នាយករដ្ឋមន្រ្តីឥណ្ឌា និរិន្រ្ទា ម៉ូឌី អបអរសាទរលោក Rishi Sunak ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស។ ជាប្រទេសធ្លាប់ក្រោមអាណានិគមអង់គ្លេស មេដឹកនាំឥណ្ឌារូបនេះចាត់ទុកលោក Sunak ជាបុគ្គលពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ។
មានសែស្រឡាយមកពីឥណ្ឌា លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសទី៥៧ជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ក្រោយប្រជែងឈ្នះកៅអីប្រធានបក្សអភិរក្សនិយមថ្មី។ បើគិតតាំងពីឆ្នាំ១៨១២ លោក Sunak ជានាយករដ្ឋមន្រ្តីអង់គ្លេសក្មេងជាងគេបំផុតក្នុងវ័យ៤២ឆ្នាំ បន្ទាប់ពីលោកស្រី Liz Truss លាលែងពីតំណែងដែលកាន់បាន៧ សប្តាហ៍។
ជាអ្នកប្រតិបត្តិសាសនាហិណ្ឌូដូចប្រជាជនឥណ្ឌាភាគច្រើនដែរ លោក Sunak ត្រូវបានពលរដ្ឋឥណ្ឌាសាទរជាខ្លាំង ចំពេលកំពុងប្រារព្ធពិធីបុណ្យសាសនាហិណ្ឌូ Diwali ថ្ងៃទី២៤ ខែតុលា។ ព័ត៌មានដែលថាលោករំពឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស លេចឡើងស្ទើគ្រប់ទំព័រមុខរបស់កាសែតឥណ្ឌា។
នាយករដ្ឋមន្រ្តីឥណ្ឌា និរិន្រ្ទា ម៉ូឌី ក៏បានអបអរសាទរលោក Sunak ដែរ។ បើតាមលោក ម៉ូឌី អនាគតនាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះជាស្ពានពង្រឹងទំនាក់ទំនងរវាងប្រជាជនឥណ្ឌា និងអង់គ្លេស ខណៈប្រទេសទាំងពីរកំពុងផ្លាស់ប្តូរពីទំនាក់ទំនងបែបប្រវត្តិសាស្រ្តទៅជាដៃគូតាមបែបសម័យទំនើបវិញ។
«សូមអបអរសាទរយ៉ាងកក់ក្តៅបំផុតដល់លោក Rishi Sunak។ នៅពេលអ្នកក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស ខ្ញុំសង្ឃឹមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើបញ្ហាសកល ក៏ដូចជាអនុវត្តផែនការអនាគតឆ្នាំ២០៣០»។ នាយករដ្ឋមន្ត្រីឥណ្ឌាសរសេរសារបែបនេះលើបណ្តាញសង្គម Twitter ថ្ងៃទី២៤ ខែតុលា។
ផែនការអនាគតឆ្នាំ២០៣០រវាងឥណ្ឌា និងអង់គ្លេសត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនដោយផ្តោតលើ
កិច្ចសហការទ្វេភាគីផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម វិនិយោគដើម្បីលើកកម្ពស់ជីវភាពប្រជាជនប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ព្រមទាំងបម្រែបម្រួលអាកាសធាតុ។
បន្ថែមពីលើនេះ ប្រជាជនឥណ្ឌាមួយចំនួនលើកឡើងថា ការណ៍ដែលអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក Sunak ក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសនៅឆ្នាំនេះនឹងកាន់តែពិសេស ពីព្រោះឥណ្ឌាទើបតែប្រារព្ធខួបឯករាជ្យ៧៥ ឆ្នាំពីអាណានិគមអង់គ្លេស។
អង់គ្លេសដាក់អាណានិគមលើឥណ្ឌាប្រហែល២០០ ឆ្នាំ មុនពេលរដ្ឋអាស៊ីខាងត្បូងមួយនេះទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៧ ដែលដឹកនាំដោយ Mahatma Gandhi។ គ្រួសាររបស់លោក Sunak ធ្វើចំណាកស្រុកទៅអង់គ្លេសនៅទសវត្សរ៍ឆ្នាំ១៩៦០៕