ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំណុំរឿងលោកកឹមសុខា៖​ បញ្ចប់ដំណាក់កាលដេញដោល​ មេធាវីមានពេល២ខែ​ សរសេរសេចក្តីសន្និដ្ឋាន
20, Oct 2022 , 12:59 pm        
រូបភាព
លោក កឹម សុខា ចេញពីផ្ទះ ទៅចូលរួមសវនាការ កាលពីដើមឆ្នាំ២០២០។ រូបពី AFP
លោក កឹម សុខា ចេញពីផ្ទះ ទៅចូលរួមសវនាការ កាលពីដើមឆ្នាំ២០២០។ រូបពី AFP
ដោយ៖ ទេពញាណ

នៅទីបំផុត តុលាការភ្នំពេញ បានប្រកាសបិទបញ្ចប់ការសួរដេញដោលលើអង្គហេតុគ្រប់បែបយ៉ាង ដែលទាក់ទងនឹងសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ក្រោយសំណុំរឿងនេះ អូសបន្លាយជាង៥ឆ្នាំ និងបានឆ្លងកាត់ការជំនុំជម្រះអស់៦៣លើក។ ការបញ្ចប់ការសួរដេញដោលនេះ អាចចាត់ទុកជាសញ្ញាឈានទៅរកទីបញ្ចប់នៃសំណុំរឿង។



ការប្រកាសរបស់តុលាការ អំពីការបញ្ចប់ការសួរដេញដោលលើអង្គហេតុ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ធ្វើឡើងក្នុងសវនាការលើកទី៦៣ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយត្រូវបានមេធាវីរបស់លោក ប្រាប់ទៅក្រុមអ្នកាសែតនៅមុខតុលាការ។ លោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា លើកឡើងថា តុលាការ ទុកពេលជាង២ខែ ឲ្យភាគីនីមួយៗ សរសេរសារណា ឬសេចក្តីសន្និដ្ឋានការពារខ្លួន ដើម្បីដាក់ជូនតុលាការ។ 
 
លោក អះអាងថា តុលាការ នឹងបើកសវនាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក កឹម សុខា។ លោក បន្តថា ក្នុងការសរសេរសេចក្តីសន្និដ្ឋាននេះ ក្រុមមេធាវីរបស់លោក កឹម សុខា សុំពេលត្រឹម២សប្តាហ៍ប៉ុណ្ណោះ ក្រុមមេធាវីរបស់រដ្ឋាភិបាល សុំពេល២ខែ តំណាងអយ្យការ សុំពេល៣ខែ ហើយចុងក្រោយ ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចយកពេលជាង២ខែ។ 
 
លោក បង្ហាញការសោកស្តាយ ដែលតុលាការ ប្រើពេលរហូតដល់ជាង២ខែ សម្រាប់ឲ្យភាគីនីមួយៗ សរសេរសេចក្តីសន្និដ្ឋានេះ ដ្បិតលោក យល់ថា ការប្រើពេលយូរបែបនេះ គឺប៉ះពាល់ដល់ប្រយោជន៍របស់លោក កឹម សុខា ជាកូនក្តី។ លោកមេធាវីរូបនេះ ថ្លែងដូច្នេះថា៖«តាមពិត សេចក្តីសន្និដ្ឋានរបស់សហមេធាវីយើង យើង បានសរសេរចប់ចុងចប់ដើមហើយ។ ពេលវេលា២សប្តាហ៍ហ្នឹង គឺជាពេលវេលាសមរម្យបំផុត សម្រាប់គូភាគី ក្នុងការដាក់សារណា ឬសេចក្តីសន្និដ្ឋានការពាររបស់ខ្លួន»។  
 
តាមរយៈសារព័ត៌មានថ្មីៗ លោក គី តិច ប្រធានក្រុមេធាវីការពារក្តីឲ្យរដ្ឋាភិបាល ដែលជាភាគីដើមរដ្ឋប្បវេណី បកស្រាយត្រឡប់ទៅវិញថា ការកំណត់យករយៈពេល២ខែជាងបន្តិចនេះ គឺជារយៈពេលសមរម្យល្មម ដែលគូភាគី អាចសរសេរសារណា ឬសេចក្តីសន្និដ្ឋានបានល្អ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«ដំណាក់កាលធ្វើសេចក្តីសន្និដ្ឋាននេះ គឺជាដំណាក់កាលដ៏មានសារសំខាន់ និងជាគ្រឹះដែលគូភាគីត្រូវផ្ចិតផ្ចង់ លើកឡើងនូវបញ្ហាផ្សេងៗ ក្នុងអង្គហេតុ ក៏ដូចជាក្នុងអង្គច្បាប់ ដើម្បីជាមធ្យោបាយដាក់ជូន ទៅដល់ក្រុមប្រឹក្សាជំនុំជម្រះ វិនិច្ឆ័យសេចក្តីឲ្យបានត្រឹមត្រូវទៅតាមច្បាប់»។
 
ប្រធានក្រុមមេធាវីដែលការពារក្តីឲ្យរដ្ឋាភិបាលរូបនេះ ពន្យល់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជាសំណុំរឿងធំ ស្មុគស្មាញ និងពាក់ព័ន្ធដល់សន្តិសុខជាតិ ដូច្នេះគ្រប់ដំណាល់កាលនៃនីតិវិធី តែងត្រូវការពេលវេលាយូរ។ លោក បន្តថា គ្រប់ភាគី សុទ្ធតែចង់ឲ្យសវនាការនៃសំណុំរឿងនេះ ប្រព្រឹត្តទៅដោយច្បាស់លាស់ ហ្មត់ចត់ និងត្រឹមត្រូវតាមច្បាប់។
 
សូមរម្លឹកខ្លីថា លោក កឹម សុខា ត្រូវបានចោទប្រកាន់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា បទចោទនេះ ស្ថិតក្នុងចង្កោមនៃអំពើក្បត់ជាតិ៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com