ជាតិ
សេដ្ឋកិច្ច
កម្ពុជា កំពុងសិក្សាលទ្ធភាពបំប្លែងការជួញដូរអចលនវត្ថុ ទៅក្នុងផ្សារភាគហ៊ុន
24, Oct 2022 , 10:00 am        
រូបភាព
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក កំពុងថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនភ្នំពេញ នាព្រឹកថ្ងៃទី២១តុលា។ រូបថត៖ អ៊ូ សុខមាន
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក កំពុងថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនភ្នំពេញ នាព្រឹកថ្ងៃទី២១តុលា។ រូបថត៖ អ៊ូ សុខមាន
និយ័តករមូលបត្រកម្ពុជា នឹងបំប្លែងការជួញដូរផលិតផលនៃវិស័យអចលនវត្ថុទៅក្នុងផ្សារភាគហ៊ុន។  ការផ្លាស់ប្តូរនូវរបៀបជួញដូរនេះ​ វានឹងអនុញ្ញាតឱ្យអចលនវត្ថុមានការជួញដូរតែងាយស្រួល​ និងសកម្មភាព រួមទាំងជួយលើកកម្ពស់ផ្សារភាគហ៊ុនកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។



បច្ចុប្បន្ន និយ័តករមូលបត្រកម្ពុជា(ន.ម.ក) កំពុងសិក្សាលទ្ធភាពរៀបចំបទបញ្ញត្តិបំពេញបន្ថែមមួយនៃការចុះបញ្ជីនូវកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន​ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ពីសាធារណជនយកទៅវិនិយោគ។  នេះជាការលើកឡើងរបស់លោក ស៊ូ សុជាតិ​​ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដោយបញ្ជាក់ថា កិច្ចការងារនេះនឹងអនុវត្តរួមគ្នាជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ជាំ ដោយទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។​
 
បើតាមលោក ស៊ូ សុជាតិ ដើម្បីប្រមូលសាច់ប្រាក់ពីទីផ្សារហ៊ុនបាន ក្រុមហ៊ុនត្រូវតែរៀបចំនូវបញ្ចប់ផលិតផលមួយដែលផ្សារភ្ជាប់នឹងអចលនទ្រព្យ (Property  Fund)។ លោក ពន្យល់ប្រាប់អ្នកសារព័ត៌មានក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនភ្នំពេញ នាថ្ងៃទី២១តុលា​ថា៖ «​ Property  Fund នេះ មិនត្រឹមតែអនុញ្ញាតឱ្យយើងប្រមូលសាច់ប្រាក់​ពីផ្សារហ៊ុនដើម្បីអភិវឌ្ឍអចលនវត្ថុនោះទេ ​ប៉ុន្តែវាក៏ជាការបើកច្រកចេញរបស់វិនិយោគិនពីកញ្ចប់មូលនិធិបានគ្រប់ពេល តាមរយៈយើងតម្រូវឱ្យយកមូលនិធិហ្នឹង ទៅចុះបញ្ជីនៅផ្សារហ៊ុន»។ 


លោក ស៊ូ សុជាតិ អគ្គនាយកនៃ ន.ម.ក (រាប់ពីឆ្វេង) លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និង លោក ហុង សុហួរ អគ្គនាយក CSX។

