្រ នៅតាមខ្លោងទ្វារទាំង៤ផ្សេងទៀតនៃក្រុងអង្គរធំដែរ។ បច្ចុប្បន្ន ក្រុមការងារ យកព្រះកេសអសុរានេះ ទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីលាងសម្អាត និងជួសជុលតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ។ ក្រុមការងារក៏នឹងស្វែងរកដងខ្លួនដើមនៃចម្លាក់នោះ មុននឹងយកទៅផ្គុំឡើងវិញ។
 
អ្នកភូមិនៅតំបន់នេះ​ បានបញ្ជាក់ថា កន្លែងដែលគេប្រទះឃើញព្រះកេសអសុរានេះ គឺធ្លាប់ជាការដ្ឋានជួសជុលខ្លោងទ្វារទន្លេអុំ កាលពីសម័យបារាំង។ បច្ចុប្បន្នតាមការពិនិត្យនៅទីតាំងនោះជាក់ស្តែង ឃើញថាមាននៅសេសសល់បំណែកដៃ ជើង ដងខ្លួននាគ ព្រមទាំងចម្លាក់ទេវតា និងអសុរាទាញព្រ័ត្រជាច្រើនបំណែកទៀតដែលនៅរប៉ាត់រប៉ាយពេញក្នុងបរិវេណនោះ។
 
អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើកំណាយស្រាវជ្រាវ និងការចុះបញ្ជីបំណែកចម្លាក់ក្នុងទីតាំងនោះ។ ក្រុមស្រាវជ្រាវ នឹងបន្តធ្វើដើម្បីស្វែងរកបំណែកចម្លាក់ជាច្រើនទៀត ដែលបានបាត់បង់ដើម្បីអាចមានលទ្ធភាពយកទៅដាក់ផ្គុំឡើងវិញនាពេលអនាគត៕
 

Tag:
 ព្រះកេសអសុរា
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com