កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយបង្ហាញឥរិយាបថមិនល្អ Man Utd ដកឈ្មោះ Ronaldo ក្នុងជំនួប Chelsea សប្តាហ៍នេះ
21, Oct 2022 , 12:29 pm        
រូបភាព
រូបភាព៖ The Times
រូបភាព៖ The Times
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនមានវត្តមានធ្វើដំណើរជាមួយក្រុម Manchester United ប្រកួតជាមួយ Chelsea នៅ Stamford Bridge សម្រាប់ជំនួប Premier Laguue សប្តាហ៍នេះឡើយ។ នេះបើតាមការប្រកាសរបស់ក្លិបបិសាចក្រហមនៅថ្ងៃទី២០ ខែតុលា។



អំឡុងការប្រកួតទល់ក្រុម Tottenham Hotspur ក្នុងទឹកដី Old Trafford កាលពីថ្ងៃទី១៩ ខែតុលា​ ដែល Man United បានយកឈ្នះក្នុងលទ្ធផល ២-០ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ មិនត្រូវបានគ្រូបង្វឹកផ្លាស់ប្តូររូបគេឱ្យចូលលេងឡើយ។ នៅនាទី ៨៩នៃការប្រកួតដែលហៀបនឹងបញ្ចប់ Ronaldo បានបង្ហាញអាកប្បកិរិយាមិនសប្បាយចិត្ត ហើយបានដើរចេញពីទីលានមុនបញ្ចប់ការប្រកួត។ 
 
ចំណែកក្រោយពីការប្រកួតបានបញ្ចប់ទៅអ្នកចាត់ការសញ្ជាតិហូឡង់ លោក Erik ten Hag មិនបាននិយាយអ្វីខ្លាំងទាក់ទងនឹងរឿងដែល Ronaldo ចាកចេញពីក្រុមមុនការប្រកួតបញ្ចប់នោះទេ។ អ្នកចាត់ការវ័យ ៥២ឆ្នាំ បានត្រឹមតែនិយាយពីបញ្ហា Ronaldo អំឡុងកិច្ចសម្ភាស៍ជាមួយទូរទស្សន៍ Sky Sports ក្នុងកីឡដ្ឋានក្រោយប្រកួតតិចតួចប៉ុណ្ណោះ ។
 
«ខ្ញុំនឹងបកស្រាយអំពីបញ្ហាវិន័យជាមួយ Ronaldo នៅថ្ងៃស្អែក ប៉ុន្តែពេលនេះយើងត្រូវការអបអរជ័យជម្នះថ្ងៃនេះសិន។ Cristiano Ronaldo នឹងមិនក្លាយជាផ្នែកនៃក្រុម Manchester United សម្រាប់ការប្រកួតដែលនឹងធ្វើឡើងនាថ្ងៃទី២១ ទល់ក្រុម Chelsea ឡើយ ហើយក្រុមកីឡាករផ្សេងទៀតត្រូវការផ្តោតអារម្មណ៍ខ្លាំងសម្រាប់ការប្រកួតបន្ទាប់។»។ លោក Ten Hag បាននិយាយក្នុងកិច្ចសម្ភាស៍ជាមួយទូរទស្សន៍ Sky Sports បែបនេះ។
 
​​​អាកប្បកិរិយា Ronaldo ពេលជួប Spur រងការរិះគន់ខ្លាំងពីសំណាក់អតីតកីឡាករ Manchester United Peter Schmeichel។ អតីតអ្នកចាំទីរូបនេះ និយាយថាខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ កំពុងក្លាយជាមនុស្សរំខាននៅក្នុងទឹកដី Old Trafford។
 
កាលពីរដូវកាលមុនក្រោយវិលត្រលប់មកបិសាចក្រហមជាថ្មី Ronaldo រកបាន២៤គ្រាប់ឱ្យ Man United រាល់គ្រប់ការប្រកួត ដែលជាការផ្ទេរមកពីក្រុម Juventus។ ឆ្លងកាត់ ១០ប្រកួតនៃ Premier league ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ទើបតែបង្ហាញខ្លួន ២ប្រកួតប៉ុណ្ណោះនៃ Premier League។
 
​បច្ចុប្បន្ន Man United ស្ថិតនៅចំណាត់ថ្នាក់លេខ៥ នៃ Premier League មាន ១៩ពិន្ទុ ដោយឈរពីក្រោមក្រុម Chelsea លេខ៤ ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់ ១០ប្រកួតមកនេះ៕
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com