ការចុះបញ្ជីនូវកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុនៅផ្សារហ៊ុននេះ វិនិយោគិនដែលដាក់សាច់ប្រាក់ក្នុងកញ្ចប់ហ្នឹង​ គឺអាចលក់កញ្ចប់របស់ខ្លួននៅក្នុងផ្សារហ៊ុនតែម្តង ដើម្បីយកសាច់ប្រាក់ត្រលប់មកវិញ ឬ ក៏ចាកចេញពីផលិតផលនេះពេលណាក៏បាន ដោយមានភាពងាយស្រួល ​និង រហ័ស ជាងការដាក់ជួញដូរអចលវត្ថុនៅក្នុងទីផ្សារទូទៅ។​ លោកអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បន្តថ្លែងយ៉ាងដូច្នេះ ៖ « បច្ចុប្បន្ន​យើងកំពុងសិក្សា[លើកិច្ចការងារនេះ​] ហើយ​នឹងចាប់ដៃជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ ថា​តើយើងត្រូវបំប្លែងបែបម៉េច ពីដីឱ្យក្លាយទៅជាដីក្នុងកិច្ចសន្យាដែលអាចយកទៅលក់បាន​ ហើយអនុញ្ញាតឱ្យអចលនវត្ថុជួញដូរបានយ៉ាងងាយស្រួល ប៉ុន្តែលើកកម្ពស់នូវការជួញដូរក្នុងទីផ្សារភាគហ៊ុនយើង»។ 
អ្វីដែលនិយ័តករមូលបត្រកម្ពុជាកំពុងអនុវត្តនេះ គឺជាការធ្វើពិពិធកម្ម​ផលិតផលក្នុងវិស័យមូលបត្រកម្ពុជា ដែលអនុញ្ញាតឱ្យ​កាន់តែមានភាពសកម្មភាពនៃការជួញដូរក្នុងចង្កោមវិនិយោគិនក្នុង និង ក្រៅប្រទេស។​លោក ស៊ូ សុជាតិ រំពឹងថា ផលិតផលថ្មីដែលផ្សារភ្ជាប់គ្នារវាងវិស័យមូលបត្រ និង វិស័យអចលនទ្រព្យដែលអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាកំពុងសិក្សានេះ នឹងអាចចាប់ផ្តើមជួញដូរក្នុងផ្សារហ៊ុនបាន​នៅក្នុងឆ្នាំ២០២៣ ប្រសិន​បើបទបញ្ញត្តិបំពេញបន្ថែមចេញជារូបរាងនៅចុងឆ្នាំ២០២២ និងមានការសហការពីអាជ្ញាធរពាក់ព័ន្ធ។​ 
 
ជុំវិញនៃការសិក្សារបស់និយ័តករមូលបត្រកម្ពុជានេះ​ លោក ជូ វណ្ណៈ ដែលជាអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និង បញ្ជាំ​ (ន.អ.ប) បានបង្ហាញនូវការគាំទ្រ និង កិច្ចសហការល្អ ​ដើម្បីឱ្យការងារអនុវត្តដោយរលូននៃទំនាក់ទំនងរវាងវិស័យទាំងពីរនេះ។​ លោកបាននិយាយថា៖ «កាលណាវិស័យមូលបត្រ និងអចលនទ្រព្យផ្សារភ្ជាប់គ្នានោះ  ការប្រមូលផ្តុំសាច់ប្រាក់ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែងាយស្រួល ព្រោះការរីកចម្រើនវិស័យអចលនទ្រព្យសព្វថ្ងៃនេះ គឺយើងបានពីការប្រមូលទុនរបស់វិនិយោគិន ពីអ្នកទិញ ពីធនាគារ ប៉ុន្តែនៅថ្ងៃក្រោយប្រភពទុនហ្នឹង​  គឺយើងអាចបានពីទីផ្សារមូលបត្រ​​ ហើយយើងអាចជួញដូរផលិតផលអចលនវត្ថុ​នានា ក្នុងផ្សារមូលបត្របាន ដែរ»។
 

លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ជាំ (ន.អ.ប)។ រូបថត៖អ៊ូ សុខមាន

