ជាតិ
ក្រសួងទេសចរណ៍ មានថវិកា ១៥០លានដុល្លារសម្រាប់កម្ចីសម្បទាន ដល់អាជីវករទេសចរណ៍
23, Oct 2022 , 3:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលទេសចរអន្តរជាតិបានចំនួន១,២៥លាននាក់ ដោយកើនឡើង ៥៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ នេះជាការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកម្មវិធីវេទិកាធុរកិច្ចកម្ពុជា-ទីម័រខាងកើត កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

 
ក្នុងបរិបទកូវីដ-១៩ កម្ពុជាគ្មានទេសចរអន្តរជាតិចូលមកកម្សាន្តនោះទេ ដែលជាហេតុធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាត្រូវពឹងផ្អែកស្ទើរទាំងស្រុកលើទេសចរជាតិ និងទេសចរអន្តរជាតិផ្ទៃក្នុង។ រយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវអន្តេជាតិប្រមាណ២លាននាក់ និងទេសចរផ្ទៃក្នុង១០លាននាក់ កើនឡើង១១៥ភាករយ។ ជាមួយគ្នានេះ ទោះជាយ៉ាងណាចំនួននេះនៅតែទាបជាងឆ្នាំ២០១៩  មុនការរាលដាលនៃជំងឺកូវីដ ដែលនៅទាបជាងចំនួន១២ភាករយផងដែរ។


 
 លោក ថោង ខុន បានលើកឡើងដូច្នេះ៖ «ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានបម្រុងសាច់ប្រាក់ចំនួន១៥០លានដុល្លារ សម្រាប់ប្រតិបត្តិករទេសចរណ៍ដើម្បីស្នើសុំជាកម្ចីសម្បទានជាមួយនឹងការគ្រោងចាប់ផ្តើមអាជីវកម្មរបស់ពួកគេឡើងវិញ»។ 
 
យ៉ាងណាមិញ ដើម្បីអភិវឌ្ឍ និងជំរុញឱ្យមានការចាប់ផ្តើមឡើងវិញនៃវិស័យទេសចរណ៍ កម្ពុជាកំពុងតែអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍យ៉ាងសកម្មសម្រាប់ទេសចរណ៍ខេត្តសៀមរាប និងតំបន់អេកូទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យកាន់តែល្អប្រសើរទាក់ទាញទេសចរមកកម្សាន្តកាន់តែច្រើន៕  
 

Tag:
 ThmeyThmey25
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com