ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតថ្នាក់ដឹកនាំបក្សក្រៅរដ្ឋាភិបាល១២នាក់ ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល
20, Oct 2022 , 2:49 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក ជីវ កត្តា អតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក កង គឹមហាក់ អតីតអនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ (រូបលោកទាំងពីហ្វេសប៊ុកគណបក្សខ្មែរស្រឡាញ់ជាតិ) និងលោក កែម រិទ្ធិសិត អតីតប្រធានគណបក្សខ្មែរតែមួយ (រូបពីហ្វេសប៊ុករបស់គណបក្សខ្មែរតែមួយ)។
ពីឆ្វេងដៃទៅ៖ លោក ជីវ កត្តា អតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក កង គឹមហាក់ អតីតអនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ (រូបលោកទាំងពីហ្វេសប៊ុកគណបក្សខ្មែរស្រឡាញ់ជាតិ) និងលោក កែម រិទ្ធិសិត អតីតប្រធានគណបក្សខ្មែរតែមួយ (រូបពីហ្វេសប៊ុករបស់គណបក្សខ្មែរតែមួយ)។
អតីតថ្នាក់ដឹកនាំ៩រូបនៃគណបក្សខ្មែរស្រឡាញ់ជាតិ និងអតីតថ្នាក់ដឹកនាំ៣រូបនៃគណបក្សខ្មែរតែមួយ ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល តាមរយៈព្រះរាជក្រឹត្យ២ដាច់ដោយឡែកគ្នា ដែលព្រះមហាក្សត្រ ទ្រង់ចេញកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីមានការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការទទួលបានតំណែងជាប្រឹក្សារដ្ឋាភិបាលនេះ កើតឡើងនៅក្រោយអ្នកទាំងនោះ ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។



អតីតថ្នាក់ដឹកនាំ៩រូបនៃគណបក្សខ្មែរស្រឡាញ់ជាតិ រួមមាន លោក ជីវ កត្តា លោក ខឺយ ស៊ីនឿន លោក តាន់​ ទីន លោក កង គឹមហាក់ លោក កង ម៉ារ៉ាឌី លោក សុខ សុធា លោក សុខ វិបុល លោក អាង តារ៉ា និងលោក គីន គុណ។ កាលនៅក្នុងគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា ជាប្រធាន ហើយលោក ខឺយ ស៊ីនឿន លោក តាន់​ ទីន និងលោក កង គឹមហាក់ សុទ្ធតែជាអនុប្រធន។ 
 
ក្នុងតួនាទីជាទីប្រឹក្សារដ្ឋាភិបាល ពួកគាត់ទាំង៩នាក់ មានឋានៈស្មើអនុរដ្ឋលេខាធិការ រហូតដល់ស្មើរដ្ឋមន្រ្តី។ អ្នកដែលមានឋានៈស្មើរដ្ឋមន្រ្តី គឺលោក ជីវកត្តា។ អ្នកដែលមានឋានៈស្មើរដ្ឋលេខាធិការ រួមមាន លោក ខឺយ ស៊ីនឿន លោក តាន់​ ទីន លោក កង គឹមហាក់ និង លោក កង ម៉ារ៉ាឌី។ អ្នកដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ រួមមាន លោក សុខ សុធា លោក សុខ វិបុល លោក អាង តារ៉ា និងលោក គីន គុណ។ 
 
រីឯអតីតថ្នាក់ដឹកនាំ៣នាក់នៃគណបក្សខ្មែរតែមួយ គឺ លោក កែម រិទ្ធិសិត អ្នកស្រី ឃី ម៉េងលីន និងលោក លី ប៊ុនណារ៉ា។ លោក កែម រិទ្ធិសិត គឺជាស្ថាបនិក និងជាប្រធានគណបក្សខ្មែរតែមួយ អ្នកស្រី ឃី ម៉េងលីន ជាអនុប្រធាន ហើយលោក លី ប៊ុនណារ៉ា ជាអគ្គលេខាធិការ។ ពេលត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល លោក កែម រិទ្ធិសិត មានឋានៈស្មើរដ្ឋមន្រ្តី អ្នកស្រី ឃី ម៉េងលីន មានឋានៈស្មើរដ្ឋលេខាធិការ ហើយលោក លី ប៊ុនណារ៉ា មានឋានៈស្មើអនុរដ្ឋលេខាធិការ។ 
 
ក្នុងអំឡុងពីខែកក្កដា ឆ្នាំ២០២២ លោក ជីវ កក្តា ដែលកាលនោះ នៅធ្វើជាប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សនេះចោល តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយលោកផ្ទាល់។ ក្នុងសេចក្តីប្រកាសព័ត៌មាន លោក ជីវ កក្តា លើកឡើងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំប្រទេសបានត្រឹមត្រូវហើយ ដែលនាំឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ដូច្នេះ ក្រុមលោក ពុំមានហេតុផលអ្វី ដែលត្រូវនៅធ្វើជាអ្នកប្រឆាំងទៀតឡើយ។ ក្រោមហេតុផលនេះ លោក បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ទៅចូលរួមជាមួយគណបក្សកាន់អំណាច។ 
 
យ៉ាងណា សេចក្តីប្រកាសព័ត៌មាន១សន្លឹករបស់លោក ជីវ កក្តា ហាក់ពុំបានរំលាយគណបក្សនេះបានជាស្ថាពរឡើយ ហើយការរំលាយតាមរយៈសេចក្តីប្រកាសព័ត៌មានបែបនេះ ក៏ហាក់ដូចជាពុំមានលក្ខណៈផ្លូវការដែរ ដ្បិតច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា ការរំលាយគណបក្ស ត្រូវធ្វើឡើងតាមរយៈមហាសន្និបាតរបស់គណបក្សនោះ។ កាលនោះ គេ ពុំបានឃើញគណបក្សខ្មែរស្រឡាញ់ជាតិ ធ្វើមហាសន្និបាតស្តីពីការរំលាយខ្លួនឡើយ។ បច្ចុប្បន្ន គណបក្សខ្មែរស្រឡាញ់ជាតិ នៅតែដំណើរការជាធម្មតា ហើយអ្នកដែលចេញមុខដឹកនាំគណបក្សនេះបន្ត គឺលោក សៀវ វិសុទ្ធ ក្នុងឋានៈជាប្រធានស្តីទី។  
 
មុនត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល អតីតថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានតែងតាំងម្តងរួចមកហើយ គឺត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីខែសីហា ឆ្នាំ២០២២។ ថ្នាក់អតីតដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងប្រៃសណីយ៍នាពេលនោះ គេ ឃើញមាន៦រូប គឺ លោក កង គឹមហាក់ លោក ខឺយ ស៊ីនឿន លោក តាន់​ ទីន លោក សុខ សុធា លោក សុខ វិបុល និងលោក អាង តារ៉ា។ 
 
អត្ថបទទាក់ទង
 
ចំពោះលោក កែម រិទ្ធិសិត អ្នកស្រី ឃី ម៉េងលីន និង លោក លី ប៊ុនណារ៉ា ដែលជាអតីតថ្នាក់ដឹកនាំគណបក្សខ្មែរតែមួយ បានសរសេរលិខិតរួមគ្នា ជូនទៅសម្តេច ហ៊ុន សែន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លិខិតរបស់ពួកគាត់ ធ្វើឡើងនៅខែតុលា ឆ្នាំ២០២២នេះឯង៕ 
 
 

Tag:
 បក្សខ្មែរស្រឡាញ់ជាតិ
  បក្សខ្មែរតែមួយ
  ទីប្រឹក្សារដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com