នៅបរទេសការវិនិយោគក្នុងផ្សារភាគហ៊ុនមានសក្កានុពលខ្ពស់ក្នុងការផ្តល់ប្រាក់ចំណេញដល់វិនិយោគិន គឺមិនចាញ់ជាងវិស័យអចលនទ្រព្យប៉ុនា្មនឡើយ ហើយពេលខ្លះវិនិយោគិនអាចទទួលបានផលចំណេញច្រើនវិស័យអចលនទ្រព្យទៅទៀត។​ ដោយឡែក នៅកម្ពុជាការវិនិយោគលើមូលបត្រនាពេលបច្ចុប្បន្ន ត្បិតមិនទាន់​មានភាពរីកចម្រើនខ្លាំងដូចប្រទេសក្នុងតំបន់ និងពិភពលោកក៏ពិតមែន ប៉ុន្តែ​ វាកំពុងបង្ហាញនូវសក្កានុពលនៃការវិវត្តពីមួយឆ្នាំទៅមួយឆ្នាំ ខណៈសកម្មភាពទិញ-លក់អចលនទ្រព្យក្នុងទីផ្សារពេលនេះ គឺមានការលូតលាស់យឺត ​ជាពិសេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ព្រោះតែរងសម្ពាធវិបត្តិកូវីដ-១៩ សង្រ្គាម​អ៊ុយក្រែន​ អតិផរណា រួមទាំងវិបត្តិអចលនទ្រព្យនៅប្រទេស​ចិន ដែលកំពុងជះឥទ្ធិពលដោយផ្ទាល់​និងប្រយោលមកលើកម្ពុជា។ បញ្ហាទាំងនេះ​ បានធ្វើឱ្យប្រភពទុនរបស់វិនិយោគិនមួយចំនួន ជាប់គាំង ឬ គប់ចោលនៅក្នុងវិស័យអចលនទ្រព្យ។ 
 
បើតាមលោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា​(CSX) ស្ថិតក្នុងបរិការណ៍នេះ​ ការបំប្លែងផលិតផលនៃវិស័យអចលនទ្រព្យទៅក្នុងផ្សារហ៊ុន គឺជាមធ្យាបាយមួយដែលងាយស្រួល និង រហ័ស សម្រាប់វិនិយោគិនជួញដូរ ឬទិញលក់។ លោកបញ្ជាក់ថា៖ «នេះជាឱកាសមួយសម្រាប់អ្នកមានលុយ ចាប់ផ្តើមពិចារណាបែកចែកដើមទុនរបស់ខ្លួនក្នុងចំណែកណាមួយពីវិស័យអចលនទ្រព្យមកវិនិយោគលើភាគហ៊ុន ដើម្បីទទួលបានផលចំណេញដែលលឿន និង មានសុវត្ថិភាពពេញលេញជាងវិស័យអចលនទ្រព្យ ដែលកំពុងនៅទ្រឹង»។
 
លោក ហុង សុហួរ មើលឃើញវិស័យមូលបត្រ និង វិស័យអចលនទ្រព្យអាចផ្សារភ្ជាប់គ្នាបានយ៉ាងល្អ តាមរយៈផលិតផលហិរញ្ញវត្ថុមួយចំនួន ដូចជា គម្រោង ឬ កញ្ចប់មូលនិធិអភិវឌ្ឍអចលនទ្រព្យ... ជាដើម។ លោកបន្តរៀបរាប់យ៉ាងដូច្នេះ៖ «អ្នកអភិវឌ្ឍអចលនទ្រព្យគម្រោងក្នុងទំហំទឹកប្រាក់ណាមួយ គឺអាចបំប្លែងគម្រោងនោះឱ្យទៅជាមូលនិធិភាគហ៊ុនបានតាមរយៈចុះបញ្ជីក្នុងផ្សារហ៊ុន ហើយលក់ចំណែកនៃហ៊ុននីមួយៗទៅឱ្យសាធារណជនទាំងអស់ ដើម្បីបានសាច់ប្រាក់សរុប​យកមកអភិវឌ្ឍគម្រោងមួយបន្តទៀត​ ដោយឥតរង់ចាំយូរឡើយ»។ 
 

លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា(CSX)  កំពុងផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន បន្ទាប់ពីពីធីបើកសម្ភោធជាផ្លូវការពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអនភ្នំពេញ នាព្រឹកថ្ងៃទី២១តុលា។  រូបថត៖ អ៊ូ សុខមាន
 
អគ្គនាយកផ្សារមូលបត្រកម្ពុជារូបនេះ បន្ថែមថា ចំពោះគម្រោងអភិវឌ្ឍនីមួយៗ ប្រសិនបើវិនិយោគិនចង់ដំណើរការដោយខ្លួនឯង គឺអាចគ្រប់គ្រងនិងដំណើរការបានដូចជាទ្រព្យរបស់ខ្លួន ដោយម្ចាស់គម្រោងអាចដាក់ជួល ឬ ដាក់លក់ ជំនួសអ្នកដែលបានទិញភាគហ៊ុនពីម្ចាស់គម្រោងតាមរយៈទីផ្សារហ៊ុន។ នេះជាអ្វីដែលផ្សារមូលបត្រកម្ពុជា និង និយ័តករមូលបត្រកម្ពុជា កំពុងគិតគូរដោយធ្វើយ៉ាងណាឱ្យផលិតផលថ្មីនេះដំណើរការ ដើម្បីឱ្យសាធារណជនកម្ពុជានៅក្នុងវិស័យមូលបត្រ និង វិស័យអចលនទ្រព្យ អាចវិនិយោគរួមគ្នាបាន។ ​ 
 
«នៅពេលដែលវិស័យទាំងពីរនេះចូលគ្នា សម្រាប់វិនិយោគិន គឺពិបាកនឹងគាំងផ្នែកហិរញ្ញវត្ថុណាស់ ពីព្រោះគម្រោងអចលនទ្រព្យនោះ កាន់កាប់ដោយម្ចាស់ភាគហ៊ុនច្រើន ហើយនៅពេលដែលវិនិយោគិនត្រូវការលុយគឺអាចដាក់លក់ក្នុងផ្សារហ៊ុន​បាន ដោយមានវិនិយោគិនជាច្រើនចាំទិញប្រចាំថ្ងៃ»។ លោក ហុង សុហួរ ថ្លែងបែបនេះមកកាន់អ្នកសារព័ត៌មាន ដោយបញ្ជាក់ថា៖ «បច្ចុប្បន្ន ការជួញដូរ​ក្នុងផ្សារហ៊ុនយើងមានទំហំទឹកប្រាក់ជាមធ្យម៦០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ អ៊ីចឹង! បើយើងលក់ភាគហ៊ុនក្នុងគម្រោងអចលនទ្រព្យត្រឹម ១ម៉ឺនដុល្លារ គឺអត់បញ្ហាទេ»។ 
 
សូមជម្រាបថា ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃនៅកម្ពុជា គឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ទំហំការជួញដូរប្រចាំថ្ងៃជាមធ្យមមាន២,៥ម៉ឺនដុល្លារក្នុងឆ្នាំ២០១៨ បានកើនដល់៦០ម៉ឺនដុល្លារក្នុងឆ្នាំ២០២២ ជាមួយគណនីជួញដូរភាគហ៊ុនមានជាង៣,៣ម៉ឺនគណនី។  អ្នកជំនាញក្នុងវិស័យនេះ បានបង្ហាញឆន្ទៈខ្ពស់ថា ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃនេះ អាចនឹងកើនដល់១០០លានដុល្លារសម្រាប់រយៈពេល៧ឆ្នាំទៀត ដោយសារតែមានការចូលរួមពីគ្រប់តួអង្គការពាក់ព័ន្ធ រួមទាំងយល់ដឹងរបស់សាធារណជនទូទៅអំពីវិស័យមូលបត្រនេះ ក៏មានកំណើនគួរឱ្យកត់សម្គាល់ ផងដែរ៕
 

Tag:
 អចលនវត្ថុ
  CSX
  មូលបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com